រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញសេចក្តីអំពាវនាវឲ្យអ្នកប្រើប្រាស់ដងផ្លូវ គោរពច្បាប់ចរាចរណ៍ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខាងមុខនេះ។
ការអំពាវនាវនេះ ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំមានភាពមមាញឹក ដោយកំណើនយានយន្ត និងតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើននាឆ្នាំកន្លងមក។
សេចក្តីអំពាវនាវនោះ គឺតម្រូវឲ្យអ្នកបើកបរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរ ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និងពាក់មួកសុវត្ថិភាព។
អ្នកបើកបរ ត្រូវបន្ថយល្បឿនតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង ដូចជាទីប្រជុំជន សាលារៀន ផ្លូវជង្ហុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត និងមិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។
ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ និងមិនដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះទេ។ នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ឬសម្រួលនូវស្ថានភាពកកស្ទះចរាចរណ៍។
ក្រសួងមហាផ្ទៃ សង្ឃឹមថា សាធារណជននឹងអនុវត្តតាមសេចក្តីណែនាំនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីរីករាយក្នុងក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
