មន្ត្រី​ក្រសួង​ធម្មការ​មិន​ទាន់​ឆ្លើយ​តប​សំណើ​សុំ​អន្តរាគមន៍​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​៣​អង្គ

0:00 / 0:00

មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា អះអាង​ថា ក្រសួង​កំពុង​រង់ចាំ​មើល​លទ្ធផល​ប្រជុំ​របស់​គណៈ​ថេរ​សភា​សង្ឃ​ជា​មុន មុន​នឹង​សម្រេច​ឆ្លើយ​តប​ទៅ​កាន់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ជួយ​អន្តរាគមន៍​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ៣​អង្គ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រសួង​ធម្មការ និង​សាសនា អាច​ជួយ​អន្តរាគមន៍​បែប​ណា​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នោះ។

ទាក់ទង​នឹង​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ធម្មការ និង​សាសនា ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា គណៈ​ថេរ​សភា​សង្ឃ កំពុង​រៀបចំ​ការ​ប្រជុំ​ពិភាក្សា​អំពី​សំណើ​របស់​ខ្មែរ​ក្រោម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាន​មូលដ្ឋាន​អ្វី​ខ្លះ​ដែល​គេ​អាច​យក​មក​ពិចារណា មុន​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ខ្មែរ​ក្រោម។

មន្ត្រី​រូប​នេះ​ឲ្យ​ដឹង​បន្ត​ថា ដោយសារ​តែ​បញ្ហា​នេះ​វា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ធម៌​វិន័យ​របស់​ព្រះសង្ឃ ដូច្នេះ ក្រសួង​ចាំបាច់​ត្រូវ​រង់ចាំ​មើល​របាយការណ៍​របស់​គណៈ​សភា​សង្ឃ​ជា​មុន។

កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ស្នើសុំ​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​ឃុំ​ខ្លួន។ លោក ថាច់ សេដ្ឋា ក៏​ស្នើ​ឲ្យ​ក្រសួង​ធម្មការ យក​ព្រះសង្ឃ​ទាំង ៣​អង្គ​នោះ មក​បំបួស​ជា​ភិក្ខុ​សង្ឃ​តាម​បែប​ព្រះពុទ្ធ​សាសនា​ឡើង​វិញ។

ក្រៅ​ពី​ផ្ញើ​លិខិត​ទៅ​កាន់ លោក មិន ឃិន លោក ថាច់ សេដ្ឋា ក៏​បាន​ផ្ញើ​លិខិត​ថ្វាយ​សម្ដេច​ព្រះ​មហា​សុមេធាធិបតី នន់ ង៉ែត សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្នើសុំ​ព្រះអង្គ​ជួយ​អន្តរាគមន៍​ដូច​គ្នា។

ទោះ​យ៉ាង​ណា ទីប្រឹក្សា​សម្ដេច​ព្រះ​មហា​សុមេធាធិបតី នន់ ង៉ែត និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ ព្រះតេជព្រះគុណ ឃឹម សន។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​លិខិត​របស់ លោក ថាច់ សេដ្ឋា នៅ​ឡើយ​ទេ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​ថា តាម​គោលការណ៍​ច្បាប់ នៅ​ពេល​ស្ថាប័ន​តុលាការ​ចាត់​ចែង​រួច​ហើយ ស្ថាប័ន​ផ្សេង​ទៀត​មិន​អាច​លូក​ដៃ​បាន​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា អាជ្ញាធរ​ខ្មែរ​បាន​វាយ​ដំ​ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះតេជព្រះគុណ សឺន ហាយ ក្នុង​ពេល​ព្រះអង្គ​ចូលរួម​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ពលរដ្ឋ​សហគមន៍​បឹងកក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ ក្រោយ​មក ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ រួច​ផ្សឹក និង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ។ ចំណែក​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​ផ្សេង​ទៀត គឺ​ព្រះតេជព្រះគុណ ថាច់ សាង និង ឃិត វណ្ណៈ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ និង​ផ្សឹក នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ក្នុង​ពេល​ព្រះអង្គ​និមន្ត​ទៅ​ចូលរួម​ការ​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ដែល​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី។ ព្រះតេជព្រះគុណ ២​អង្គ​នេះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ខ្មែរ ដែល​បាន​វាយ​ដំ និង​ចាប់​ផ្សឹក​ព្រះសង្ឃ​ទាំង​នោះ។ ពួក​គេ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ ថា​ជា​ការ​រំលោភ​អំណាច​ស្ថាប័ន​ព្រះពុទ្ធ​សាសនា និង​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។