រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង យល់ព្រមសាងសង់អគារថ្មី២ កម្ពស់ ៥ជាន់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុង ដែលឋិតនៅក្រោយអគារចាស់ ដើម្បីអោយបុគ្គលិកពេទ្យដែលនឹងត្រូវប្ដូរចេញពីអគារចាស់បានធ្វើការដូចដើម។
ការព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយរវាងក្រុមគ្រូពេទ្យ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ។ យ៉ាងណា កិច្ចប្រជុំបិទទ្វារនោះ មិនបានអនុញ្ញាតអោយអ្នកសារព័ត៌មានចូលយកព័ត៌មានឡើយ។
ថ្លែងនៅក្រោយកិច្ចប្រជុំប្រធានមន្ទីរពេទ្យបង្អែកក្រុងភ្នំពេញ លោកវេជ្ជ ណេត សុវីរៈ អោយដឹងថា លោករដ្ឋមន្ត្រី និងក្រុមគ្រូពេទ្យ បានព្រមព្រៀងគ្នាចំពោះគម្រោងសាងសង់អគារថ្មីនោះ ប៉ុន្តែពុំទាន់កំណត់ពេលជាក់លាក់នៅឡើយ៖ «បានហើយបន្ថែមអគារអោយទៀត។ អគារប្រហែលជាកន្លែង២នេះ ព្រោះយើងនឹងធ្វើការសិក្សារយៈពេលប៉ុន្មាន អត់ទាន់កំណត់ទេ គ្រាន់តែថានឹងមានអគារ២ទៀតហើយ បើតាមសម្ដីរបស់គាត់ (រដ្ឋមន្ត្រី) ថាមិញ។ តើទីតាំងចាស់នឹងធ្វើអ្វី? ទីតាំងចាស់ខ្ញុំអត់ដឹងទេ។ ប៉ុន្តែយើងត្រូវបន្ថែម២អគារទៀត។ ថវិការដ្ឋ ឬរបស់ក្រុមហ៊ុនដែរ? ខ្ញុំអត់ដឹងទេ»។
បុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ប្រមាណ ១០០នាក់ កាលពីថ្ងៃអង្គារ ទី២៥ កុម្ភៈ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ា ដើម្បីប្រឆាំងថ្នាក់ដឹកនាំរបស់ខ្លួន ដែលបានបង្ខំឲ្យរុះរើកន្លែងធ្វើការទៅកាន់ទីតាំងផ្សេងតូចចង្អៀតជាងមុន។
ឆ្លើយតបចំពោះដំណោះស្រាយនេះ ក្រុមគ្រូពេទ្យអះអាងប្រហាក់ប្រហែលគ្នាថា ពួកគាត់នឹងបន្តធ្វើការនៅកន្លែងចាស់រហូតដល់អគារថ្មីបានសាងសង់រួច៖ «នេះគ្រាន់តែជាការបន្សាបអារម្មណ៍កុំអោយពួកយើងក្តុកក្តួលពេក កុំអោយពួកយើងបះបោរទៀត ហើយពួកយើងអត់ព្រមចេញពីអគារហ្នឹងដាច់ខាត។ លុះត្រាតែអគារហ្នឹងសាងសង់រួច បានយើងអាចចូលម៉ោ។ ហើយនៅពេលដែលយើងសង្កេតឃើញថា គុណភាពសំណង់អាចទទួលយកបាន មានគុណភាព សោភណភាព ហើយជាអគារមួយសមរម្យ ដែលអាចទទួលយកបុគ្គលិកដែលធ្វើការនៅខាងមុខ។ ចំពោះខ្ញុំ ការដោះដូរអ្វីដែលអតីតកាល អ្វីដែលដោះដូរជាការលក់ដូរ។ ប៉ុន្តែ ឥឡូវគាត់បានបំភ្លឺហើយថា ការដោះដូរពេលនេះជាការអភិវឌ្ឍ។ យើងនៅតែសង្កត់ថា សូមអោយជាការអភិវឌ្ឍដ៏ពិតប្រាកដ មិនមែនការអភិវឌ្ឍពីធំទៅតូចទេ»។
ក្រុមបុគ្គលិកពេទ្យអោយដឹងដែរថា ដើម្បីសង់អគារ២ទៀតបាន នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក គឺចាំបាច់ត្រូវវាយអគារចាស់ចំនួន២ចោល។ អគារថ្មីចំនួន២ កម្ពស់ ៥ជាន់ ទំនងថាអាចទទួលបុគ្គលិកប្រមាណ ៣០០នាក់ ដែលមកពី ១១ផ្នែក រួមនឹងបុគ្គលិកពីមន្ទីរពេទ្យបង្អែកចំការមន និងបុគ្គលិកមណ្ឌលសុខភាព ៧មករា ដែលបច្ចុប្បន្នកំពុងធ្វើការរួមគ្នាក្នុងអគារនៃមន្ទីរពេទ្យបង្អែកក្រុង ដែលឋិតនៅតាមបណ្ដោយផ្លូវឆេកូស្លូវ៉ាគី ដែលនឹងត្រូវដោះដូរចេញក្រោមស្លាកអភិវឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
