មន្ត្រីអង្គការផ្នែកច្បាប់មួយ បានអំពាវនាវឲ្យរដ្ឋាភិបាលរកយុត្តិធម៌ដល់បុគ្គលិករបស់ខ្លួនដែលត្រូវប៉េអិមក្រុងតាខ្មៅ ខេត្តកណ្ដាល បានបាញ់សម្លាប់ដើម្បីបំបិទមាត់ ដោយសារជនរងគ្រោះដឹងរឿងមន្ត្រីប៉េអិមនោះបើកល្បែងស៊ីសងខុសច្បាប់។
ក៏ប៉ុន្តែ មន្ត្រីប៉ូលិសខេត្តអះអាងថា ភាគីទាំងពីរជាមិត្តនឹងគ្នាទេ ហើយជនរងគ្រោះដែលស្លាប់នោះ គឺដោយសាររឿងចៃដន្យរាលកៃកាំភ្លើង។
លោក អ៊ុក វ៉ាន់ដេត នាយកអង្គការប្រចាំប្រទេសកម្ពុជា នៃអង្គការស្ពានយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១៨ មេសា បានចោទឈ្មោះ ព្រៀប ប៊ុនសុង ដែលលោកថាជាមន្ត្រីប៉េអិមខេត្តកណ្ដាល នោះ ថាបានបាញ់បុគ្គលិករបស់លោកឈ្មោះ ហ៊ួន ប៊ុននិត។
លោក អ៊ុក វ៉ាន់ដេត បន្តថា នៅថ្ងៃកើតហេតុ ឈ្មោះ ព្រៀប ប៊ុនសុង បានទូរស័ព្ទហៅបុគ្គលិករបស់លោកឈ្មោះ ហ៊ួន ប៊ុននិត ទៅស៊ីផឹកនៅផ្ទះរបស់ខ្លួន កាលពីថ្ងៃទី១២ មេសា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក អ៊ុក វ៉ាន់ដេត ដែលប្រភពខ្លះអះអាងថាជាឪពុកក្មេកជនរងគ្រោះនោះ បន្តថា នៅយប់ថ្ងៃដដែល បុគ្គលិករបស់លោកបានស៊ីផឹកនៅផ្ទះជនសង្ស័យដែលបើកហាងស្នូឃើ (Snooker) ចាប់តាំងពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់ ក៏ត្រូវគ្រាប់ស្លាប់។ លោកថា នោះជាការធ្វើឃាតដោយមានគម្រោងទុកជាមុន៖ «យើងចង់ផ្ដល់ព័ត៌មានឲ្យរដ្ឋាភិបាល ដើម្បីឲ្យលោកដឹងថា បុគ្គលិកយើង ដោយសារតែធ្វើកិច្ចការសង្គមហ្នឹង ត្រូវបានគេសម្លាប់បំបិទមាត់»។
ភរិយាជនរងគ្រោះ អ្នកស្រី អ៊ុក ចិន្តា ក៏បានបញ្ជាក់ដូចលោក អ៊ុក វ៉ាន់ដេត ដែរ។ អ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកណ្ដាល ហើយ តែមិនទុកចិត្តខ្លាចរឿងនេះអយុត្តិធម៌ ព្រោះជនសង្ស័យជាមន្ត្រីប៉េអិមខេត្ត។
ប៉ូលិសឲ្យដឹងថា ជនរងគ្រោះ ហ៊ួន ប៊ុននិត អាយុ ៣៣ឆ្នាំ ត្រូវគ្រាប់ចំក ធ្លាយមកឆ្អឹងខ្នង ហើយស្លាប់ពេលជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិក (Clinic) ក្បែរនោះ។
ទាក់ទងរឿងចោទប្រកាន់នេះ លោក រឿង ណារ៉ា ស្នងការរងខេត្តកណ្ដាល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បញ្ជាក់នៅថ្ងៃទី១៨ មេសា ថា ជនសង្ស័យ និងជនរងគ្រោះ គឺជាមិត្តនឹងគ្នា។ លោកថា នៅពេលចូលឆ្នាំថ្មីនេះ ពួកគេក៏បបួលគ្នា និងមិត្តភ័ក្ដិដទៃទៀតស៊ីផឹកពេលបុណ្យចូលឆ្នាំ នៅផ្ទះជនសង្ស័យ ក៏ស្រាប់តែរឿងនេះកើតឡើង៖ «ករណីហ្នឹង មនុស្សឃាតអចេតនា វារាលកៃកាំភ្លើង។ ទាស់ពាក្យសម្ដី ផឹកស៊ីវាគងពាក្យសម្ដី ដកបង្អួតកាំភ្លើង។ កាំភ្លើងមានដកចេញពីស្រោមណា គ្រាប់កាទុះកាំភ្លើងនៅក្នុងស្រោមទៅលើកកាំភ្លើងអួតមិត្តភ័ក្ដិទៅ រាលកៃទៅ។ កាំភ្លើងខ្លី»។
លោកថា ក្រោយផ្ទុះអាវុធហើយ ជនសង្ស័យបាននាំជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកក្បែរនោះ តែជនរងគ្រោះស្លាប់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ទៅ។ លោកថា ប៉ូលិសកំពុងព្យាយាមចាប់ជនសង្ស័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
