តំណាងម្ចាស់កំពង់ដឫស្សីចារ ឃុំថ្មគ្រែ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ មករា ថា នឹងយកតម្លៃពីអ្នកដំណើរដោយផ្អែកតាមសៀវភៅបន្ទុក។ ការសន្យារបស់តំណាងម្ចាស់កំពង់ដនេះ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្តក្រចេះ បានកោះហៅម្ចាស់កំពង់ដទាំងអស់ ចូលពិភាក្សាអំពីការយកប្រាក់ឆ្លងសាឡាង និងដាក់បទបញ្ជាឲ្យយកប្រាក់ពីអ្នកដំណើរតាមសៀវភៅបន្ទុក។
អភិបាលខេត្តក្រចេះ លោក សរ ចំរុង អះអាងថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់កំពង់ដណា ដែលនៅបន្តទារប្រាក់ពីសិស្សានុសិស្សដែលឆ្លងសាឡាង។ លោក សរ ចំរុង ជំរុញឲ្យម្ចាស់កំពង់ដទាំងអស់ អនុវត្តកាតព្វកិច្ចយកប្រាក់ឆ្លងសាឡាង និងទូកដតាមសៀវភៅបន្ទុក ដែលមានចែងក្នុងកិច្ចសន្យាជាក់លាក់។ លោកថា អាជ្ញាធរខេត្តបានចាត់ឲ្យមន្ត្រីជំនាញ បន្តតាមដានត្រួតពិនិត្យបញ្ហានេះបន្តទៀត៖ «បានឯកភាពគ្នារួចហើយ បញ្ហាសិស្សនិស្សិតគ្រូ មន្ត្រីរាជការ កាលណាបង្ហាញកាត ឬប័ណ្ណជាសិស្សមិនឲ្យយកលុយទេទូទាំងខេត្ត។ ប្រការ១៣ របស់ក្រសួងហិរញ្ញវត្ថុ គេរៀបចំឲ្យ ប៉ុន្តែយើងនៅតែត្រួតពិនិត្យខ្លាចនៅយក»។
ចំណែកអាណាព្យាបាលសិស្សនៅស្រុកព្រែកប្រសព្វ សាទរចំពោះចំណាត់ការរបស់អភិបាលខេត្ត ថាជាយន្តការមួយជួយកាត់បន្ថយការចំណាយរបស់សិស្ស ដែលជាផ្នែកមួយចូលរួមទប់ស្កាត់អត្រាបោះបង់ការសិក្សារបស់សិស្សដែរ។
កន្លងទៅ អាណាព្យាបាល និងសិស្ស ធ្លាប់បានត្អូញត្អែរពីការយកប្រាក់ពីពួកគាត់ក្នុងការធ្វើដំណើរទៅសាលារៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
