ទីភ្នាក់ងារជំរុញពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី ហៅកាត់ថា ម៉ាត្រេដ (MaTrade) ដឹកនាំគណៈប្រតិភូជាពាណិជ្ជករក្នុងវិស័យសំណង់របស់ម៉ាឡេស៊ី មកសិក្សាឱកាសអាជីវកម្មក្នុងវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា ខណៈវិស័យនេះកំពុងលូតលាស់។
ក្រុមហ៊ុនចំនួន២០ របស់ម៉ាឡេស៊ី ដែលធ្វើអាជីវកម្មក្នុងវិស័យសំណង់ នៅថ្ងៃទី២៣ ខែធ្នូ ជួបជុំគ្នាជាមួយនឹងពាណិជ្ជករកម្ពុជា នៅក្នុងសិក្ខាសាលាមួយស្ដីពីឱកាសអាជីវកម្មក្នុងវិស័យសំណង់រវាងកម្ពុជា និងម៉ាឡេស៊ី ដែលរៀបចំដោយទីភ្នាក់ងារជំរុញពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី ហៅកាត់ថា ម៉ាត្រេដ (MaTrade) និងសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងបទសម្ភាសន៍ក្រោយបញ្ចប់សិក្ខាសាលា ប្រធានផ្នែកជំរុញសេវាកម្មនិងពាណិជ្ជកម្មក្នុងតំបន់អាស៊ានរបស់ម៉ាត្រេដ លោក រ៉ាចា បាត់ឌ្រុលនីហ្សាម (Raja Badrulnizam) មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាសម្រាប់ពាណិជ្ជករប្រទេសទាំងពីរនៅពេលនេះ គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៊ី ក្នុងវិស័យផ្សេងទៀតនៅកម្ពុជា ក្រៅពីសកម្មភាពពាណិជ្ជកម្មទ្វេភាគីដែលរដ្ឋាភិបាលប្រទេសទាំងពីរប្ដេជ្ញាពង្រឹង។
លោក រ៉ាចា បាត់ឌ្រុលនីហ្សាម៖ «នៅពេលដែលយើងឃើញបរិមាណទំនិញនាំចេញនាំចូលរវាងប្រទេសទាំងពីរធ្លាក់ចុះ យើងចង់បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងវិស័យសេវាកម្មវិញ។ ដូច្នេះហើយបេសកកម្មរបស់ខ្ញុំនៅកម្ពុជា នៅពេលនេះ គឺផ្ដោតសំខាន់លើវិស័យសេវាកម្ម ដូចជាក្នុងវិស័យសំណង់ជាដើម។ បន្ទាប់ពីនេះ ខ្ញុំប្រហែលជានឹងនាំប្រតិភូមួយក្រុមទៀតដែលមកពីវិស័យបច្ចេកវិទ្យា រោងចក្រផលិតទឹកស្អាតពីវិស័យអប់រំ ទេសចរណ៍ និងវិស័យដទៃទៀតមកកម្ពុជា។ ដោយសារតែការដោះដូរទំនិញមានការធ្លាក់ចុះ វាបង្កើតឱកាសសម្រាប់ក្រុមពាណិជ្ជករនៃប្រទេសទាំងពីរឲ្យធ្វើការបានយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយរដ្ឋាភិបាលមានតួនាទីសម្របសម្រួលកិច្ចការនេះ»។
តួលេខចុងក្រោយពីទីភ្នាក់ងារជំរុញពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី បង្ហាញថា បរិមាណទំនិញដែលម៉ាឡេស៊ី នាំចេញពីកម្ពុជា នៅរយៈពេល ១០ខែដំបូងនៃឆ្នាំ២០១៥ មានទំហំទឹកប្រាក់ប្រមាណ ១៩០លានដុល្លារសហរដ្ឋអាមេរិក ភាគច្រើនជាផលិតផលវាយនភណ្ឌ។
រីឯបរិមាណទំនិញដែលកម្ពុជា នាំចូលទៅប្រទេសម៉ាឡេស៊ីវិញ មានទំហំទឹកប្រាក់ប្រមាណ ១២០លានដុល្លារ ក្នុងនោះភាគច្រើនជាផលិតផលវត្ថុធាតុដើម។ ការងាកមកចាប់អារម្មណ៍វិស័យសំណង់របស់កម្ពុជា គឺនៅខណៈឧស្សាហកម្មនេះកំពុងនាំមុខវិស័យដទៃទៀត ដូចជាកសិកម្មជាដើម។
តួលេខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ការវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ជិត ៣ពាន់លានដុល្លារ (២,៩៦ប៊ីលាន) កើនឡើង ២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។
ក្នុងសិក្ខាសាលាស្ដីពីឱកាសអាជីវកម្មក្នុងវិស័យសំណង់រវាងកម្ពុជា និងម៉ាឡេស៊ី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប៉ែន សុផល ជឿជាក់ថា សិក្ខាសាលានេះនឹងអាចបង្កើនឱកាសសហការគ្នាក្នុងអាជីវកម្មសំណង់រវាងប្រទេសទាំងពីរ ព្រមទាំងប្រទេសមួយចំនួនទៀត៖ «ការជួបគ្នាវាអាចបង្កើតបានទៅជាការសហការគ្នារវាងកម្ពុជា ហើយនិងម៉ាឡេស៊ី។ចំណុចទីពីរ បើយើងមិនអាចទាក់ទងនៅទីនេះបាន ខាងគេក៏អាចផ្ដល់ឲ្យយើងនូវបែប Training ឬបទពិសោធន៍នានាដែលយើងអាចទទួលបានពីគេ។ នេះជាចំណុចចាំបាច់។ ក្រៅពីនេះ គឺកិច្ចសហប្រតិបត្តិការតាមរបៀបផ្លូវការ ឬក្រៅផ្លូវការផ្សេងៗទៀត ហើយវាមានសាខាចម្រុះ ដូចគាត់បានធ្វើបទបង្ហាញអំបាញ់មិញ មិនត្រឹមតែម៉ាឡេស៊ី និងកម្ពុជា ទេ វាមានប្រទេសម៉ាឡេស៊ី ជាមួយនឹងប្រទេសមួយចំនួនទៀត»។
ក្រៅពីចាប់អារម្មណ៍វិស័យសំណង់កម្ពុជា ប្រធានផ្នែកជំរុញសេវាកម្ម និងពាណិជ្ជកម្មក្នុងតំបន់អាស៊ានរបស់ម៉ាត្រេដ លោក រ៉ាចា បាត់ឌ្រុលនីហ្សាម ក៏បញ្ជាក់ដែរថា ពាណិជ្ជករម៉ាឡេស៊ី មានផែនការពង្រីកសកម្មភាពវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ដែរនៅពេលខាងមុខ ជាពិសេសលើការដាំដុះដំណាំកៅស៊ូ។
ខណៈវិនិយោគិនម៉ាឡេស៊ី មានវត្តមានកាន់តែច្រើននៅកម្ពុជា លោក រ៉ាចា សង្ឃឹមថា នឹងមានវិនិយោគិនកម្ពុជា កាន់តែច្រើនឡើងទៅវិនិយោគក្នុងទីផ្សារម៉ាឡេស៊ី ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
