មន្ត្រីកងទ័ពជើងទឹកមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែកុម្ភៈ ថា គម្រោងហ្វឹកហ្វឺនរួមគ្នារវាងកងនាវាកងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា ត្រូវបានលើកពេលទៅធ្វើនៅព្រឹកថ្ងៃទី២៦ វិញ។
មន្ត្រីរូបនេះមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះទេ តែលោកថា ទំនងដោយសារប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់កម្ពុជា ជាច្រើនរូប ត្រូវចូលរួមក្នុងកម្មវិធីធំៗផ្សេងទៀតនៅភ្នំពេញ។
ព្រឹត្តិការណ៍នៃសកម្មភាពហ្វឹកហ្វឺននោះ មិនបើកចំហដល់អ្នកសារព័ត៌មានឡើយ។ កងនាវាកងទ័ពប្រជាជនចិន នឹងចាកចេញពីកម្ពុជា ភ្លាមៗបន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺននោះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ។
កងនាវាកងទ័ពប្រជាជនចិន ដែលកំពុងធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មានចំនួន ៣គ្រឿង ផ្ទុកកងម៉ារីនសរុបចំនួន ៧៣៧នាក់។ ពួកគេនឹងហ្វឹកហាត់ជាមួយទាហានជើងទឹកកម្ពុជា ៧០នាក់។ កងនាវានេះ បានមកដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ។
ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅពេលនេះ គឺស្របពេលបញ្ហាជម្លោះសមុទ្រចិនខាងត្បូង កំពុងតឹងតែង ខណៈចិន កាន់តែបង្កើនសកម្មភាពយោធានៅតំបន់សមុទ្រចិនខាងត្បូង នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
