ក្រសួង​ការងារ​បង្ហាញ​កាល​បរិច្ឆេទ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​​២០១៧

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​កាល​បរិច្ឆេទ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​​ឆ្នាំ​២០១៧។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី៦ មិថុនា បង្ហាញ​ថា នៅ​ខែ​កក្កដា នឹង​ចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ ហើយ​សម្រាប់​ខែ​សីហា និង​ខែ​កញ្ញា នឹង​មាន​ការ​ពិភាក្សា​​ទ្វេភាគី និង​ត្រី​ភាគី។ លុះ​ដល់​ដើម​ខែ​តុលា គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​ប្រជុំ​សម្រេច​ប្រាក់​ឈ្នួល ដើម្បី​កំណត់​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន ចាប់​ថ្ងៃ​ទី​១ មករា ២០១៧។

ចំពោះ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ក្រសួង​រំលឹក​ដល់​ភាគី​ពាក់ព័ន្ធ ឲ្យ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ ដូចជា​អតិផរណា ភាព​ប្រកួតប្រជែង​ជាដើម ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

នៅ​ឆ្នាំ​២០១៦ ប្រាក់​ឈ្នួល​កម្មករ​បាន​កើន​ឡើង​១២​ដុល្លារ លើស​ឆ្នាំ​២០១៥ ដែល​មាន​ត្រឹម​១២៨​ដុល្លារ​ក្នុង​១​ខែ ខណៈ​សហជីព និង​កម្មករ​មួយ​ចំនួន​អះអាង​ថា ចំនួន​នេះ​នៅ​តិច​តួច​បំផុត និង​មិន​អាច​ធានា​ឲ្យ​កម្មករ​រស់​នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​បានឡើយ។ ​កាល​ពី​ដើម​ឆ្នាំ​២០១៤ មាន​កម្មករ​ជាច្រើន​នាក់ បាន​ចេញ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល រហូត​ដល់​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​សមត្ថកិច្ច នៅ​លើ​ផ្លូវ​វ៉េងស្រេង និង​បណ្ដាល​ឲ្យ​កម្មករ​៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។