ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​កម្មករ​បន្ត​ប្រក្រតី​ភាព​ការងារ​ផលិតកម្ម

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៥ ធ្នូ បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន អំពាវនាវ​ឲ្យ​កម្មករ និយោជិត សហជីព អង្គការ​ជាតិ និង​អន្តរជាតិ រក្សា​ភាព​នឹងនរ បន្ត​ប្រក្រតី​ភាព​ការងារ​ផលិតកម្ម និង​អាជីវកម្ម ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ និយោជិត និង​សង្គម​ជាតិ​ទាំង​មូល។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​លើក​ឡើង​ថា ក្រោយ​ពី​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា មាន​សហជីព​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​ញុះញង់​ប្រឆាំង​ជំទាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ជីវភាព​របស់​កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន និង​បាន​បំភ្លៃ​ទៅ​ជា​បញ្ហា​នយោបាយ បម្រើ​ឲ្យ​សកម្មភាព​របស់​គណបក្ស​នយោបាយ។

ប្រាក់​ឈ្នួល​អប្បបរមា​ដែល​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រេច​នោះ គឺ​ក្នុង​ឆ្នាំ​២០១៤ ដំឡើង ១៥​ដុល្លារ ធ្វើ​ឲ្យ​ប្រាក់​ខែ​គោល​កម្មករ​កាត់​ដេរ​ឡើង​ពី ៨០​ដុល្លារ ទៅ​ដល់ ៩៥​ដុល្លារ។ ការ​ដំឡើង​នេះ ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៤ ត​ទៅ។ តាម​គម្រោង ការ​ឡើង​នេះ​អាច​ដល់ ១៦០​ដុល្លារ នៅ​ឆ្នាំ​២០១៨។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ប្រកាស​ថា អង្គការ​សហជីព​ដែល​ប្រឆាំង​ជំទាស់​សេចក្តី​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ គឺ​ចាត់​ទុក​ថា ប្រឆាំង​ទៅ​នឹង​ច្បាប់ ប្រឆាំង​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​សហជីព​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​មុខ​កម្មករ និយោជិត និង​ផល​វិបាក​ទាំង​ឡាយ​ដែល​កើត​ឡើង​ដោយសារ​ការ​បំផុស​បាតុកម្ម​ទាមទារ​តាម​ជំហរ​ឯកតោ​ភាគី​របស់​ខ្លួន។

នៅ​ថ្ងៃ​ទី​២៥ ធ្នូ នេះ​ដែរ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សហភាព​សហជីព​កម្ពុជា ដែល​មាន លោក រ៉ុង ឈុន ជា​ប្រធាន​នោះ ពុំ​មែន​ជា​សហជីព​ស្រប​ច្បាប់​ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។