កម្ពុជា​រំពឹង​ថា​អាច​នឹង​ទាញ​ភ្ញៀវ​ទេសចរ​​ពី​​យុទ្ធនាការ​ទិសដៅ​មួយ​ព្រះរាជាណាចក្រ​ពីរ

ក្រសួង​ទេសចរណ៍​​រំពឹង​ថា កម្ពុជា​អាច​នឹង​ទទួល​ភ្ញៀវ​ទេសចរណ៍​​បន្ថែម​ទៀត បើ​បង្កើន​ការ​ផ្សព្វផ្សាយ​លើ​យុទ្ធនាការ​ទិសដៅ​មួយ​ព្រះរាជាណាចក្រ​ពីរ។

យុទ្ធនាការ​ទិសដៅ​មួយ​ព្រះរាជាណាចក្រ​ពីរ ជាមធ្យោបាយទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា និង​ថៃ ដោយ​ទិដ្ឋាការ​រួមគ្នា (Single Visa)។ ​យុទ្ធនាការ​នេះអនុវត្ត​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក ដើម្បី​ជា​គំរូ​សម្រាប់​អនុវត្ត​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ក្នុង​នោះ​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​តែ​ត្រឹម​ជាង​៣រយ​នាក់ (៣៦០)ប៉ុណ្ណោះគិត​ត្រឹម​ខែ​មិថុនា​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន បាន​អះអាង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា យុទ្ធនាការ​នេះ​នៅ​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​តិចតួច​ណាស់ ចូល​មក​កម្ពុជា។

លោក ថោង ខុន បន្ត​ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​​ទូលំ​ទូលាយ ឬ​ក៏​ធ្វើ​ការ​កែ​សម្រួល​ចំណុចខ្លះ​ទៀត នៅ​ពេល​ប្រជុំ​ជាមួយ​ប្រទេស​ក្នុង​តំបន់​នៅ​ពេល​ខាង​មុខ៖ «យើង​នៅ​ជជែក​គ្នា​បន្ត​ទៀត និង​ពិនិត្យ​មើល​ស្អី​កន្លង​មក​ដែល​មាន​បញ្ហា យើង​ត្រូវ​កែ​សម្រួល ឬ​ធ្វើ​យ៉ាង​ម៉េច និយាយ​រួម​ការ​ផ្សព្វផ្សាយ​នៅ​បាន​តិច ដែល​យើង​ត្រូវ​កែ​សម្រួល​ឡើង​វិញ»។

យ៉ាង​ណា​ក៏​ដោយ​លោក ថោង ខុន បញ្ជាក់​ថា យុទ្ធនាការ​ទិសដៅ​មួយ​ព្រះរាជាណាចក្រ​ពីរ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​កម្ពុជា ចំពោះ​ប្រទេស​​ដែល​គ្មាន​ស្ថានទូត ឬ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ការ តែ​មាន​ស្ថានទូត ឬ​អគ្គ​កុងស៊ុល​ថៃ​នៅ​ប្រទេស​នោះ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង​១លាន​៦សែន​នាក់ ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០១៥ ដោយ​មាន​កើន​ឡើង​ជាង​៤​ភាគរយ បើ​ប្រៀបធៀប​នឹង​៤​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។