ក្រសួងការបរទេសកម្ពុជា ប្រតិកម្មចំពោះរបាយការណ៍របស់សមាគមអាដហុក (Adhoc) ដែលចោទថា ស្ថានទូត ឬស្ថានអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសចិន មិនជួយអន្តរាគមន៍ដល់ស្ត្រីខ្មែររងគ្រោះចាញ់បោកមេខ្យល់ រៀបការជាមួយបុរសជនជាតិចិន ហើយត្រូវរងការធ្វើទារុណកម្មផ្សេងៗនៅប្រទេសចិន នោះ ថាជារឿងមិនពិត។
បញ្ហានេះ មន្ត្រីសមាគមអាដហុក ថ្លែងថា ក្រសួងការបរទេស គួរបើកការស៊ើបអង្កេត មុននឹងប្រតិកម្មចំពោះរបាយការណ៍សមាគមអាដហុក ព្រោះរបាយការណ៍នេះ គឺស្ត្រីរងគ្រោះជាអ្នកលើកពីកង្វល់របស់ពួកគេ។
ប្រតិកម្មនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១ ខែសីហា ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់សមាគមអាដហុក ចេញផ្សាយថ្ងៃទី៣០ ខែកក្កដា ស្តីអំពី ការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម ក្រោមរូបភាពអាពាហ៍ពិពាហ៍នារីកម្ពុជា ជាមួយបុរសជនជាតិចិន។
ក្រសួងការបរទេស អះអាងថា ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសចិន តែងយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរចិន និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ក្នុងការជួយសង្គ្រោះដល់ពលរដ្ឋខ្មែរដែលរងគ្រោះ ទោះក្នុងរូបភាពណាក៏ដោយ ដោយមិនទុកឲ្យនៅបន្តរងគ្រោះដូចដែលសមាគមអាដហុក ចោទប្រកាន់នោះទេ។
ក្រសួងការបរទេស បង្ហាញថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៤ នេះ ក្រសួងបានទទួលពាក្យបណ្ដឹងជាច្រើន ក្នុងនោះក្រសួង និងស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជា បានដោះស្រាយ និងបញ្ជូនស្ត្រីខ្មែររងគ្រោះចំនួន ១៨នាក់ ត្រឡប់មកកម្ពុជា វិញ។ រីឯអ្នកដទៃទៀត ស្ថានទូតតំណាងកម្ពុជា កំពុងដោះស្រាយជាមួយអាជ្ញាធរចិន។ ជាងនេះ ក្រសួងការបរទេស ក៏បានធ្វើការងារនេះជាមួយស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីទប់ស្កាត់កុំឲ្យមានការជួញដូរស្ត្រីខ្មែរ តាមរូបភាពរៀបអាពាហ៍ពិពាហ៍នេះ។
បន្ថែមលើនេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ស្ថានទូតចិន ក៏បានរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការដល់ស្ត្រីខ្មែរនៅលីវ ដោយបានកំណត់ឲ្យមានលិខិតអញ្ជើញត្រឹមត្រូវពីភាគីចិន ជាមុន។ ហើយបើសិនទៅប្រទេសចិន ក្នុងនាមជាអ្នកទេសចរ ក៏ត្រូវតម្កល់ប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងធនាគារចិន ជាមុន ក្នុងន័យទប់ស្កាត់ការជួញដូរស្ត្រីខ្មែរទៅកាន់ប្រទេសចិន នាថ្ងៃអនាគត។
លោក កុយ គួង៖ «ដូច្នេះហើយដោយសារតែនៅមានបញ្ហាដូចនេះទៀត ក្រសួងការបរទេសកម្ពុជា ក៏បានស្នើដល់ក្រសួងការបរទេសចិន ឲ្យស្ថានទូត ស្ថានអគ្គកុងស៊ុលចិន ទាំងអស់ នៅបរទេស ជាពិសេសនៅប្រទេសថៃ វៀតណាម និងឡាវ ឲ្យបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ស្ត្រីខ្មែរដែលនៅលីវទៀតទេ។ ហើយជាងនេះទៀត ក្រសួងការបរទេស ក៏បានណែនាំដល់ស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសចិន គឺមិនឲ្យបញ្ជាក់លិខិតដែលនៅលីវដល់ស្ត្រីខ្មែរទៀតទេ គឺស្ត្រីខ្មែរដែលនៅប្រទេសចិន ហ្នឹង គឺដើម្បីជៀសវាងកុំឲ្យមេខ្យល់នាំគាត់ទៅរៀបការជាមួយបុរសជនជាតិចិន ទៀត»។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៤ នេះ សមាគមអាដហុក ទទួលបានបណ្ដឹងជួញដូរមនុស្សជាង ១០០បណ្ដឹង (១០៨) និងមានជនរងគ្រោះសរុបចំនួនជិត ៣០០នាក់ (២៩៥)។ ក្នុងនោះ ប្រទេសចិន មានចំនួន ២៦ករណី និងមានជនរងគ្រោះចំនួន ២៩នាក់។
អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រី កុមារ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៃសមាគមអាដហុក ឲ្យដឹងថា ជនរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅរៀបការជាមួយបុរសជនជាតិចិន បានជួបបញ្ហា ដូចជា ការធ្វើទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករ ជាដើម។
អ្នកស្រី ឆន សុគន្ធា ក៏បានរិះគន់សកម្មភាពការងាររបស់មន្ត្រីស្ថានទូត ឬស្ថានអគ្គកុងស៊ុល ប្រចាំប្រទេសចិន ហាក់មិនសូវយកចិត្តទុកដាក់ជួយដល់ស្ត្រីរងគ្រោះ ដែលត្រូវមេខ្យល់ជួញដូរនៅប្រទេសចិន នោះទេ។ អ្នកស្រីសោកស្ដាយ ដែលក្រសួងការបរទេស ឆាប់ប្រតិកម្មនឹងកង្វល់របស់ស្ត្រីខ្មែររងគ្រោះ ត្រូវគេជួញដូរនៅប្រទេសចិន ពេលនេះ៖ «គាត់គួរតែពិនិត្យមើលមន្ត្រីរបស់គាត់ឡើងវិញ ថាតើមន្ត្រីរបស់គាត់ហ្នឹងពិតជាអនុវត្តអ៊ីចឹងមែនឬអត់? យើងឃើញយន្តការរបស់ក្រសួងការបរទេស ដាក់មកទាំងប៉ុន្មានហ្នឹងហើយ? ប៉ុន្តែយើងមិនបានដឹងថា តើគាត់មានបានឃ្លាំមើលមន្ត្រីគាត់ហើយឬនៅទេ?»។
ទាក់ទិនបញ្ហានេះ ស្ត្រីរងគ្រោះមិនបញ្ចេញឈ្មោះម្នាក់ ដែលត្រូវមេខ្យល់ជួញដូរតាមរូបភាពរៀបការប្ដីជាមួយបុរសជនជាតិចិន ដែលបានជួយសង្គ្រោះវិលមកកម្ពុជា វិញ បានរៀបរាប់ និងបានរិះគន់មន្ត្រីស្ថានទូត ឬមន្ត្រីស្ថានអគ្គកុងស៊ុល ប្រចាំប្រទេសចិន ថាមិនសូវរវល់អើពើជួយសង្គ្រោះដល់ស្ត្រីរងគ្រោះនោះទេ៖ «ខ្ញុំមានគ្នា ៣នាក់ បានរត់មកដល់ស្ថានទូតខ្មែរនៅចិន តែស្ថានទូតអត់ជួយទេ។ ខ្ញុំនៅឈរមុខស្ថានទូត ១យប់ទល់ភ្លឺ មានគ្នា ៣នាក់ហ្នឹង ដល់ពេលម៉ោងគេធ្វើការ។ ហើយមន្ត្រីខ្មែរនៅស្ថានទូតហ្នឹង គេធ្វើដូចអត់ស្គាល់ខ្មែរអ៊ីចឹង? ធ្វើដូចអត់ស្គាល់ជនជាតិខ្មែរ គឺគេឡើងជិះឡានធ្វើមិនដឹង។ តែខ្ញុំចាំៗរហូតដល់មន្ត្រីស្ថានទូតទាំងនោះសួរនាំបញ្ហាផ្សេងៗ និងសុំលេខមេខ្យល់ ជាដើម។ មន្ត្រីទាំងនោះនិយាយថា សុំលេខមេខ្យល់ ដើម្បីឲ្យមកដោះស្រាយ ហើយពួកខ្ញុំមកជួបគេហ្នឹងអត់មានយកប៉ាសស្ព័រមកអ៊ីចឹង មកធ្វើម៉េច គឺត្រូវទៅយកប៉ាសស្ព័រមកវិញមក។ តែខ្ញុំថា បើយកប៉ាសស្ព័របានខ្លួនឯង មិនចាំបាច់រត់ទៅពឹងស្ថានទូតឲ្យយកឲ្យទេ»។
បញ្ហានេះ សមាគមអាដហុក កត់សម្គាល់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ទាំងអ្នកចេញទៅមានឯកសារ និងមិនមានឯកសារ ជាពិសេសចេញទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ជប៉ុន សិង្ហបុរី ចិន និងមានរហូតដល់ប្រទេសអាហ្វ្រិកខាងត្បូង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
