ក្រសួង​កសិកម្ម​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក

0:00 / 0:00

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​មាន​សមាសភាព​ចំនួន ១៤​រូប។ ក្រសួង​កសិកម្ម ថា​ក្រុម​ការងារ​នេះ នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​គោល​នយោបាយ គោលការណ៍ និង​សកម្មភាព​សំខាន់ៗ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ជូន​ដល់​សាធារណជន​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន។

ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​កសិកម្ម​លើក​ឡើង​ថា វិធានការ​របស់​ក្រសួង​ធ្វើ​បែប​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​ខ្លាំង​ទេ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​រីក​ចម្រើន​នោះ។

អ្នក​ជំនាញ​កសិកម្ម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​នោះ លុះត្រា​ណា​ក្រសួង​បណ្ដុះបណ្ដាល​បន្ថែម​មន្ត្រី​ជំនាញ​កសិកម្ម និង​បញ្ជូន​មន្ត្រី​ជំនាញ​ទាំង​នោះ​ទៅ​បង្រៀន​កសិករ​ដល់​មូលដ្ឋាន​ផ្ទាល់ ទើប​មាន​ប្រសិទ្ធភាព។

អ្នក​ជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា ក្រសួង​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​នេះ ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នោះ។ លោក​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម គួរ​តែ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​បង្រៀន​កសិករ​ដល់​មូលដ្ឋាន​ផ្ទាល់ ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ ទើប​មាន​ប្រសិទ្ធភាព​ជាង « ខ្ញុំ​យល់​ថា អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ការងារ​កសិកម្ម ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ការងារ​អភិវឌ្ឍ និង​ជួយ​កសិករ​ហ្នឹង យើង​ចង់​ឃើញ​ក្រសួង​បញ្ជូន​មន្ត្រី​ជំនាញ អ្នក​បច្ចេកទេស​កសិកម្ម ទៅ​ដល់​មូលដ្ឋាន​ភូមិ-ឃុំ​ផ្ទាល់ និង​ផ្តល់​ប្រាក់​បៀវត្ស​សមរម្យ​ជូន​មន្ត្រី​ជំនាញ​ទាំង​នោះ ឲ្យ​ពួក​គាត់​ចេះ​ផលិត​ចេះ​ចិញ្ចឹម ចេះ​ធ្វើ​តាម​បច្ចេកទេស​កសិកម្ម​ច្បាស់លាស់​ត្រឹមត្រូវ។ ខ្ញុំ​ជឿ​ថា កសិករ​នឹង​មាន​ជីវភាព​សមរម្យ ហើយ​វិស័យ​កសិកម្ម​នឹង​រីក​ចម្រើន »

ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​កសិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម បាន​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន អះអាង​ថា ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​សមាសភាព​ចំនួន ១៤​រូប ដែល​សុទ្ធតែ​ជា​ថ្នាក់​ដឹក​នាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង​កសិកម្ម មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គោល​នយោបាយ​សំខាន់ៗ​របស់​ក្រសួង​ប៉ុណ្ណោះ​ទេ ក្រុម​ការងារ​នេះ​ក៏​នឹង​ជួយ​ឆ្លើយ​តប ព្រម​ទាំង​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា។

នៅ​ក្នុង​សេចក្តី​សម្រេច​ដដែល​នោះ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ណែនាំ​ឲ្យ​ថ្នាក់​ដឹក​នាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​របស់​ខ្លួន ត្រូវ​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន​ទូទៅ​ពាក់ព័ន្ធ​សភាពការណ៍​វិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ការងារ​ជំនាញ​របស់​អង្គភាព ព្រម​ទាំង​បាន​បន្ថែម​ភារកិច្ច​ឲ្យ​តាម​ដាន និង​ស្រង់​ព័ត៌មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រូប​នេះ​អះអាង​ថា ដើម្បី​ឲ្យ​ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អនុវត្ត​ការងារ​ទៅ​រលូន និង​មាន​ប្រសិទ្ធភាព ក្រសួង​ក៏​បាន​បង្គាប់​ឲ្យ​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុម​ការងារ ត្រូវ​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​ជាប់​ជា​ប្រចាំ និង​ត្រូវ​ប្រជុំ​ប្រចាំ​ខែ ត្រួត​ពិនិត្យ​សកម្មភាព​ការងារ និង​កំណត់​ទិសដៅ​ការងារ​ដែល​ត្រូវ​អនុវត្ត​បន្ត ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កសិកម្ម​កម្ពុជា រីក​ចម្រើន។ ជាង​នេះ​ទៀត លោក វេង សាខុន បញ្ជាក់​ថា ក្រុម​ការងារ​នេះ នឹង​ត្រូវ​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ចាប់​ពី​ការ​ជូន​ដំណឹង​នេះ​ត​ទៅ។

ការ​សម្រេច​បង្កើត​ក្រុម​ការងារ​របស់​ក្រសួង​កសិកម្ម ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ​ទៅ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា​នានា ដែល​សព្វថ្ងៃ​លោក​ទទួល​បាន​ព័ត៌មាន​ចម្រុះ រួម​ទាំង​ពាក្យ​បណ្ដឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​សេចក្ដី​ណែនាំ​មួយ​បង្គាប់​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចាត់​តាំង​ឲ្យ​មាន​ក្រុម​តាម​ដាន​ស្រង់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ពី​ពលរដ្ឋ​ដែល​បាន​ប្ដឹង និង​សំណូមពរ​បញ្ហា​ផ្សេងៗ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ដើម្បី​យក​មក​ត្រួត​ពិនិត្យ និង​ដោះស្រាយ។

បើ​ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម នៅ​តែ​យល់​ថា ការ​ណែនាំ​របស់​លោក ហ៊ុន សែន ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​តាម​ដាន​សំណូមពរ​របស់​ពលរដ្ឋ​លើ​ទំព័រ​ហ្វេសប៊ុក គឺ​ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។ ពួក​គេ​ថា វិធានការ​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។