ក្រសួងអប់រំយុវជន និងកីឡា ស្នើដល់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន ផ្ដល់ឯកសារបទបង្ហាញកិច្ចការស្រាវជ្រាវ និងនិក្ខេបបទរបស់សាស្ត្រាចារ្យ និងនិស្សិត សម្រាប់ផ្សាយលើគេហទំព័ររបស់ក្រសួង។
លិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី១៦ ខែធ្នូ បញ្ជាក់ថា ការប្រមូលឯកសារស្រាវជ្រាវទាំងនោះ ដើម្បីផ្សព្វផ្សាយលើគេហទំព័រថ្មី ដែលក្រសួងទើបដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ចែកចាយឯកសារទាំងនោះជាធនធានអប់រំឲ្យកាន់តែសម្បូរបែបដល់សាធារណជនទូទៅ អាចស្វែងរកបានគ្រប់ពេល និងគ្រប់ទីកន្លែង។
គេហទំព័រថ្មីរបស់ក្រសួងអប់រំ ជាមជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក (www.krou.moeys.gov.kh) ដែលមានឯកសារសម្បូរបែបរួមមាន ឯកសារពហុមេឌៀអន្តរកម្ម វីដេអូអប់រំ កិច្ចការស្រាវជ្រាវ ដើម្បីលើកកម្ពស់ការចែករំលែកចំណេះដឹង គ្រប់កម្រិតពីថ្នាក់មត្តេយ្យ រហូតថ្នាក់ឧត្ដម និងការស្រាវជ្រាវ ដោយផ្អែកលើបច្ចេកវិទ្យាជាមូលដ្ឋាន ស្របតាមទិសដៅកំណែទម្រង់អប់រំ និងគោលនយោបាយស្ដីពីចក្ខុវិស័យឧត្ដមសិក្សា២០៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
