ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ត្រៀមបើកវេទិកាសាធារណៈស្ដីពីវិស័យកីឡា ដើម្បីស្វែងរកយុទ្ធសាស្ត្រពីផ្នែកពាក់ព័ន្ធនានា ជំរុញឲ្យកីឡាកម្ពុជា រីកចម្រើនលើឆាកអន្តរជាតិ។ តាមរយៈវេទិកានេះ មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានជំនឿថា នឹងនាំឲ្យវិស័យកីឡាកម្ពុជា មានសក្ដានុពល ឬមានការគាំទ្រកាន់តែទូលំទូលាយនៅថ្ងៃអនាគត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ត្រៀមជួបជាមួយមន្ត្រីសហព័ន្ធកីឡានានា និងមន្ត្រីក្រោមឱវាទក្រសួងអប់រំពាក់ព័ន្ធខាងកីឡា ដើម្បីពិភាក្សាអំពីការពង្រឹងវិស័យកីឡា និងអំពីទីកន្លែងលេងកីឡា។
តាមគម្រោង វេទិកានេះត្រូវរៀបចំឡើងនៅថ្ងៃទី៩ ខែកញ្ញា នាពហុកីឡាដ្ឋានជាតិអូឡាំពិក ប៉ុន្តែត្រូវលើកពេលទៅថ្ងៃទី១៨ ខែកញ្ញា សប្ដាហ៍ក្រោយវិញ ព្រោះលោក ហង់ ជួនណារ៉ុន និងមន្ត្រីពាក់ព័ន្ធជាប់រវល់ប្រជុំ។
ក្រសួងអប់រំយុវជននិងកីឡា ឲ្យដឹងថា សមាសភាពចូលរួមក្នុងវេទិកាសាធារណៈកីឡានេះ គឺជាមន្ត្រីជាប់ព័ន្ធវិស័យកីឡា ចំណុះឲ្យក្រសួងអប់រំ និងមន្ត្រីសហព័ន្ធកីឡានានា មានដូចជាមន្ត្រីមកពីនាយកដ្ឋានកីឡាទាំង ៤ របស់ក្រសួងអប់រំ គឺនាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា តាមរយៈការបង្កើតឲ្យមានវេទិកាសាធារណៈរបស់ក្រសួងអប់រំ នឹងនាំឲ្យមានកំណែទម្រង់វិស័យកីឡាកម្ពុជា កាន់តែប្រសើរនៅថ្ងៃអនាគត។
លោកបន្តថា សព្វថ្ងៃនេះ កម្ពុជាមានសហព័ន្ធជាតិ សហព័ន្ធកីឡាអូឡាំពិក និងសហព័ន្ធកីឡាមិនអូឡាំពិកសរុបជាង ៤០សហព័ន្ធ ប៉ុន្តែមានសហព័ន្ធកីឡាខ្លះមិនមានសកម្មភាពផុលផុសទេ។
ទោះយ៉ាងណា លោក វ៉ាត់ ចំរើន មានជំនឿថា បន្ទាប់ពីមានកំណែទម្រង់លើវិស័យកីឡារបស់ក្រសួងអប់រំ ហើយស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ ប្រកួតឈ្នះជយលាភីមេដាយមាស ប្រាក់ និង សំរឹទ្ធ មានចំនួនទឹកប្រាក់ខ្ពស់រួចមក នាំឲ្យក្រុមកីឡាករយកចិត្តទុកដាក់ និងមានកម្លាំងចិត្តហ្វឹកហាត់៖ «វេទិកាហ្នឹងដើម្បីផ្សព្វផ្សាយនិងណែនាំរួមគ្នាប្រព្រឹត្តទៅដោយរលូន ហើយដាក់ផែនការទាំងអស់គ្នា ធ្វើការទម្រង់ដើម្បីពង្រឹងសក្ដានុពលខាងផ្នែកកីឡា និងរៀបចំរៀបរយកីឡាហ្នឹងឡើងវិញ។ ពីព្រោះយើងបានដៅទិសដៅទាំងអស់គ្នាហើយថា ឆ្នាំ២០២៣ យើងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២»។
ផ្ដើមពីបញ្ហានេះ លោកមានជំនឿថា វិស័យកីឡាកម្ពុជា នឹងរីកចម្រើន ឬមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ នៅថ្ងៃអនាគតដ៏ឆាប់ខាងមុខ។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងសាទរការបង្កើនឲ្យមានវេទិកាសាធារណៈស្ដីពីកីឡាផ្ដើមដោយលោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន ពេលនេះ។ ប៉ុន្តែអ្វីដែលលោកសំណូមពរឲ្យថ្នាក់ដឹកនាំក្រសួងអប់រំលុបបំបាត់នោះ គឺអំពើពុករលួយដែលតែងតែកើតមាននៅក្នុងវិស័យកីឡាកម្ពុជា ពេលបញ្ជូនក្រុមកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ។
លោក រ៉ុង ឈុន៖ «ក្នុងការជ្រើសរើសកីឡាករចេញទៅប្រកួតធ្វើម៉េចកុំឲ្យមានបក្សពួកខ្សែអ្នកធំ ឬអ្នកតូច គឺត្រូវតែកីឡាករដែលទទួលបានការបង្វឹកហ្នឹង ត្រូវតែផ្ដល់ឱកាសឲ្យគាត់បានទៅចូលរួមប្រកួត។ ដូចជាចេញទៅប្រកួតនៅក្រៅប្រទេសក្តី គឺត្រូវតែយកពួកគាត់ជាកីឡាករពិតប្រាកដទៅប្រកួត។ ជៀសវាងពេលចេញទៅប្រកួតនៅក្រៅប្រទេស បែរជាមិនមែនអ្នកកីឡាករទៅប្រកួតជំនួសកីឡាករទៅវិញ។ អាហ្នឹងជាបញ្ហាធ្លាប់កើតមាន ហើយដែលខ្ញុំធ្លាប់បានទទួលព័ត៌មានជារឿយៗពីក្រុមកីឡាករកន្លងទៅ»។
ជាការកត់សម្គាល់ការប្រកាសធ្វើវេទិកាសាធារណៈផ្នែកកីឡារបស់លោក ហង់ ជួនណារ៉ុន ពេលនេះ គឺកើតឡើងបន្ទាប់ពីក្រសួងអប់រំ បានធ្វើកំណែទម្រង់ផ្នែកអប់រំ គឺការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលទើបប្រកាសលទ្ធផលថ្មីនេះ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គម្រោងរៀបចំវេទិកាសាធារណៈផ្នែកកីឡា នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខ នឹងផ្ដោតទៅលើកិច្ចពិភាក្សាចំនួន ២ចំណុចសំខាន់មានដូចជា ពិភាក្សាជុំវិញការជួសជុលពហុកីឡាដ្ឋានជាតិអូឡាំពិក និងការកែលម្អក្នុងការគ្រប់គ្រងវិស័យកីឡាកម្ពុជា ឡើងវិញ។ កិច្ចពិភាក្សានេះ គឺដើម្បីចង់ឲ្យមានមតិចូលរួមពីថ្នាក់ដឹកនាំតាមសហព័ន្ធកីឡានីមួយៗ ថាតើកម្ពុជា គួរកែទម្រង់វិស័យកីឡាបែបណាទើបល្អនៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
