ជនជាប់ចោទចំនួន ២៣នាក់ ដែលពាក់ព័ន្ធក្នុងរឿងបង្កហិង្សានៅរោងចក្រ យ៉ាក ជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ស្នើឲ្យមេធាវីរបស់ខ្លួនធានាពួកគេឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកទាំង ២៣នាក់នោះ ដែលកងកម្លាំងចម្រុះចាប់ខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា នៅពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារ។ បច្ចុប្បន្ន ពួកគេកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទចោទមួយចំនួនដូចជា បទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថដែលបទល្មើសទាំងនេះអាចជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។
មេធាវីនៃអង្គការលីកាដូ (Licadho) អ្នកស្រី សាម សុគន្ធា ក្នុងចំណោមមេធាវីនៃអង្គការដទៃទៀត ថ្លែងថា ជនជាប់ចោទទាំងអស់បានស្នើសុំឲ្យមេធាវីជួយពួកគាត់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ អ្នកស្រីបន្តថា គាត់នឹងដាក់ពាក្យសុំនៅក្រៅឃុំទៅព្រះរាជអាជ្ញា។ ដោយឡែក លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មេធាវីបានដាក់ពាក្យសុំនៅក្រៅឃុំកាលពីថ្ងៃទី៨ ខែមករា ដោយយោងលើស្ថានភាពរបួសក្នុងពេលប៉ះទង្គិច និងមានជំងឺប្រចាំកាយ ដែលនឹងត្រូវណាត់ជួបជាមួយគ្រូពេទ្យក្រៅប្រទេសនៅពាក់កណ្ដាលខែមករា នេះ។
«សំឡេង»
វិទ្យុអាស៊ីសេរី មិនអាចសុំឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សែម សក្តិកូឡា ដើម្បីបំភ្លឺជុំវិញការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់មេធាវី លោក វន់ ពៅ បានទេ ដោយលោកស្រីមិនលើកទូរស័ព្ទនៅល្ងាចថ្ងៃទី១០ មករា។
មេធាវីនៃអង្គការចំនួន៥ បានដាក់ពាក្យការពារក្ដីអ្នកទាំង ២៣នាក់ គឺមានមេធាវីពីអង្គការលីកាដូ សមាគមអាដហុក (Adhoc) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅថា អេស៊ីល (ACILS) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ចាប់តាំងពីថ្ងៃទី៩ មករា ក្រុមគ្រួសាររបស់ជនជាប់ទាំងអស់បានជួបសួរសុខទុក្ខពួកគេជាលើកដំបូង។ ឯមេធាវីក៏បានជួបកូនក្ដីរបស់ពួកគេជាលើកដំបូងដែរ នៅថ្ងៃទី១០ មករា។ ហើយនៅថ្ងៃទី១១ មករា នឹងមានសាច់ញាតិ ៧គ្រួសារទៀតដែលមិនទាន់បានចូលជួប ក៏នឹងបន្តជួបសួរសុខទុក្ខពួកគេ។
អ្នកស្រី ហឿន សុខា ភរិយារបស់ លោក ចាន់ ពុទ្ធីសាក់ សកម្មជនដីធ្លីតំបន់បឹងកក់។ អ្នកស្រីបានចូលទៅសួរសុខទុក្ខស្វាមី ដែលត្រូវចាប់ខ្លួនក្នុងចំណោមអ្នកទាំងនោះ ថ្លែងថា អ្នកស្រីពិបាកចិត្តនៅពេលឃើញស្វាមីអ្នកស្រីមានសភាពស្លេកស្លាំង និងមានរូបរាងស្គមជាងមុន។ ប៉ុន្តែ អ្នកស្រីធូរចិត្តនៅពេលបានឃើញមុខស្វាមីដោយផ្ទាល់។
«សំឡេង»
ចំណែក លោក ផន យ៉ន ដែលមានកូនប្រុសអាយុ ១៧ឆ្នាំ ឈ្មោះ យ៉ន ជា ធ្វើការនៅរោងចក្រ អ៊ីខាង ដែលត្រូវកងកម្លាំងចាប់ខ្លួននៅផ្លូវវ៉េងស្រេង បានអំពាវនាវឲ្យដោះលែងកូនរបស់គាត់ ដោយលោកអះអាងថា កូនគាត់មិនបានប្រព្រឹត្តបទល្មើសណាមួយនោះទេ។
«សំឡេង»
ក្រៅអំពីការចាប់ខ្លួន មន្ត្រីសង្គមស៊ីវិល សកម្មជនដីធ្លី និងកម្មកររោងចក្រនៅថ្ងៃតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករនោះ បច្ចុប្បន្ននេះមេដឹកនាំសហជីពមួយចំនួន ក៏កំពុងប្រឈមទៅនឹងបណ្ដឹងពីថៅកែរោងចក្រ ពីបទញុះញង់ឲ្យកម្មករធ្វើការតវ៉ាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
