កម្ពុជា​ជាប់​ឯកត្តកម្ម​ពិភពលោក​មួយ​បន្ថែម​ទៀត​ផ្នែក​រាំ​ម៉ាឌីហ្សូន

នៅ​ថ្ងៃ​ទី​១៥ មេសា ត្រូវ​ជា​ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី កម្ពុជា​បាន​សម្រេច​ឯកត្តកម្ម​ពិភពលោកថ្មី​មួយ​ទៀត ដើម្បី​កត់ត្រា​ចូល​ក្នុង​កំណត់ត្រា​ពិភពលោក (Guinness World Record) ដោយ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥។

អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សោម រតនា បាន​ឲ្យ​ដឹង​ថា ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​សម្រាប់​បំបែក​ឯកត្តកម្ម​ពិភពលោក​នេះ មាន​អ្នក​ចូលរួម​រាំ​ចំនួន​២ពាន់១៥​នាក់​ក្នុង​រយៈពេល​៥នាទី នៅ​ទីលាន​ជល់​ដំរី ក្នុង​បរិវេណ​តំបន់​អង្គរ។

លោក​បន្ត​ថា ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​បំបែក​ឯកត្តកម្ម​ពិភពលោក​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន និង​ពិភពលោក​ផង​ដែរ៖ «ពលរដ្ឋ​នៃ​ពិភពលោក​​មួយ​ចំនួន​មិន​ទាន់​បាន​ស្គាល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នៅ​ឡើយ​ទេ ហើយ​បើ​អ្នក​ស្គាល់ ២០ ឬ​៣០​ឆ្នាំ​មុន គឺ​ស្គាល់​តាមរយៈ​សង្គ្រាម​បែកបាក់​ហែកហួរ​គ្នា តែ​នៅ​ពេល​នេះ​គឺ​គេ​បាន​ស្គាល់​តាមរយៈ ការ​ចង​សាមគ្គី​គ្នា របស់​យុវជន​ជំនាន់​ក្រោយ ក្នុង​ការ​បង្កើត​ឯកត្តកម្ម​ពិភពលោក ដែល​អាច​ប្រៀប​ប្រដូច​ការ​ប្រមូល​ផ្ដុំ នូវ​ចង្កឹះ​មួយ​បាច់​ដែល​កាច់​មិន​បាក់ នេះ​ជា​ការ​បង្ហាញ​មោទនភាព​ជាតិ និង​បង្កើត​ឲ្យ​មាន​បរិយាកាស​សប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ»។

កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ កម្ពុជា​បាន​បំបែក​ឯកត្តកម្ម​ពិភពលោកចំនួន​ពីរ គឺ​នំ​អន្សម​យក្ស​ទម្ងន់​ជាង​៤​តោន និង ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​នេះ។

ក្រៅ​ពី​កម្មវិធី​បំបែក​ឯកត្តកម្ម​ពិភពលោក ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​មាន​រៀបចំ​អង្រុត​យក្ស កន្ត្រង​ប្រហុក​យក្ស មួក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស​ផង​ដែរ សម្រាប់​បំបែក​ឯកត្តកម្ម​ថ្នាក់​ជាតិ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។