អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជន្លង់​តាម​រទេះ​គោ

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ បាន​ត្អូញត្អែរ​ទៅ​នឹង​សកម្មភាព​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ថា​បាន​ចាប់​រទេះ​គោ​ដឹក​ជន្លង់​ម្រេច​ពួក​គាត់ ហើយ​ទារ​ប្រាក់​ក្នុង​មួយ​រទេះ​គោ ចាប់​ពី ១០០ ទៅ ១៥០​ដុល្លារ។ នាយ​រង​ការិយាល័យ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​ឱ្យ​ដឹង​ថា គាត់​បាន​ឮ​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​ថា វា​ជា​រឿង​ដែល​មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ បាន​សម្ដែង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន នៅ​ពេល​ដែល​របរ​ទទួល​ទាន​ម្តងម្កាល​របស់​ពួក​គាត់ ក្នុង​ការ​ចុះ​ទៅ​កាប់​កូន​ឈើ​ងាប់ៗ​មក​ធ្វើ​ជន្លង់​ម្រេច និង​លក់​ខ្លះ​គ្រាន់​ជួយ​គ្រួសារ​នោះ ត្រូវ​ប៉ូលិស​ចាប់​ជម្រិត​ទារ​លុយ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គាត់​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច ក្រៅ​ពី​របរ​ធ្វើ​ស្រែ​បន្តិចបន្តួច ហើយ​ទៅ​កាប់​ឈើ​យក​ធ្វើ​ជន្លង់​ម្រេច​ដែល​ក្នុង​មួយ​រទេះ​អាច​ដឹក​បាន​ប្រហែល​ម្ភៃ​ដើម ហើយ​ក្នុង​មួយ​ដើម​តម្លៃ ១​ម៉ឺន​រៀល ប៉ុន្តែ​ត្រូវ​បង់​ឱ្យ​មន្ត្រី​ប៉ូលិស​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ដែល​ចុះ​ទៅ​ពួន​ស្ទាក់​ចាំ​ចាប់​រទេះ​គោ​របស់​ពួក​គាត់ ហើយ​តម្រូវ​ឱ្យ​បង់​ប្រាក់​ដើម្បី​លោះ​យក​រទេះ និង​ឈើ​វិញ ក្នុង​រទេះ​មួយ​ពី ១០០ ទៅ ១៥០​ដុល្លារ។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ថ្មី ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ លោក ប្រុស បាន​ឱ្យ​ដឹង​ថា កន្លង​មក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​កាប់​កូន​ឈើ​មក​ធ្វើ​ជន្លង់​ម្រេច ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​របស់​ក្រុមហ៊ុន។ ដូច​នេះ បង់​ឱ្យ​កង​រក្សា​សន្តិសុខ​នោះ​ម្តង ៥​ពាន់ ឬ ១​ម៉ឺន ឬ​ជួន​កាល​មិន​ឱ្យ​តែ​ម្តង ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ ទើប​តែ​ប្រហែល​មួយ​ខែ​មក​នេះ មាន​ខាង​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ចុះ​មក​ចាប់​រទេះ​គោ​ពួក​គាត់​តែ​ម្តង ដោយ​អះអាង​ថា ព្រៃ​នោះ​ជា​ទឹក​ដី​ខេត្ត​មណ្ឌលគិរី មិន​មែន​ខេត្ត​ក្រចេះ ឡើយ។

លោក ប្រុស៖ «ហើយ​ប៉េអិម​ដែល​ឈរ​ជើង​នៅ​ហ្នឹង គេ​ថា​គេ​ហ្នឹង មេ​អ្នក​ដាក់​ឱ្យ​មក ប៉ុន្តែ​ស្រេច​តែ​ក្បាល​ចិត្ត​យក​ហ្នឹង។ រទេះ​មួយ​ត្រូវ​យក​ម្ភៃ​ម៉ឺន ម្ភៃ​ម៉ឺន អា​រទេះ​មួយ​ត្រូវ​យក ៥០​ម៉ឺន ៥០​ម៉ឺន។ គេ​ថា ប៉ុណ្ណា​ប៉ុណ្ណឹង! បើ​យើង​អត់​បង់​ឱ្យ​គេ ឱ្យ​តេ​ប្រាប់​មុន​ទេ គេ​ចាប់​អា​រទេះ​មួយ​មាន​តែ ១០០ ទៅ ១៥០​ដុល្លារ។ បើ​យើង​ប្រាប់​គេ​មុន គេ​យក​ម្ភៃ​ម៉ឺន ម៉ា​អា​រទេះ​ម្ភៃ​ម៉ឺន បាន​ម៉ាន? បើ​ជន្លង់​មួយ ១​ម៉ឺន ម៉ា​អា​រទេះ​ដាក់​បាន​ដប់​ទៅ​ដប់​ប្រាំ​ជន្លង់​អី​ហ្នឹង»

លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​នៅ​ក្នុង​ស្រុក​ចិត្របូរី ដែល​បាន​ប្រកប​មុខ​របរ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច ដើម្បី​គ្រាន់​ប្រើប្រាស់​ខ្លះ និង​គ្រាន់​លក់​ដូរ​ខ្លះ។ ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ទាំង​នោះ ជា​ជន​ជាតិ​ភាគ​តិច។ លោក​សុំ​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ចាត់​វិធាន​ការ​ចំពោះ​មន្ត្រី​ណា​ដែល​បាន​គាប​សង្កត់​ប្រជាពលរដ្ឋ។

លោក ប្រុស៖ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ទាំង​ខ្ញុំ​អី សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ដែន​ដី​ទាំងអស់ ចុះ​មក​បង្ក្រាប​ក្រុម​សមត្ថកិច្ច​ហ្នឹង វា​ដូច​សមត្ថកិច្ច​កុងត្រូល​ជជុះ។ អា​នេះ​មិន​មែន​មក​បង្ក្រាប​អី​ទេ អា​នេះ​គាត់​មក​ប្លន់​បណ្តោយ មក​នៅ​ក្នុង​ព្រៃ​ចាប់​យក​លុយ​ប្រជាពលរដ្ឋ។ ហើយ​សុំ​ឱ្យ​អាជ្ញាធរ​ដែន​ដី ចុះ​មក​ពិនិត្យ​ព្រំ​ប្រទល់​ឱ្យ​ច្បាស់​លាស់​បង! ពីព្រោះ​អី គេ​ថា​ទឹក​ដី​ហ្នឹង​ជា​ទឹក​ដី​របស់​ខេត្ត​មណ្ឌលគិរី ចុះ​ឆ្លង​ផ្លូវ​ហ្នឹង​ប្រហែល ១០​គីឡូ​ទៀត មាន​ភូមិ​បួន​ប្រាំ​ភូមិ​ជា​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ទៅ​វិញ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ សេនាធិការ​រង​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ មឿន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា លោក​ក៏​បាន​ទទួល​ដំណឹង​នេះ​មែន ប៉ុន្តែ​បាន​ធ្វើ​ការ​បដិសេធ​ថា មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បន្ត​ថា កង​កម្លាំង​របស់​លោក​ឱ្យ​ចុះ​ទៅ​ឃ្លាំ​មើល​នៅ​ក្នុង​តំបន់​នោះ ពីព្រោះ​តំបន់​នោះ​ស្ថិត​នៅ​ក្នុង​ដែន​ដី​ខេត្ត​មណ្ឌលគិរី ហើយ​ជា​តំបន់​ដែល​មាន​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​ពី​សំណាក់​ឈ្មួញ​ទៀត​ផង។

លោក អ៊ុំ មឿន៖ «ហ្នឹង​ហើយ! ខ្ញុំ​សួរ​ទៅ ឌឿន ហើយ​ពី​ណា​ទៀត ខ្ញុំ​សួរ​ក្មេងៗ​ទាំងអស់​កូន​ចៅ​របស់​ខ្ញុំ​ហ្នឹង វា​ថា​អត់​ទេ។ តែ​ថ្ងៃ​មុន​ទម្លាក់​ចោល​ពួក​អា​រទេះ​ឈើ វា​ទម្លាក់​ចោល វា​ខ្ជិល ហើយ​ចេះ​តែ​ចោទ​ខ្ញុំ​ថា​យក ១​លាន យក ១​រយ​ឯណា។ កុំ​ឱ្យ​តែ​មាន​បង​អ្ហើយ! អ៊ីចឹង​បាន​ថា អត់​មាន​ទេ អាច​យក​ត្រឹម​តែ ១​ម៉ឺន ឬ ២​ម៉ឺន ក្រែងលោ​មាន​ប៉ូលិស​ផង​អី​ផង អា​ហ្នឹង​វា​មាន​មែន»

លោក​បញ្ជាក់​ថា ទោះ​បី​យ៉ាង​ណា​ក៏ដោយ ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា​មាន​មន្ត្រី​របស់​លោក​បាន​ទារ​ប្រាក់​ជាច្រើន​ពី​ពួក​គាត់​នោះ គឺ​ជា​ការ​ល្អ​ម្យ៉ាង​សម្រាប់​លោក ក្នុង​ការ​ស៊ើប​អង្កេត ក្រែងលោ​មាន​មន្ត្រី​ណា​មួយ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដោយ​លួច​លាក់ ដែល​នាំ​ឱ្យ​ខូច​ឈ្មោះ​ស្ថាប័ន​របស់​លោក។ ដូច​នេះ លោក​ត្រូវ​ការ​ដក​ចេញ​នូវ​មន្ត្រី​ណា​ដែល​បាន​រក​ឃើញ​ថា ពិត​ជា​បាន​ប្រព្រឹត្ត​ខ្លួន​ដូច​ការ​ចោទ​ប្រកាន់​នោះ​មែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។