កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹម​វ៉េ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​ខ្លាច​អគារ​បាក់​សង្កត់​លើ

0:00 / 0:00

កម្មករ​កម្មការិនី​រោងចក្រ អ៊ឹម វ៉េ (M.V) ខេត្ត​កំពង់ឆ្នាំង បារម្ភ​ខ្លាច​ប្លង់សេ ឬ​ពិតាន​របស់​អគារ​រោងចក្រ​បាក់​ធ្លាក់​សង្កត់​លើ ក្រោយ​ហេតុការណ៍​ពិតាន​នៅ​អគារ​អេ (A) និង​អគារ​អេច្ឆ (H) ផ្នែក​ស្វ័យ​ប្រវត្តិ​នៃ​រោងចក្រ​នេះ បាន​បាក់​សង្កត់​លើ​កម្មករ​បណ្ដាល​ឲ្យ​កម្មការិនី​បី​នាក់​របួស​ធ្ងន់ និង​ស្រាល។ តំណាង​ក្រុមហ៊ុន​អះអាង​ថា អគារ​នៅ​មាន​គុណភាព​ល្អ មិន​គួរ​ឲ្យ​បារម្ភ​ទេ។

ក្រោយ​ហេតុការណ៍​បាក់​ពិតាន​ពីរ​លើក​នៅ​ក្នុង​រោងចក្រ អ៊ឹម វ៉េ គឺ​លើក​ទី​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា បណ្ដាល​ឲ្យ​កម្មការិនី​បី​នាក់​របួស និង​លើក​ទី​ពីរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា មិន​បណ្ដាល​ឲ្យ​កម្មករ​ណា​ម្នាក់​របួស​នោះ​ទេ ប៉ុន្តែ​កម្មករ​កម្មការិនី​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​ទាំង​នេះ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ អ៊ឹម វ៉េ គឺ​អ្នកស្រី នួន សំអុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា កម្មការិនី​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​របួស មិន​ទាន់​អាច​ចូល​ធ្វើ​ការ​វិញ​បាន​នៅ​ឡើយ​ទេ ដោយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ។ អ្នកស្រី​ថា កម្មករ​ប្រមាណ ១.៣០០​នាក់ កំពុង​បំពេញ​ការងារ​តាម​ជំនាញ​នៅ​អគារ អិល (L) កម្ពស់​បី​ជាន់ ដែល​ជាន់​ទី​បី​មាន​ផ្ទុក​ដោយ​អីវ៉ាន់​ចាស់ៗ និង​គ្រឿង​ម៉ាស៊ីន​ធ្ងន់ៗ ហើយ​មាន​ស្នាម​ប្រេះ​ជាច្រើន​កន្លែង​នោះ ក៏​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ​ដែរ៖ « អ្វី​ដែល​ជា​បញ្ហា គាត់​ព្រួយ​បារម្ភ​បំផុត គឺ​នៅ​អគារ​បី​ជាន់​មាន​ប្រេះ​តាម​ជញ្ជាំង តាម​ជណ្ដើរ និង​តាម​ផ្លូវ​ដែល​ត្រូវ​ឡើង​ទៅ​ធ្វើ​ការ ហើយ​មួយ​ទៀត​ដោយសារ​ផ្ទុក​ទម្ងន់​ធ្ងន់។ នៅ​ជាន់​ទី​២ កម្មករ​ផ្នែក​ស្វ័យ​ប្រវត្តិ​ធ្វើ​ការ ហើយ​ជាន់​ទី​១ ផ្ទាល់​ដី គឺ​កម្មករ​ផ្នែក​ផុង។ អ៊ីចឹង​រាល់​ថ្ងៃ​នេះ ពួក​គាត់​បារម្ភ​ខ្លាំង​ណាស់​ខ្លាច​បាក់​សង្កត់​លើ​គាត់ »

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​រោងចក្រ អ៊ឹម វ៉េ លោក អ៊ុន ឆន្ទៈ បញ្ជាក់​យ៉ាង​ខ្លី​ថា មន្ត្រី​ជំនាញ​បាន​ត្រួត​ពិនិត្យ​គុណភាព​អគារ​រួច​ហើយ​ឃើញ​ថា នៅ​មាន​គុណភាព​ល្អ ដែល​មិន​អាច​ស្រុត ឬ​បាក់​ធ្លាក់​លើ​កម្មករ​នោះ​ទេ។ ចំពោះ​ការ​បាក់​ធ្លាក់​ពិតាន​លើ​កម្មករ​នៅ​អគារ​ផ្សេង​នៃ​រោងចក្រ​នេះ លោក អ៊ុន ឆន្ទៈ មិន​បាន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា​រវល់​ប្រជុំ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ៖ « គេ​ធ្វើ​សុទ្ធតែ​វិស្វករ​ធ្វើ ! អា​ហ្នឹង​បង​អាច​ចុះ​មក​មើល​ផ្ទាល់​បាន​អគារ​ថ្មី។ លោក ជិន ជេដ្ឋា៖ មាន​ស្នាម​ប្រេះ​អ៊ីចឹង​មែន ឬ​អត់​ទេ ? អត់​ទេ​អត់​មាន​ទេ ! ស្នាម​បៀក​ស៊ីម៉ងត៍ ឧទាហរណ៍​តាម​ផ្ទះ​យើង​មាន​គេ​បូក​មួយ​សា​រួច​តែ​ម្ដង តែ​សំណង់​ឥឡូវ​គេ​បូក​ហើយ គេ​សី​ម្ដង​ទៀត​បាន​វា​អត់​ប្រេះ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា ដើម្បី​សាកសួរ​បន្ថែម​លើ​វិធានការ​បង្ការ ឬ​សុវត្ថិភាព​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា។

ប៉ុន្តែ​តំណាង​សហជីព ថា​បន្ទាប់​ពី​កម្មករ​មាន​គ្រោះថ្នាក់ ភាគី​ក្រុមហ៊ុន​ស្នើ​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​គេ​នឹង​ជួសជុល ឬ​បង្ការ​មិន​ឲ្យ​កម្មករ​មាន​គ្រោះថ្នាក់​ទៀត​ឡើយ។

អ៊ឹម វ៉េ គឺ​ជា​ក្រុមហ៊ុន​កាត់​ដេរ​សម្លៀកបំពាក់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ឋិត​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ដែល​ក្រុមហ៊ុន​មួយ​នេះ​មាន​កម្មករ​បម្រើ​ការងារ​ប្រមាណ ៣​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។