ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) និងភរិយានាយករដ្ឋមន្ត្រីកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន កំពុងមានមោទនភាពថានឹងប្រឹងប្រែងជំរុញឲ្យក្មេងស្រីនៅកម្ពុជា បានបន្តរៀនសូត្រឲ្យខ្ពង់ខ្ពស់ដូចក្មេងប្រុសដែរ។
ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាប រយៈពេល ២ថ្ងៃមកនេះ អ្នកស្រី មីស៊្ហែល អូបាម៉ា បានលើកទឹកចិត្តក្មេងស្រីក្រីក្រថា ថ្វីត្បិតតែកម្ពុជា នៅឆ្ងាយពីសហរដ្ឋអាមេរិក ក្តី ក៏អ្នកស្រីបានដឹងពីការខិតខំតស៊ូរៀនសូត្ររបស់កុមារីកម្ពុជា ដែរ។
ថ្ងៃសៅរ៍ ទី២១ ខែមីនា គឺជាថ្ងៃទីពីរនៃទស្សនកិច្ចរបស់ស្ត្រីទី១ នៃសហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា មកកាន់ខេត្តសៀមរាប នៃប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លី អ្នកស្រី មីស៊្ហែល អូបាម៉ា ហាក់មមាញឹកក្នុងការចុះទៅតាមមូលដ្ឋានខ្លះ ព្រមទាំងជួបជជែកជាមួយអង្គការក្រៅរដ្ឋាភិបាលខ្លះ ជុំវិញបញ្ហាធ្វើយ៉ាងណាជំរុញឲ្យក្មេងស្រីបានចូលរៀនគ្រប់គ្នា។
កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃសៅរ៍ អ្នកស្រី មីស៊្ហែល អូបាម៉ា ដែលអមដំណើរដោយស្ត្រីទី១របស់កម្ពុជា គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានចូលទៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ដើម្បីជួបជាមួយក្មេងស្រី ១០នាក់ ដែលរស់ក្នុងគ្រួសារក្រីក្រ ប៉ុន្តែពួកគេនៅតែតស៊ូរៀនសូត្រដោយមិនបោះបង់ចោលការសិក្សា។
នៅក្នុងដំណើរទស្សនកិច្ចនេះ ក្មេងស្រីម្នាក់ឈ្មោះ មាន សុហាង បានសំណូមពរទៅស្ត្រីទី១របស់សហរដ្ឋអាមេរិក និងស្ត្រីទី១របស់កម្ពុជា ឲ្យជួយពួកគេបន្តការសិក្សារហូតដល់ថ្នាក់ឧត្ដមសិក្សា និងក៏ដូចជាជួយក្មេងស្រីខ្មែរនៅទូទាំងប្រទេស ឲ្យបានរៀនសូត្រថ្នាក់ខ្ពស់ដូចគ្នាដែរ។
អង្គុយលើកៅអីឈើរបស់សាលាដ៏សាមញ្ញ អ្នកស្រី មីស៊្ហែល អូបាម៉ា មានប្រសាសន៍ឆ្លើយតបសំណូមពរនោះថា អ្នកស្រីចង់ឲ្យក្មេងៗនៅសហរដ្ឋអាមេរិក បានដឹងពីការតស៊ូរៀនសូត្ររបស់ក្មេងស្រីកម្ពុជា ទាំងនេះ ហើយក្នុងនាមជាស្ត្រីទី១របស់សហរដ្ឋអាមេរិក អ្នកស្រីក៏មានមោទនភាពនៅពេលដែលឃើញក្មេងស្រីកម្ពុជា មានការតស៊ូរៀនសូត្រដ៏ស្វិតស្វាញបែបនេះ។
ចំណែក អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយារបស់លោកនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា អ្នកស្រីក៏យល់ស្របក្នុងការជំរុញក្មេងស្រីឲ្យបានចូលរៀនគ្រប់ៗគ្នាដែរ ដើម្បីលុបបំបាត់ចោលនូវការតិះដៀលមួយដែលថា តើស្ត្រីអាចធ្វើអ្វីកើត បើគ្រាន់តែវិលចង្ក្រានមិនជុំផងនោះ?
បន្ទាប់ពីធ្វើដំណើរទៅទស្សនកិច្ចនៅសាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង មក អ្នកស្រី មីស៊្ហែល អូបាម៉ា មានកម្មវិធីជាច្រើនទៀតនៅថ្ងៃទី២១ ខែមីនា នេះ ដូចជា អ្នកស្រីបានឡើងថ្លែងនៅក្នុងវេទិការបស់ក្រុមអង្គការ ភីស ខរ (Peace Corp) និងចូលរួមពិភាក្សាតុមូលមួលដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល។
ក្រៅពីបំពេញទស្សនកិច្ចដោយធ្វើការងារជាច្រើនពាក់ព័ន្ធនឹងការជំរុញក្មេងស្រី ឲ្យបានចូលរៀន នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ដែរ អ្នកស្រី មីស៊្ហែល អូបាម៉ា ក៏បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប។
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា អ្នកស្រី មីស៊្ហែល អូបាម៉ា បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន មុនពេលបន្តមកកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់សេតវិមាននៃសហរដ្ឋអាមេរិក រំពឹងថា ដំណើរទស្សនកិច្ចរបស់ អ្នកស្រី មីស៊្ហែល អូបាម៉ា ទៅកាន់ប្រទេសជប៉ុន និងកម្ពុជា នឹងអាចផ្ដល់នូវធនធានជាច្រើនសម្រាប់សាលានៅសហរដ្ឋអាមេរិក ដែលនាំមកនូវការយល់ដឹងផ្នែកវប្បធម៌ ភូមិសាស្ត្រតំបន់ និងព្រឹត្តិការណ៍ថ្មីៗជាច្រើនទៀតនៅក្នុងប្រទេសជប៉ុន និងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
