ភ្ញៀវទេសចរអន្តរជាតិជាច្រើន ចាប់អារម្មណ៍ដំណើរកម្សាន្ត តាមផ្លូវរថភ្លើងដោយជិះឧបករណ៍ម្យ៉ាងធ្វើពីរនាបឫស្សី និងមានកង់៤ធ្វើពីដែក ដែលមានទទឹងប្រមាណ ២ម៉ែតកន្លះ និងបណ្ដោយប្រមាណ ៣ម៉ែត្រ ឬហៅឡូរី (Lorry)។ ឧបករណ៍ឡូរីនេះរត់នៅលើផ្លូវរថភ្លើង នៅឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីទៅទស្សនាជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ ហើយការទៅទស្សនាបែបនេះមានចំនួនច្រើនជាងការទៅកម្សាន្តនៅតំបន់នានាក្នុងខេត្ត។ឮ
« សំឡេងឡូរី »
ដំណើរកម្សាន្តតាមផ្លូវរថភ្លើងនេះ មានរលាក់រដិបរដុបបន្តិចបន្តួចនៅពេលដែលកង់ឡូរីប៉ះចំមុខដំណផ្លូវរថភ្លើង និងមានខ្យល់បក់ត្រសៀកៗ ដោយនៅចុងរដូវវស្សាបែបនេះ អមដងផ្លូវមានវាលស្រែនិងដើមឈើតូចធំខៀវស្រស់បំព្រង ហើយមានចម្ងាយផ្លូវប្រមាណជាង១៤គីឡូម៉ែត្រ។
ចំពោះភ្ញៀវទេសចរណ៍ដែលនិយមទៅកម្សាន្តនៅទីនោះ យើងសង្កេតឃើញច្រើនជាអ្នកទេសចរណ៍អន្តរជាតិ ធ្វើដំណើរលក្ខណៈជាក្រុមមានគ្នាប្រមាណ២ទៅ៦នាក់ក្នុងមួយឡូរី បន្តបន្ទាប់គ្នារដឹក។
អ្នកបើកបរឡូរីម្នាក់ ឈ្មោះ លោក ប៉ិច ថា រស់នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងខណៈលើកឡូរីបញ្ចៀសគ្នាថា ចាប់ពីដើមខែវិច្ឆិកាមក ភ្ញៀវទេសចរណ៍ធ្វើដំណើរមកទស្សនាកើនឡើងច្រើនជាងពេលមុខៗ។ លោកបន្តថាតម្លៃដឹកភ្ញៀវទេសចរណ៍ម្នាក់ ចំនួន៥ដុល្លារអាមេរិក ចំពោះដំណើរកម្សាន្តទៅមកមួយជើង គឺចាប់ពីចំណុចរ៉ា(ស្ថានីយ) អូរដំបងទៅរ៉ាអូរស្រឡៅ នៃស្រុកសង្កែខេត្តបាត់ដំបង។ ប៉ុន្តែប្រសិនបើភ្ញៀវទេសចរណ៍ចាប់ពី៥នាក់ ឡើងទៅ តម្លៃឈ្នួលចំនួន២០ដុល្លារក្នុងមួយជើង។លោកបន្តថាចំពោះថវិកាដែលបានពីការដឹកភ្ញៀវនោះ ជារបស់រួមក្នុងសហគមន៍ ដោយគិតទៅឲ្យម្ចាស់អ្នករត់ឡូរី ម្នាក់ចំនួន៧ពាន់រៀលក្នុងមួយជើង។ លោកឲ្យដឹងទៀតថាក្នុងមួយថ្ងៃឡូរីមួយគ្រឿងអាចដឹកភ្ញៀវប្រមាណពី២ទៅ៣ជើង ដែលរកប្រាក់ចំណូលដោះស្រាយបន្ទុកគ្រួសារបានមួយកម្រិត៖«អឺគេតិចគេលើក បើថាខាងណេះលើសម្នាក់ខាងនេះលើក អ៊ីចឹង យើងជួយលើគេទៅបើស្មើគ្នាធ្វើម៉េចទៅ ? ស្មើគ្នាគេគិតមនុស្ស ខាងណាតិចខាងហ្នឹងលើក។ ១ថ្ងៃ២ជើង អ៊ីចឹងបានតែមួយម៉ឺនជាងហ្នឹង រួចថ្លៃសាំងថ្ងៃអីទេមើលទៅ ? អរួចតើថ្លៃសាំងបើយើងអត់ការងារធ្វើចេះតែធ្វើ។ ហើយថ្ងៃណេះបានភ្ញៀវប៉ុន្មាននាក់បាន៣នាក់ហ្នឹង ? ៣នាក់ហ្នឹងឯង»។
ដំណើរកម្សាន្តដោយឡូរីនេះក្នុងដំណើរទៅមកមួយជើងមានរយៈពេលប្រមាណពី៤០នាទីទៅ១ម៉ោង។ ដោយក្នុងការធ្វើដំណើរទៅទស្សនានោះ ប្រសិនឡូរីជួបគ្នាពាក់កណ្ដាលផ្លូវ ពេលនោះឡូរីម្ខាងដែលមានចំនួនអ្នកធ្វើដំណើរតិចជាង ត្រូវលើកឡូរីចុះដាក់អែបទៅម្ខាងផ្លូវរថភ្លើង។ នៅក្នុងករណីប្រសិនបើមានរថភ្លើងឆ្លងកាត់ អ្នកបើកឡូរីត្រូវឈប់ ហើយលើកដាក់អែបខាងដូចគ្នា។
អ្នករត់ឡូរីម្នាក់ទៀត ឈ្មោះ ម៉ី ជា ថ្លែងថារបររត់ឡូរីនេះ ត្បិតរកប្រាក់ចំណូលបានតិចតួចក៏ពិតមែន ប៉ុន្តែរបរនេះប្រសើរជាងការធ្វើចំណាកស្រុក ទៅស្វែងរកធ្វើការនៅក្រៅប្រទេស។ លោកបន្តថាក្រៅអំពីប្រាក់ឈ្នួលហើយ ភ្ញៀវអ្នកធ្វើដំណើរកម្សាន្តពេលត្រឡប់មកវិញ ភ្ញៀវខ្លះជួនជាប្រាក់ធីប (លុយទឹកតែ) ក្រៅគ្រាន់បានចាយវាយខ្លះដែរ៖ «បាទយើងគិតតម្លៃជើងទេ បើនិយាយទៅយើងស៊ីឈ្នួល១ថ្ងៃម្នាក់ដូចថាចប់វេនខ្ញុំទៅចំវេនគេ ខ្ញុំស៊ីឈ្នួលគេ។ បាទគេធ្វើអញ្ចឹងឯងរត់សហគមន៍គេជួយគ្នា និយាយឲ្យចំទៅអាចជួយយើងម៉ានេះទៅណាស់ កុំឲ្យដូចចេញទៅរកស៊ីនៅអីស្រុកគេអីចឹងណាស់បាទអានេះដូចថាជួយយើងមួយផ្នែកដែរ»។
អ្នកទេសចរណ៍កម្សាន្តភាគច្រើនចាប់អារម្មណ៍ និងការដំណើរទស្សនាកម្សាន្តរបស់ខ្លួន ដោយថាការជិះឡូរីនេះ ថាមធ្យោបាយធ្វើដំណើរមួយប្លែក។ បើទោះជាមានភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅទីនោះច្រើនយ៉ាងនេះក្ដី ភ្ញៀវទេសចរណ៍ភាគច្រើនពុំសូវចាយវាយក្នុងការទិញវត្ថុអនុស្សាវរីយ៍នោះទេ។ តំបន់ទេសចរណ៍តាមឡូរី នៅរ៉ាអូរស្រឡៅនោះ មានតូបលក់វត្ថុអនុស្សាវរីយ៍តូចៗ ប្រមាណ៧កន្លែង។
អ្នកលក់វត្ថុអនុស្សាវរីយនៅរ៉ាអូរស្រឡៅម្នាក់ អ្នកស្រី នាក់ សុភ័ណ ថ្លែងថាអ្នកស្រីលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ទេសចរណ៍រ៉ាអូរស្រឡៅ ប្រមាណ២ឆ្នាំមកហើយ ដោយរបរនេះពេលខ្លះដែលមានភ្ញៀវទេសចរណ៍ច្រើន រកប្រាក់ចំណូលកាក់កបគួរសមដែរ។ ទោះជាយ៉ាងនេះក្ដី អ្នកស្រីថាភ្ញៀវទេសចរណ៍ភាគច្រើនគ្រាន់តែទៅទស្សនាកម្សាន្ត សប្បាយច្រើនជាងទិញវត្ថុអនុស្សាវរីយ៍របស់អ្នកភូមិ៖ «អ៊ឺ ! មិនសូវកាក់កបប៉ុន្មានដែរ ព្រោះអីអត់ទៀងទាត់ទេ ដោយពេលខ្លះទៅ ភ្ញៀវមកទៅគាត់មកច្រើនមែនតែគាត់អត់សូវទិញ។ ថ្ងៃណាទៅអត់សូវមានភ្ញៀវហ្មងអត់ភ្ញៀវ ភ្ញៀវមកតិចពេកលក់អត់ដាច់។ ដាច់ខ្លាំងណាស់ក៏មិនលើសពី១០០ដុល្លារដែរ អាហ្នឹងលក់ដាច់ខ្លាំងហើយ។ បើថាលក់អត់ដាច់វិញមានម៉ាថ្ងៃ៥ដុល្លារក៏មាន ថ្ងៃណាអត់មានក៏មានដែរ ដល់ខែដាច់ភ្ញៀវណាស់លក់អត់ដាច់ក៏មានដែរ។ ព្រោះអីទើបតែខែនេះរាងលក់ដាច់បន្តិចបាន១ថ្ងៃ៣០អី៤០អីអ៊ីចឹងទៅ ដោយថ្ងៃៗខ្លះ២០ជាងអ៊ីចឹងទៅចា៎»។
តំបន់ទេសចរណ៍កម្សាន្តនៅទីជនបទតាមផ្លូវរថភ្លើងនេះ សព្វថ្ងៃមានឡូរីសម្រាប់បម្រើ សេវាកម្មប្រមាណ៣០គ្រឿង។ អ្នកទេសចរណ៍អាចធ្វើដំណើរទៅទស្សនា ដោយម៉ូតូឌុបឬម៉ូតូ កង់បី ដែលមានចម្ងាយពីទីរួមខេត្តបាត់ដំបងប្រមាណ៨គីឡូម៉ែត្រ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក ម៉ក់ ស៊ិនណារ៉ា មានប្រសាសន៍បញ្ជាក់ថាភ្ញៀវទេសចរណ៍ភាគច្រើន ទៅជិះឡូរីទស្សនាកម្សាន្តវាលស្រែតាមដងផ្លូវរថភ្លើង និងទស្សនាជីវិតរស់នៅពិតរបស់ប្រជាពលរដ្ឋ ច្រើនជាងការទៅទស្សនាតំបន់នានាក្នុងខេត្ត៖ «អាស៊ីក៏មានទៅអឺរ៉ុបក៏មានទៅបាទ វាចូលចិត្តអាឡូរីហ្នឹងចូលចិត្តជិះលេងហ្នឹងហ្មង។ វាបានព័ត៌មានពីហ្គាយប៊ុក (សៀវភៅមគ្គុទ្ទេសក៍ទេសចរ) ឃើញអាហ្នឹងវាទៅតែអាហ្នឹង។ ហើយអាកង់៣កង់អីវាយកទិសដៅតែអាហ្នឹងមួយ ជាទិសដៅសម្រាប់នាំភ្ញៀវទៅដែរ។ ហើយវាទៅដើរម៉ាសន្ទុះអញ្ចឹងអង្គុយលេងកន្លែងលក់វត្ថុអនុស្សាវរីយ៍ នៅហ្នឹងហើយភេសជ្ជៈអ៊ីចឹងទៅវាអង្គុយលេងទៅវាមកវិញអញ្ចឹងទៅ » ។
តំបន់កម្សាន្តសំខាន់ៗ នៅជិតទីរួមខេត្តបាត់ដំបង មានចំនួន៤កន្លែង រួមមានរមណីយដ្ឋានប្រាសាទភ្នំបាណន់ ភ្នំសំពៅ ប្រាសាទឯកភ្នំ និងដំណើរកម្សាន្តដោយឡូរីនៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងចំណោមនោះភ្ញៀវទេសចរណ៍អន្តរជាតិនិយមទៅកម្សាន្តច្រើនជាងគេ គឺការជិះឡូរីកម្សាន្តតាមផ្លូវរថភ្លើង។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបង្ហាញថា រយៈពេល៩ខែដើមឆ្នាំ២០១៤ មានភ្ញៀវទេសចរណ៍ជាតិទស្សនាខេត្តបាត់ដំបង មានចំនួនជាង ៣សែន៤ម៉ឺន២ពាន់នាក់(៣៤២ ៧០១) ចំនួននេះកើនឡើងជាង១៣ភាគរយ បើធៀបនិងរយៈដូចគ្នាកាលពីឆ្នាំ២០១៣។ ចំណែកភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួនជាង៦ម៉ឺន ៤ពាន់ ៥រយនាក់ (៦៤៥ ២៤) គឺកើនឡើងជាង៩ភាគរយ បើធៀបរយៈពេល៩ខែកាលពីឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
