អ្នក​ជំនាញ៖ តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ដោយសារ​គ្មាន​គោល​នយោបាយ​គាំទ្រ​កសិករ

អ្នក​ជំនាញ​កសិកម្ម​និយាយ​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ ស្រប​ពេល​ដែល​កសិករ​ជា​ច្រើន​បាន​អះអាង​ថា ចំណូល​របស់​គាត់​បាន​ធ្លាក់​ចុះ ដោយសារ​គ្មាន​ទីផ្សារ។ កត្តា​ដែល​ជំរុញ​ឲ្យ​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ ដោយសារ​ធាតុ​ចូល​ផលិត​កសិកម្ម​មាន​តម្លៃ​ខ្ពស់ និង​ទីផ្សារ​កសិផល​របស់​កម្ពុជា ពឹង​លើ​ប្រទេស​ជិត​ខាង ដែល​ជា​អ្នក​កំណត់​បរិមាណ​នាំ​ចូល និង​បន្ថយ​ថ្លៃ​តាម​ទំនើង​ចិត្ត។

0:00 / 0:00

នៅ​រដូវ​ប្រមូល​ផល​ដំណាំ ប្រជា​កសិករ​តែង​តែ​បារម្ភ​អំពី​ភាព​គ្មាន​ទីផ្សារ។ ភាព​មាន​ទីផ្សារ អាច​ធ្វើ​ឲ្យ​ស្បើយ​ក្នុង​ចិត្ត​ថា អ្វី​ដែល​គាត់​ផលិត​បាន អាច​ទទួល​ផល​ត្រឡប់​មក​វិញ។ ប៉ុន្តែ ភាព​មាន​ទីផ្សារ​លក់​កសិផល​នេះ មិន​ប្រាកដ​ថា​អាច​ធ្វើ​អោយ​ប្រជា​កសិករ​ចំណេញ​នោះ​ទេ។ កត្តា​នេះ ដោយសារ​តែ​មាន​ទំនិញ​ច្រើន​លើសលប់ ស្រប​ពេល​ដែល​ទីផ្សារ​មាន​តម្រូវ​ការ​តិច។

អ្នក​វិភាគ​កសិកម្ម បាន​ពន្យល់​ថា ដំណើរ​ការ​ផលិត និង​លក់​កសិផល​នៅ​កម្ពុជា មាន​ហានិភ័យ​ខ្ពស់ ដោយសារ​តែ​មិន​មាន​គោល​នយោបាយ​គាំទ្រ​ដល់​កសិករ និង​ធានា​ទីផ្សារ​កសិផល​ឡើយ។ ដើម្បី​ធានា​ឲ្យ​ប្រជា​កសិករ​មាន​ប្រាក់​ចំណូល​ប្រកប​ដោយ​ស្ថិរភាព គឺ​ទាមទារ​ឲ្យ​មាន​គោល​នយោបាយ​តម្លៃ និង​គោល​នយោបាយ​ផលិត។ ជាក់​ស្ដែង ការ​លើក​កម្ពស់​ថ្លៃ​កសិកម្ម​ឲ្យ​មាន​តម្លៃ​ខ្ពស់ គឺ​ជា​រឿង​ពិបាក ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា មិន​មាន​គោល​នយោបាយ​លើក​កម្ពស់​កសិកម្ម​គ្រប់គ្រាន់។

អ្នក​វិភាគ​កសិកម្ម និង​ជា​ប្រធាន​ស្ដីទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ទីផ្សារ​កសិផល​របស់​កម្ពុជា ពឹង​លើ​ប្រទេស​ជិត​ខាង ហើយ​ទីផ្សារ​ក្នុង​ស្រុក​វិញ មិន​អាច​ស្រូប​យក​កសិផល​ដែល​កសិករ​ផលិត​បាន​ទាំង​ស្រុង​ឡើយ ដោយសារ​មិន​មាន​ម៉ាស៊ីន​កែច្នៃ​គ្រប់គ្រាន់។ លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​កសិករ​ធ្វើ​កសិកម្ម​ចំណេញ​បាន លុះត្រា​តែ​មាន​មូលដ្ឋាន​គ្រប់គ្រង​ក្នុង​ការ​ផលិត។ ម៉្យាង​វិញ​ទៀត ព័ត៌មាន​ពី​ការ​លក់​កសិផល​ជា​កត្តា​សំខាន់ ដើម្បី​ធានា​ថា កសិផល​នោះ​ធ្វើ​ហើយ​មិន​ខាត​បង់។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ឥណទាន​ផលិត​កសិកម្ម និង​ឥណទាន​សម្រាប់​រក្សា​ទុក​កសិផល មាន​តម្លៃ​ខ្ពស់។ បន្ថែម​លើ​នេះ របាយការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា ដែល​ហៅ​កាត់​ថា ស៊ី.ឌី.អ.អាយ (CDRI) ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ប្រជា​កសិករ​ភាគ​ច្រើន​ប្រើប្រាស់​ពូជ​មិន​ត្រឹមត្រូវ ឬ​គ្មាន​គុណភាព​មាន​ប្រមាណ​តែ ២០% ប៉ុណ្ណោះ ដែល​ជា​កត្តា​សំខាន់​បន្ថយ​ទិន្នផល​ដំណាំ។ ធាតុ​ចូល​សំខាន់​ដែល​កសិករ​បាន​ប្រើប្រាស់​សម្រាប់​ការ​ដាំដុះ​នោះ គឺ​ឥណទាន​ក្រៅ​ផ្លូវ​ការ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត។ កសិករ​ភាគ​ច្រើន​ទទួល​កម្ចី​មាន​អត្រា​ការ​ប្រាក់ ៥% ក្នុង​មួយ​ខែ ពី​ស្ថាប័ន​ក្រៅ​ផ្លូវ​ការ និង​អត្រា ៣% ក្នុង​មួយ​ខែ​ពី​ស្ថាប័ន​កម្ចី​ផ្លូវ​ការ ឬ​ហៅ​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។ បញ្ហា​ទាំងអស់ បាន​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ចំពោះ​កសិករ​ដែល​មាន​ដី​តូច។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​កសិកម្ម លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​គោល​នយោបាយ​ធានា​តម្លៃ​កសិផល​វិញ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​រក្សា​ទុក​កសិផល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​កែច្នៃ។ ជាក់​ស្ដែង ប្រទេស​កម្ពុជា មិន​មាន​គោល​នយោបាយ​កសិកម្ម ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ជា​អ្នក​ផលិត​នោះ​ឡើយ។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ត​ថា ប្រជា​កសិករ​នៅ​កម្ពុជា ប្រឹងប្រែង​ផលិត​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ។ លោក​បាន​ប៉ាន់ស្មាន​ថា គោល​នយោបាយ​គាំទ្រ​ដល់​កសិករ​មាន​ប្រមាណ​តែ ២០% ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។

បញ្ហា​នេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ហាក់​ដូច​ជា​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​យន្តការ​លើក​កម្ពស់​តម្លៃ​កសិផល និង​ការ​លើក​កម្ពស់​ជីវភាព​កសិករ​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្រសួង​កំពុង​សិក្សា​អំពី​គោល​នយោបាយ​ធានា​តម្លៃ​កសិកម្ម ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​កសិករ​កម្ពុជា អាច​លក់​កសិផល​បាន​តម្លៃ​ខ្ពស់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្រាវជ្រាវ​ថ្មី​ជា​ច្រើន​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​នានា បាន​បង្ហាញ​ថា ផលិតកម្ម​កសិកម្ម​ត្រូវ​រារាំង​ដោយ​បញ្ហា​ធាតុ​ចូល​កសិកម្ម ដែល​មាន​គុណភាព​ទាប និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ ជាក់​ស្ដែង ការ​ចែក​ចាយ​ជី​ដែល​មាន​គុណភាព​ទាប ឬ​ជី​ក្លែងក្លាយ​មាន​ប្រមាណ ១០%។ ការ​ប្រើប្រាស់​ជី​ក្លែងក្លាយ ឬ​មាន​ការ​បន្លំ អាច​បន្ថយ​ទិន្នផល​ដំណាំ ដែល​មាន​តម្លៃ​ប្រមាណ ៣៥០​ដុល្លារ​អាមេរិក ក្នុង​មួយ​កសិដ្ឋាន​ក្នុង​មួយ​ឆ្នាំ ហើយ​ប៉ះ​ទង្គិច​ធ្ងន់​បំផុត​ទៅ​ជន​ក្រីក្រ​ខ្លាំង។

ឥណទាន ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ប្រេង​ឥន្ធនៈ ដែល​មាន​តម្លៃ​ខ្ពស់ រួម​ទាំង​កង្វះ​សេវា​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម បាន​ធ្វើ​ឲ្យ​ទិន្នផល​ភាគ​ច្រើន​ថយ​ចុះ និង​គ្មាន​គុណភាព ដែល​ធ្វើ​ឲ្យ​កសិករ​ទទួល​ប្រាក់​ចំណូល​តិចតួច​បំផុត។

ទោះ​ជា​យ៉ាង​ណា បើ​ប្រទេស​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​ធាតុ​ចូល​កសិកម្ម​នេះ​បាន​ជា​អតិបរមា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ប្រជា​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ឡើយ។ បញ្ហា​នេះ ដោយសារ​តែ​កសិផល​កម្ពុជា ភាគ​ច្រើន​ពឹង​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង ដែល​ជា​អ្នក​កំណត់​បរិមាណ​ទទួល​ទិញ និង​កំណត់​ថ្លៃ​តាម​ទំនើង​ចិត្ត។ ចំណុច​ខ្វះខាត​ដែល​សំខាន់​មួយ​ទៀត គឺ​ការ​ចែក​ចាយ​ព័ត៌មាន​ទីផ្សារ​មិន​ស្មើ​ភាព​គ្នា។ បញ្ហា​ទទួល​បាន​ព័ត៌មាន​មិន​ដូច​គ្នា​នេះ បាន​បង្ក​ឲ្យ​ឈ្មួញ​កណ្ដាល​ដែល​មាន​ច្រើន​ពាសពេញ​ប្រទេស​កម្ពុជា ជា​អ្នក​កំណត់​ថ្លៃ ហើយ​ទទួល​បាន​ផល​ចំណេញ​ច្រើន​លើសលប់។ អ្នក​ដែល​ខាត​បង់​ច្រើន​ជាង​គេ ក្នុង​ការ​ដោះ​ដូរ​បែប​នេះ គឺ​កសិករ​តូចតាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។