កម្ពុជា​ប្រតិកម្ម​នឹង​អាជ្ញាធរ​ថៃ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ដាក់​ឡាន​ទ្រុង​ដូច​សត្វ​ធាតុ

0:00 / 0:00

ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​កង​យោធា​នោះ ចាប់​ផ្ដើម​រឹត​បន្តឹង​សេរីភាព​នានា​របស់​ជន​ស៊ីវិល នៅ​ក្នុង​ប្រទេស និង​ពង្រឹង​សន្តិសុខ​ជាតិ។ ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ​ជាតិ​នោះ កង​យោធា​ថៃ បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន​ថៃ បញ្ឈប់​ការ​ប្រើប្រាស់​ពលករ​បរទេស​ខុស​ច្បាប់​ត​ទៅ​ទៀត។ ដូច្នេះ ពលករ​ខុស​ច្បាប់​ទាំង​នោះ ដែល​ក្នុង​នោះ​រួម​មាន​ពលករ​ខ្មែរ​ផង ត្រូវ​បង្ខំ​ចិត្ត​វិល​ត្រឡប់​មក​ប្រទេស​ខ្លួន​វិញ។ ការ​បង្ខំ​ឲ្យ​ពលករ​ខ្មែរ​វិល​មក​ស្រុក​ខ្លួន​វិញ​នោះ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ និង​មាន​ដំណឹង​ចចាមអារ៉ាម​ជាច្រើន។

អាជ្ញាធរ​ថៃ ដឹក​ជញ្ជូន​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ប្រទេស​វិញ​ក្នុង​ចំនួន​ច្រើន តាម​រូបភាព​ចាប់​បង្ខំ និង​ដាក់​ឡាន​ទ្រុង​សំណាញ់​ដែក ដូច​សត្វ​ធាតុ តាម​ច្រក​ព្រំដែន​អន្តរជាតិ​នានា​រវាង​កម្ពុជា ថៃ កំពុង​តែ​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​តវ៉ា​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខ្មែរ។

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពលករ​ខុស​ច្បាប់​មួយ​ចំនួន បាន​និយាយ​ថា កង​យោធា​ថៃ បោស​សម្អាត​បណ្ដេញ​ពលករ​បរទេស ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ផង ឲ្យ​ចេញ​ពី​ប្រទេស​ថៃ នោះ ដោយសារ​គេ​ខ្លាច​ពលករ​ខ្មែរ​ចូលរួម​ធ្វើ​បាតុកម្ម​តវ៉ា​ការ​កាន់​កាប់​អំណាច​ដោយ​កង​យោធា​ថៃ និង​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ណាស់​ចំពោះ​ការ​បណ្ដេញ​ចេញ​នោះ ពីព្រោះ​ពួក​គេ​ចូល​ប្រទេស​ថៃ ខុស​ច្បាប់ ងាយ​ទទួល​ការ​វាយ​តប់ ចាប់​ចង ដាក់​ពន្ធនាគារ ជាដើម។

ទាក់ទង​ករណី​អាជ្ញាធរ​ថៃ បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ក្នុង​ចំនួន​ច្រើន​ពាន់​នាក់ ឲ្យ​វិល​មក​កម្ពុជា វិញ ចាប់​ពី​ថ្ងៃ​ទី​១ មិថុនា មក ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ មិថុនា បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ បញ្ជាក់ថា អាជ្ញាធរ​យោធា​ថៃ បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន​ថៃ បញ្ឈប់​ការ​ប្រើប្រាស់​ពលករ​ខុស​ច្បាប់​ត​ទៅ​ទៀត។ ដូច្នេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំង​នោះ សម្រេច​ឲ្យ​ពលករ​ខុស​ច្បាប់​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ រួម​ទាំង​ពលករ​ខ្មែរ​ខុស​ច្បាប់​ផង។ ករណី​អាជ្ញាធរ​ថៃ បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា វិញ​នោះ មិន​មែន​ជា​លើក​ទី​១​ទេ។ កន្លង​មក ទោះ​បី​ជា​មុន​ប្រទេស​ថៃ គ្រប់គ្រង​ដោយ​អាជ្ញាធរ​យោធា​ក៏ដោយ ក៏​អាជ្ញាធរ​ថៃ បាន​ធ្វើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​រាប់​រយ​នាក់ មក​កម្ពុជា វិញ​ដែរ រៀង​រាល់ ២ ទៅ ៣​ថ្ងៃ​ម្តង។ ក្នុង​រយៈពេល ៩​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ដល់​ទី​៩ មិថុនា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន​ជាង ៧.០០០​នាក់ (៧.៥០៧) មក​ប្រទេស​កម្ពុជា វិញ។ នៅ​ថ្ងៃ​ទី​១០ មិថុនា កន្លង​ទៅ​នេះ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក អ៊ុង ស៊ាន បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ។ ក្នុង​ជំនួប​នោះ លោក អ៊ុង ស៊ាន បាន​ស្នើ​ឲ្យ​ភាគី​ថៃ អនុវត្ត​ការ​បញ្ជូន​ពលករ​ខ្មែរ​ដែល​ចូល​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ មក​កម្ពុជា វិញ​ឲ្យ​មាន​លក្ខណៈ​មនុស្សធម៌​ដោយ​មិន​ត្រូវ ដាក់​ឲ្យ​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​រថយន្ត​ព័ទ្ធ​ដោយ​សំណាញ់​ដែក។

លោក កុយ គួង មន្រ្តីនាំពាក្យក្រសួងការបរទេសបន្ថែមទៀតថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខ្មែរ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ឲ្យ​ពលករ​ខ្មែរ ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ នោះ បាន​វិល​មក​វិញ​ដោយ​សុវត្ថិភាព៖ «ឯកអគ្គរាជទូត​យើង​នៅ​បាងកក ក៏​បាន​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ ដើម្បី​ឲ្យ​គេ​ជួយ​សម្រួល​ក្នុង​ការ​បញ្ជូន​ពលករ​ខុស​ច្បាប់ ឲ្យ​មក​ស្រុក​វិញ​តាម​សម្រួល។ ដោយ​កុំ​ឲ្យ​ដាក់​ទោស​គាត់ ហើយ​ជាង​នេះ​ទៀត ហើយ​កាល​ពី​ម្សិលមិញ ឯកឧត្តម អ៊ុង ស៊ាន ក៏​បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ផង​ដែរ។ យើង​បាន​ស្នើ​ទូត​ថៃ ថា​អាជ្ញាធរ​ថៃ ដែល​បញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ នោះ ឲ្យ​មក​វិញ​មាន​លក្ខណៈ​មនុស្សធម៌»

លោក ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​ថៃ នៅ​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា គិត​មក​ទល់​ថ្ងៃ​ទី​១១ មិថុនា នេះ ទាហាន​ថៃ នៅ​បន្ត​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ក្នុង​ចំនួន​ច្រើន មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​នៅ​ឡើយ៖ «អត់​មាន​ឯកសារ​អី​បញ្ជាក់​ជាក់​លាក់​ថា ចប់​នៅ​ពេល​ណា​ទេ។ ចេះ​តែ​ដឹក​មក​ទម្លាក់​នៅ​កន្លែង​ប៉ូលិស​អន្តោប្រវេសន៍​នេះ»

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពលករ​មួយ​រូប​រស់នៅ និង​បំពេញ​ការងារ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ សុំ​មិន​ចេញ​ឈ្មោះ បាន​និយាយ​ថា ការ​រស់នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​មាន​ការ​ភ័យ​ព្រួយ ពីព្រោះ​កង​យោធា​ជា​អ្នក​កាន់​អំណាច និង​ដាក់​ឲ្យ​គោរព និង​អនុវត្ត​ច្បាប់​អាជ្ញា​សឹក។ ដូច្នេះ ការ​រស់នៅ និង​ធ្វើ​ការ គឺ​ត្រូវ​គោរព​ច្បាប់​នោះ ជាពិសេស​នៅ​ពេល​យប់ គឺ​មាន​បម្រាម​គោចរ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទេ។

ទាក់ទង​ករណី​ទាហាន​ថៃ បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ក្នុង​ចំនួន​ច្រើន វិល​ត្រឡប់​មក​ប្រទេស​វិញ​នេះ លោក យ៉ា ណាវុធ នាយក​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​លោក​ទទួល​ការ​សុំ​អំពាវនាវ​ឲ្យ​ជួយ​តាម​ទូរស័ព្ទ​ជាច្រើន​ពី​សំណាក់​ពលករ​ខ្មែរ ដែល​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួក​គេ​បាន​វិល​មក​ប្រទេស​វិញ។ លោក​សុំ​ឲ្យ​អាជ្ញាធរ​ថៃ អនុវត្ត​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​វិញ ដោយ​គោរព​តាម​គោលការណ៍​អន្តរជាតិ ដែល​ប្រទេស​ថៃ ជា​ហត្ថលេខី៖ «យើង​អត់​ទាន់​មាន​របាយការណ៍​ថា ពលរដ្ឋ​យើង​ត្រូវ​គេ​ចង គេ​វាយ ឬ​ក៏​បាញ់​សម្លាប់​អី​នៅ​ឡើយ​ទេ។ យើង​គ្រាន់​តែ​បាន​ទទួល​របាយការណ៍​ថា គាត់​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​មួយ ហើយ​ស្នើសុំ​ឲ្យ​ជួយ​សង្គ្រោះ​គាត់​បាន​វិល​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ពីព្រោះ​គាត់​មិន​ដឹង​ទាក់ទង​ទៅ​កន្លែង​ណា ហើយ​មួយ​ទៀត គឺ​អត់​ថវិកា ហើយ​ឥឡូវ​អត់​ការងារ​ធ្វើ»

ប្រទេស​ថៃ ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​និយម​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីនោះ ដោយសារ​មាន​ការងារ​ជាច្រើន​ត្រូវ​ការ​កម្លាំង​ពលកម្ម មិន​ត្រូវ​ការ​ជំនាញ បាន​ទទួល​ប្រាក់​កម្រៃ​ខ្ពស់ និង​ងាយ​ចូល​ចេញ​តាម​ច្រក​របៀង​នានា​ដោយ​ខុស​ច្បាប់។ ប្រភព​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ពលករ​ខ្មែរ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​សរុប​ជាង ៤០​ម៉ឺន​នាក់ ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។