ក្រសួង​អប់រំ​បង្ហាញ​ជម្រើស​សិក្សា​ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់​បាក់ឌុប​ឆ្នាំ​នេះ

0:00 / 0:00

ក្រសួង​អប់រំ បង្ហាញ​ជម្រើស​សិក្សា ចំពោះ​សិស្ស​ថ្នាក់​ទី​១២ និង​បេក្ខជន​ស្វ័យរិន ក្រោយ​ប្រឡង​ធ្លាក់ សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ (បាក់ឌុប)។

សិស្ស​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ ហៅថា​បាក់​ឌុប អាច​មាន​ជម្រើស ជាច្រើន​ទៀត ដើម្បី​បន្ត​ការសិក្សា។ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា​ឆ្នាំនេះ ការ​ប្រឡង​បាក់​ឌុប​មាន​ពីរ​លើក ហើយ​អ្នកចេះ​គឺ​ជាប់ និង​ការ​ទៅ​ប្រឡង គឺ​ទៅ​បញ្ចេញ​សមត្ថភាព ចំណេះដឹង​មិនមែន​ទៅ​ចម្លង ដើម្បី​បាន​ទទួល​សញ្ញាប័ត្រ​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក រស់ សាលីន មានប្រសាសន៍ នៅ​ថ្ងៃអាទិត្យ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ថា​ការ​ប្រឡង​ធ្លាក់ មិន​មាន​ន័យ​ថា សិស្ស​និង​បេក្ខជន​ស្វ័យរិន​ទាំងនោះ ដើរ​ដល់​ចំណុច​ទាល់ច្រក​ទេ។ លោក​ថា​ជម្រើស​៣​ប្រភេទ ដែល​សិស្ស និង​បេក្ខជន​ស្វ័យរិន អាច​បន្ត​រៀន​បាន​គឺ ទី​១ អាច​រៀន​ត្រួតថ្នាក់​ទី​១២​ឡើងវិញ ទី​២​អាច​រៀន​ជំនាញ​បច្ចេកវិជ្ជា​ផ្សេងៗ និង​ទី​៣ អាច​រៀន​បរិញ្ញាបត្រ​រង​១​ឆ្នាំ បូក​និង​មួយ​ឆមាស ហើយ​បន្ត​រៀន​៤​ឆ្នាំ យក​បរិញ្ញាបត្រ។

លោ​កថា​ការ​រៀន​ពី​បរិញ្ញាបត្រ​រង ទៅ​ជា​បរិញ្ញាបត្រ​នេះ គឺជា​សញ្ញាប័ត្រ​ចុងក្រោយ ដែល​ក្រសួង​អប់រំ បាន​ទទួល​ស្គាល់ ថា​មានតម្លៃ​ជាង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ពួកគេ​មិនបាន​ប្រឡង​ជាប់​នោះ៖ « ក្នុង​ការ​ប្រឡង​ទាំង​២​លើក​នេះ យើង​សរុប​បេក្ខជន​ជាប់​ទៅ​ទាំង​២​លើក​គឺ​មាន ៣​ម៉ឺន​៣៩៩៧​នាក់ ជា​ចំនួន​សរុប​ត្រូវជា​៤០ , ៦៧ % នៃ​បេក្ខជន​ដែល​បាន​ប្រឡង​ទាំង​២​លើក។ ហើយ​ដោយ​ឡែក ចំពោះ អ្នក​ធ្លាក់​មាន​ដល់​ទៅ​ជាង​៥០ % ។ ហើយ​ចំនួន​នេះ​គាត់​អាច​មាន​ជម្រើស​៣​យ៉ាង ចំពោះ​ជម្រើស​ទី​៣​គាត់​អាច​រៀន​កម្រិត​បរិញ្ញាបត្រ​រង នៅ​ពេល​ដែល​គាត់​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ ហើយ​គាត់​ធ្លាក់ ហើយ​គាត់​ត្រូវ​មាន​លិខិតបញ្ជាក់​មួយ អីចឹង​គាត់​អាច​រៀន បរិញ្ញាបត្រ​រង​នៅ​តាម​គ្រឹះស្ថាន ឧត្ដម​សិក្សា​នានា ដោយ​នៅ​ក្នុង​នោះ គឺថា​នៅ​ឆ្នាំ​២០០០​ក្រសួង​មាន សេចក្ដី​សម្រេច​មួយ ពាក់ព័ន្ធ​នឹង​ការ​បើក​ឲ្យ​បង្រៀន កម្រិត​បរិញ្ញាបត្រ​រង​នេះ​គឺ​មាន​កម្រិត​២​ឆ្នាំ ហើយ​៥០ %​ ជាង​ធ្លាក់​នេះ គាត់​អាច ដោយ​ក្នុង​នោះ​នៅ​ពេល​ដែល​គាត់​ចប់ បរិញ្ញាបត្រ​រង គាត់​អាច​រៀន​បន្ថែម​មួយ​ឆមាស ដើម្បី​ឈោង បន្ត​ទៅដល់​បរិញ្ញាបត្រ ឬមួយ​គាត់​អាច​រៀន នៅ​ក្នុង​ករណី​ដែល​គាត់​ដូរ ពីមុខ​ជំនាញ​បរិញ្ញាបត្រ​រង ទៅមុខ​ជំនាញ​ថ្មី​មួយទៀត នៅ​ពេល​ដែល​គាត់ បន្ត​បរិញ្ញាបត្រ ដូច្នេះ​គាត់​ត្រូវតែ​រៀន​ថែម នៅ​ឆ្នាំ​ទី​២ នៃ​មុខវិជ្ជា​ថ្មី​មួយ ឆមាស​ទៀត អ៊ីចឹង​សរុប រួម​ទៅ​គាត់​អាច​ចំណាយ​ពេល បន្ថែម​លើស​១​ឆ្នាំ​ប្រៀប ធៀប​ទៅ​អ្នក​ដែល​ជាប់ សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ។ ដូច្នេះ​ជា​ជម្រើស​មួយ ដែល​បេក្ខជន​ដែល​ធ្លាក់ នៅ​ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​នេះ គឺ​មិនមែន​មានន័យថា គាត់​ដើរ​ដល់​ផ្លូវ​ទាល់​ទេ »

តារាង​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា បង្ហាញ​អំពី​ពិន្ទុ​សិស្ស​ប្រឡង ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៣ ២០១៤ លើក​ទី​១ និង​ទី​២ ពិន្ទុ​ជាប់​ខ្ពស់​បំផុត​គឺ ៥០០​ពិន្ទុ និង​ពិន្ទុ​ជាប់​ទាប​បំផុត ពី​២៣៧​ពិន្ទុ​ឡើង​ទៅ។

បេក្ខនារី​ប្រឡង​ធ្លាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា គាត់​ឆ្ងល់​ពី​ការ​ដំឡើង​ពិន្ទុ ដែល​ជាប់​ទាប​បំផុត នៅ​លើកទីមួយ​១ តែ​៧៥​ក្បៀស ប៉ុន្តែ​នៅ​លើ​ក​ទី​២ ជាប់​ទាប​បំផុត ជាង​៨៤​ក្បៀស គឺ​ខ្ពស់​ជាង​អ្នក​ជាប់​ទាប​បំផុត នៅ​លើក​ទី​១ ជិត​១០​ក្បៀស « ការ​ពី​ប្រឡង​លើក​ទី​១ វា​ខុសគ្នា​នឹង ប្រឡង​លើក​ទី​២ ដោយសារ តែ​ក្បៀស​លើក​ទី​១​វា ៧៥​ក្បៀស តែ​លើក​ទី​២ នឹង​វា​ឡើង​ដល់ ៨៤ , ៥០ ហើយ​ខ្ញុំ​ប្រឡង​បាន ៧៧​ក្បៀស​ហើយ នៅតែ​មិន​ជាប់​ទៀត ដោយសារ​កំណែទម្រង់​ខ្ញុំ​អត់​សូវ​យល់​ទេ តើ​ធ្វើ​អីចឹង​ចង់​ទម្លាក់​សិស្ស​ឬក៏​យ៉ាងម៉េច សុំ​ជួយ​ពន្យល់ខ្ញុំ​ផង ព្រោះ​ខ្ញុំ​អត់​យល់​ពិន្ទុ »

បេក្ខនារី ប្រឡង​ធ្លាក់​មួយ​រូប​ទៀត អះអាង​ថា​គាត់​ចង់​រៀន​ត្រួតថ្នាក់ ប៉ុន្តែ​គាត់​ចង់​រៀន តែ​ជាមួយ សិស្ស​ដែល​ទើប​ប្រឡង​ធ្លាក់​ថ្មីៗ ដើម្បី​ឲ្យ​ការសិក្សា កាន់តែ​ឈាន​ទៅ​មុខ ប្រសើរ​ជាង​រៀន​ជាមួយ​សិស្ស​ឡើង​ពី​ទី​១១។ យុវតី​សួរ​បន្ត​ថា​ប្រសិន​បើ​សិស្ស​ធ្លាក់ ជាង​៥​ម៉ឺន​នាក់ ចង់​រៀន​ត្រួតថ្នាក់ ទាំងអស់​គ្នា តើ​សាលា​រដ្ឋ មាន​កៅអី​សម្រាប់​ឲ្យ​សិស្ស​អង្គុយ​រៀន​លើស​ពី​៦០​នាក់ ក្នុង​១​ថ្នាក់​ឬទេ?៖ « តើ​សិស្ស​ទី​១២ ប្រមាណ​៥​ម៉ឺន​នាក់​ប្រឡង​ធ្លាក់​នឹង​បើសិនជា​ក្រសួង​ឲ្យ​រៀន​ត្រួតថ្នាក់​នឹង តើ​មាន​ថ្នាក់ ឲ្យ​គេ​រៀន​អត់ ត្រូវ​តែ​មាន​អ្នកខ្លះ​បោះបង់ចោល​ការសិក្សា​ហើយ ពីព្រោះ​អី​គេ​បាក់​ទឹកចិត្ត នឹង​ការ ប្រឡង ហើយ​ពិន្ទុ​ក្បៀស​ឡើង ដល់​ទៅ​៨៤​ក្បៀស​៤ ៥​រយ ជាង​ឯណោះ ហើយ​ខ្ញុំ​បាន​ដល់​ទៅ ៨០​ក្បៀស ជាង​ដែរ ម៉េច​ក៏​ខ្ញុំ​ធ្លាក់​ទៀត ហើយ​ឡើង​ក្បៀស​ជាង​លើក​ទី​១​ដល់​ទៅ​១០​ក្បៀស​។ លើក​ទី​១ ខ្ញុំ​ប្រឡង​បាន​ជិត​៧៤​ក្បៀស​ជាង​ខ្វះ​បន្តិច ហើយ​ខ្ញុំ​ចង់​សួរ​ថា ប្រសិនជា​អ្នក​ធ្លាក់​ចូលរៀន​បរិញ្ញាបត្រ​រង តើ​សញ្ញាប័ត្រ​ពួក​ខ្ញុំ​នឹង​ក្រសួង​ទទួលយក​ឬ​អត់ ពេល​ខ្ញុំ​ត្រូវការ​ដាក់​ឌឺម៉ង់ ចូល​ធ្វើ​ការ​កន្លែង​ណា​អី​ផ្សេងទៀត តើ​គេ​យក​បរិញ្ញាបត្រ​រង​ឬ​អត់ ? ព្រោះ​អី​ខ្ញុំ​ខំ​ប៉ិន​ណឹង​ដែរ អស់​លទ្ធភាព​របស់ខ្ញុំ​ប៉ុណ្ណឹង​ហើយ »

ពន្យល់​ទៅ​នឹង​សំណួរ​សិស្ស​នោះ លោក រស់ សាលីន ឲ្យ​ដឹង​ថា ពិន្ទុ​៧៥​ក្បៀស និង​៨៥​ក្បៀស ជា​លំដាប់​ពិន្ទុ មិនមែន​មធ្យម​ភាគ​ពិន្ទុ​ទេ។ លោក​ថា​សិស្ស អាច​ជាប់​គឺ​បាន​ពិន្ទុ​នៅ​លើក​ទី​១ និង​លើក​ទី​២ គឺ​ពិន្ទុ ចាប់ពី​២៣៧ ឡើង​ទៅ​ដល់​៥០០​ពិន្ទុ « នៅ​ពេល​ដែល​បេក្ខជន ដែល​បាន​ប្រឡង​ជាប់​កាន់តែ​តិច មាន​ន័យថា​លំដាប់​ពិន្ទុ នឹង​គឺ​ទាល់​តែ​ខ្ពស់​បន្តិច​ទើប​អាច​ជាប់ ក្នុង​ន័យ​នេះ​មានន័យថា​នៅ​ក្នុង បេក្ខជន​៦​ម៉ឺន​០៦១១​នាក់​នេះ នៅ​ពេល​ដែល​ចំនួន​អ្នក​ជាប់​កាន់តែ​តិច ធ្វើ​ឲ្យ​លំដាប់​ពិន្ទុ​រំលោក​ទៅលើ​កាន់តែ ខ្ពស់​មានន័យថា​យើង​មើល ពិន្ទុ​២៣៧។ ដោយឡែក​ដោយសារ​លើក​ទី​២​នេះ អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ គឺ​បាន​និទ្ទេស​ C អ៊ីចឹង​និទ្ទេស C​ នេះ មានន័យថា​លំដាប់​ពិន្ទុ​គាត់​១០០ % ។ ១០០ %​ នឹង​គឺ​សំដៅ​ទៅលើ​គាត់​នឹង​ខ្ពស់​ជាងគេ បន្ទាប់​មក​ទៀត​អ្នក​ដែល​បាន​ពិន្ទុ បន្ទាប់​បន្ត​គាត់​មក​នឹង​៩៩ , ៩៩ ត​រហូតមកដល់​ត្រឹម ៨០ជាង​៨៥ ៨៦ គឺ​អ្នក​ដែល​ទាប​ជាងគេ ក្នុង​កម្រិត​ពិន្ទុ​ជាប់។ ដូច្នេះ​កាលណា​យើង​មើល​លំដាប់​ពិន្ទុ​នេះ គឺ​មិនមែន​ជា​ការ វាយតម្លៃ​មធ្យមភាគ​នៃ​ការ​ជាប់​ទេ មានន័យថា​លំដាប់​ពិន្ទុ ពី​អ្នក​ដែល​ពិន្ទុ​ខ្ពស់ ជាងគេ រហូត​មក​ដល់​ពិន្ទុ អ្នក​ជាប់​ទាប​ជាងគេ »

មាតាបិតា​សិស្ស​ខ្លះ​អះអាង​ថា កំណែទម្រង់​នៃ​ការសិក្សា​នៅ​ឆ្នាំ​២០១៣ ២០១៤​នេះ លឿន​ពេក បណ្ដាល​ឲ្យ​សិស្ស ដែល​ធ្លាប់តែ​រៀន ត្រូវ​បង់លុយ​គ្រូ និង​រៀន​គួរ​ក្នុង​ម៉ោង​រៀន តាំងពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​សិស្ស​ខ្លះ រៀន​១៣​ទៅ​១៤​ឆ្នាំ មក​ធ្លាក់​យ៉ាង​ស្រួល នៅ​ពេល​ប្រឡង​បាក់​ឌុប លើក​ទី​១ និង​ទី​២​ឆ្នាំនេះ។

បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បញ្ជាក់​ថា​ក្រសួង​មិនបាន​កែទម្រង់​ការសិក្សា នៅ​ពេល​ជិត​ដល់​ប្រឡង​នោះ​ទេ គឺ​ក្រសួង​ឲ្យ​គ្រូ​គ្រប់​សាលា ប្រាប់​សិស្ស​ឲ្យ​ខំ​រៀន​ទើប​ជាប់ មិនមែន​ទៅ​ប្រឡង គឺ​ទៅ​ចម្លង​នោះ​ទេ៖ « ចំពោះ​វិញ្ញាសា​ដែល​ក្រសួង ដាក់​នេះ​គឺ រាល់​សំណួរ​ទាំងអស់​គឺ នៅ​ក្នុង​មេរៀន គឺ​ចំណុច​ទី​១​។ ចំណុច​ទី​២ កម្រិត​នៃ​ការ​ចេញ​វិញ្ញាសា​នោះ​គឺ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​កន្លង​មក មាន​ចំណុច​ខ្លះ​យើង​កាត់​តិច​ជាង​ផង កម្រិត​ប្រហែល​គ្នា ហើយ​មាននៅ​ក្នុង​មេរៀន​ទាំងអស់។ ហើយ​អ្វី​ដែល​ក្រសួង ធ្វើ​កំណែ​ទម្រង់ ហើយ​ផ្ដោត​សំខាន់​បំផុត​ជាងគេ​នោះ គឺ​នីតិ​វិធី​នៃ​ការ​អនុវត្ត​ការងារ មានន័យថា​ឲ្យ​បេក្ខជន​នេះ​ទៅ​ប្រឡង ដោយ​កន្លងមក យើង​មាន​ទទួល​ការ​រិះគន់​ថា បេក្ខជន​នេះ មិន​ទៅ​ប្រឡង​ទេ​គឺ​ទៅ​ចម្លង »

សិស្ស​ដែល​ទើប​ប្រឡង​ធ្លាក់​ថ្មីៗ អះអាង​ថា​ពួកគេ​មាន​មោទនភាព នឹង​ការ​ប្រឡង​ឆ្នាំ​២០១៤​នេះ ព្រោះ​ពួកគេ បាន​បញ្ចេញ​ចំណេះដឹង និង​ប្រាជ្ញា​ពី​ក្នុង​ខ្លួន មិនបាន​ចម្លង​ដើម្បី​ជាប់ ដូច​អ្នក​ប្រឡង នៅ​ឆ្នាំ​មុនៗ​កន្លងទៅ​ទេ សូម្បីតែ​ពិន្ទុ​របស់​ពួកគេ​ធ្លាក់ ក៏​ពិន្ទុ​ខ្ពស់​ជាង​អ្នក​ជាប់ កាលពី​ឆ្នាំ​កន្លងទៅ ដែរ « ព្រោះ​អត់​បាន​ចម្លង​ទេ អត់​ចម្លង​ហើយ​អ្នក​ចុះ​សង្កេត​ការ ក៏​មាន​ច្រើន ហើយ​អំពើពុករលួយ អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​ធ្លាក់​យ៉ាងម៉េច​ក៏ដោយ ក៏​ខ្ញុំ​មាន​កិត្តិយស​ជា​អ្នក​ប្រឡង​ឆ្នាំ​មុនៗ​ដែរ »

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា​ចំនួន​បេក្ខជន ដែល​បាន​​ដាក់ពាក្យ​ប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប ឆ្នាំ​សិក្សា​២០១៣ ២០១៤ មាន​ចំនួន​ជិត ៩ ម៉ឺន​នាក់។ លទ្ធផល​ប្រឡង​លើក​ទី​២ ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី ៣១ ខែ​តុលា មាន បេក្ខជន​ប្រឡង​ជាប់ សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប ចំនួន​ជាង ១​ម៉ឺន​នាក់ ដែល​ស្មើ​​នឹង ១៧,៩៤% នៃ​បេក្ខជន​ដែល​មាន​វត្តមាន​ប្រឡង។

កាលពី​ប្រឡង​បាក់​ឌុប លើក​ទី​១ នៅ​ថ្ងៃ​ទី​៤-៥ ខែ​សីហា ឆ្នាំ​២០១៤ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ២៣.១២៦​នាក់ ត្រូវជា ២៥,៧២ ភាគរយ ក្នុង​នោះ​ជាប់​និទ្ទេស A ចំនួន​១១​នាក់ និង​និទ្ទេស B ចំនួន​២៨០​នាក់។ ការ​ប្រឡង​លើក​ទី​២ ពុំ​មាន​បេក្ខជន​ជាប់​និទ្ទេស A ឬ B ទេ គឺ​ទទួល​បាន​និទ្ទេស C ចំនួន​១​នាក់ និទ្ទេស D ចំនួន​៥៥​នាក់ និង​និទ្ទេស E ចំនួន ១​០.៨១៥ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។