កញ្ញា លីណា ភរទ័រ (Lina Porter) ជនជាតិអាមេរិកាំង នៃទីភ្នាក់ងារស្ម័គ្រចិត្ត ភីស.ឃរ (Peace Corps) របស់សហរដ្ឋអាមេរិក បានទៅធ្វើការនៅប្រទេសកម្ពុជា រយៈពេលពីរឆ្នាំ។ ក្នុងអំឡុងពេលបម្រើការងារស្ម័គ្រចិត្តនៅកម្ពុជា នាងបានបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ នៅវិទ្យាល័យអូររាំងឪ ក្នុងខេត្តកំពង់ចាម និងបានទៅរស់នៅជាមួយគ្រួសារខ្មែរមួយនៅទីនោះ។
កញ្ញា លីណា ដែលចេះនិយាយភាសាខ្មែរបានគួរសមដែរនោះ ឲ្យដឹងថា នាងចូលចិត្តបរិភោគម្ហូបខ្មែរ និងស្រឡាញ់ពេញចិត្តវប្បធម៌ប្រពៃណីខ្មែរ។
អ្នកស្រី ម៉ៅ សុធានី មានសេចក្តីរាយការណ៍អំពីបទពិសោធន៍ការងាររបស់ស្ត្រីជនជាតិអាមេរិកាំង ស្ម័គ្រចិត្តរូបនេះដូចតទៅ៖
បន្ទាប់ពីបានបញ្ចប់បេសកកម្មរយៈពេលពីរឆ្នាំនៅកម្ពុជា កញ្ញា លីណា ភរទ័រ និយាយថា នាងមានក្តីរំភើប និងសប្បាយជាពន់ពេក ដែលមានឱកាសបានជួប និងស្គាល់ប្រជាពលរដ្ឋខ្មែរ បានដឹងអំពីវប្បធម៌ និងប្រពៃណីខ្មែរ ជាពិសេស គឺស្គាល់រសជាតិម្ហូបអាហារខ្មែរ ព្រោះនាងបានរស់នៅជាធម្មតាដូចពលរដ្ឋខ្មែរទូទៅ។ កញ្ញា លីណា បន្តថា នាងបានទៅរស់នៅជាមួយគ្រួសារមួយដែលមានភរិយាជាគ្រូបង្រៀននៅវិទ្យាល័យជាមួយគ្នា ក្នុងខេត្តកំពង់ចាម។ ម្ចាស់ផ្ទះឲ្យបន្ទប់គេងនាងមួយ ពុំមានគ្រែពូកទេ៖ «រៀងរាល់ថ្ងៃក្រោកពីគេង ខ្ញុំមុជទឹក រួចរៀបចំអំពីវិទ្យាល័យ។ ខ្ញុំជិះកង់រាល់ថ្ងៃ និងមានមួកសុវត្ថិភាព។ ខ្ញុំទៅលេងផ្សារជាមួយពួកម៉ាកខ្ញុំ។ ខ្ញុំទៅផ្ទះវិញ ញ៉ាំម្ហូបខ្មែរជាមួយគ្រួសារខ្ញុំ។ ខ្ញុំគេងនៅលើក្ដារមានមុង ហើយមានមូសច្រើនៗ។ ស្រុកខ្មែរខ្ញុំអត់មានបញ្ហា ខ្ញុំស្រឡាញ់ស្រុកខ្មែរច្រើនៗ»។
ទីភ្នាក់ងារស្ម័គ្រចិត្តភីស.ឃរ របស់សហរដ្ឋអាមេរិក បង្កើតឡើងដំបូងនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៦១ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន អេហ្វ ខេនឺឌី (John F. Kennedy)។ គោលបំណងសំខាន់នៃអង្គការនេះ គឺផ្តល់លទ្ធភាពឲ្យពលរដ្ឋអាមេរិកាំង ស្វែងយល់ពីប្រជាពលរដ្ឋជាតិសាសន៍ដទៃទៀតក្នុងពិភពលោក។ អង្គការនេះ បញ្ជូនអ្នកស្ម័គ្រចិត្តឲ្យទៅធ្វើការផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន សាលារៀន និងសហគមន៍របស់ពួកគេ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពលរដ្ឋ ឲ្យបានកាន់តែប្រសើរជាងមុន នៅក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ។ ចាប់តាំងពីបង្កើតរហូតមកដល់សព្វថ្ងៃ អង្គការនេះមានអ្នកស្ម័គ្រចិត្ត និងអ្នកហ្វឹកហាត់សរុប ២១ម៉ឺន ៥ពាន់នាក់ បម្រើការងារក្នុងប្រទេសចំនួន ១៣៩ ទូទាំងពិភពលោក។ ទីភ្នាក់ងារស្ម័គ្រចិត្តភីស.ឃរ មានកម្មវិធីជួយដល់ប្រទេសកម្ពុជា ដំបូង កាលពីឆ្នាំ២០០៧ ហើយបច្ចុប្បន្ន មានអ្នកស្ម័គ្រចិត្តចំនួន ១០០នាក់ ជួយផ្នែកវិស័យអប់រំ សុខភាព សេដ្ឋកិច្ច កសិកម្ម និងបរិស្ថាន។
កញ្ញា លីណា ភរទ័រ បានទៅធ្វើការស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ នៅវិទ្យាល័យអូររាំងឪ ក្នុងខេត្តកំពង់ចាម ចាប់ពីខែកក្កដា ឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០១១។ នាងថា សិស្សទាំងអស់មានការខិតខំរៀនសូត្រណាស់ ជាពិសេសពួកគេសប្បាយចិត្តនឹងមានឱកាសហ្វឹកហាត់និយាយភាសាអង់គ្លេសជាមួយគ្រូបង្រៀនបរទេស៖ «ខ្ញុំបង្រៀនសិស្សក្មេងៗពីរដូវអាមេរិកាំង ភាសាអង់គ្លេស និងវប្បធម៌អាមេរិកាំង។ សំណួរ៖ កូនសិស្សគេចាប់អារម្មណ៍អ្វីខ្លះទៅ? លីណា៖ សិស្សខ្ញុំស្រឡាញ់វប្បធម៌អាមេរិកាំង និងអំពីកីឡាអាមេរិកាំង។ សំណួរ៖ តើការបង្រៀនរបស់ លីណា ហ្នឹង ឃើញថាសិស្សយ៉ាងម៉េចដែរ? លីណា៖ ខ្ញុំសប្បាយចិត្តណាស់ សិស្សខ្ញុំឆ្លាតមែនទែន និយាយភាសាអង់គ្លេសបានល្អ ហើយសិស្សខ្ញុំខ្មាសអៀនច្រើន»។
ក្រៅតែពីបង្រៀនសិស្សនៅវិទ្យាល័យអូររាំងឪ នៅពេលទំនេរថ្ងៃសម្រាកចុងសប្ដាហ៍ កញ្ញា លីណា ភរទ័រ បានទៅវត្តអារាម និងស្តាប់ព្រះសង្ឃសូត្រធម៌។ បន្ថែមពីនេះ កញ្ញាក៏ឆ្លៀតរៀនភាសាខ្មែរពីព្រះសង្ឃ និងបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃវិញ។ លីណា មានគម្រោងចង់ទៅលេងស្រុកខ្មែរនៅខែមេសា ឆ្នាំ២០១៥ ខាងមុខ៖ «ខ្ញុំនឹកប្រទេសកម្ពុជា ច្រើនណាស់។ កម្ពុជា រាល់ថ្ងៃក្នុងបេះដូងខ្ញុំ ខ្ញុំនឹកក្មេងៗ ខ្ញុំនឹកម្ហូប ខ្ញុំនឹកពួកម៉ាកច្រើន។ ប្រទេសខ្មែរមានមនុស្សមិត្តភាពច្រើន មានចិត្តល្អ មនុស្សសុភាពច្រើន ខ្ញុំនឹកម្ហូបខ្មែរ ខ្ញុំនឹករៀបការខ្មែរ ពីព្រោះរៀបការខ្មែរធំជាងរៀបការអាមេរិកាំង មានម្ហូបច្រើនៗណាស់ មានរាំស្អាត សប្បាយៗ ខ្ញុំចេះរាំខ្មែរ»។
កញ្ញា លីណា ភរទ័រ បន្តថា រយៈពេលពីរឆ្នាំនៅប្រទេសកម្ពុជា នាងបានស្គាល់ និងយល់ដឹងច្រើនពីការរស់នៅរបស់គ្រួសារខ្មែរ វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ ដែលនាងស្រឡាញ់ និងគោរពជាពន់ពេក។ នាងកំពុងស្វែងរកការងារធ្វើជាមួយស្ថានទូតអាមេរិក ប្រចាំកម្ពុជា ឬជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីអាចវិលត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជា ដែលនាងតែងតែស្រមៃជាប់ជានិច្ចក្នុងបេះដូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
