លោក ផៃ ស៊ីផាន រង​ការ​ចោទ​ថា​ខ្ចី​ប្រាក់​៦​លាន​រៀល​មិន​សង​អស់​រយៈពេល​ជាង​១០​ឆ្នាំ

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ទើប​មាន​ការ​ផ្សាយ​ដំណឹង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ទឹក​ប្រាក់ ១​លាន​ដុល្លារ​នោះ ឥឡូវ​នេះ​ត្រូវ​បាន​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ចោទ​ប្រកាន់​ថា ខ្ចី​ប្រាក់​លោក​មិន​សង​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ​ហើយ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បញ្ជាក់​ថា លោក​ព្យាយាម​ទាក់ទង​ទារ​ប្រាក់​ពី លោក ផៃ ស៊ីផាន នេះ​ជាច្រើន​លើក​ច្រើន​សា​ហើយ តែ​មិន​បាន​សោះ។ លោក មឿង សុន បញ្ជាក់​ថា លោក​ត្រូវ​ការ​ប្រាក់​ពី លោក ផៃ ស៊ីផាន វិញ ដើម្បី​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​កុមារ​កំព្រា។

តំណាង លោក មឿង សុន នៅ​កម្ពុជា គឺ​លោក បូ ពៅ ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន លោក មឿង សុន ពឹងពាក់​ឲ្យ​ទារ​ប្រាក់​ដែល លោក ផៃ ស៊ីផាន ជំពាក់​កាល​ពី​ឆ្នាំ​២០០៣ បន្ទាប់​ពី លោក ផៃ ស៊ីផាន បដិសេធ​មិន​ព្រម​សង​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​ជឿ​ថា លោក ផៃ ស៊ីផាន គាត់​មាន​តួនាទី និង​ឋានៈ អ៊ីចឹង​គាត់​មិន​ធ្វើ​ឲ្យ​បាក់​មុខ​បាក់​មាត់​គាត់​ទេ។ ម្យ៉ាង​ទៀត គាត់​ប្រាក់​ខែ​ច្រើន បាន​គេ​គាត់​សុខ​ចិត្ត​រត់​ចោល​ស្រុក​អាមេរិក។ គាត់​ច្បាស់​ជា​មាន​លុយ​សង​គេ​ហើយ»

កិច្ច​សន្យា​ខ្ចី​ប្រាក់​រវាង​ភរិយា លោក មឿង សុន គឺ​លោកស្រី យី ផល្លី ដែល​សរសេរ​ដោយ​ដៃ ដោយ​មាន​ចុះ​ហត្ថលេខា​របស់ លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៣ បញ្ជាក់​ថា ភាគី "ក" គឺ​លោកស្រី យី ផល្លី យល់​ព្រម​ឲ្យ លោក ផៃ ស៊ីផាន ខ្ចី​ប្រាក់​ចំនួន ៦​លាន​រៀល ដោយ​ឥត​គិត​ការ​ប្រាក់។ កិច្ច​សន្យា​ខ្ចី​ប្រាក់​បញ្ជាក់​ទៀត​ថា ភាគី "ខ" គឺ​លោក ផៃ ស៊ីផាន បាន​ខ្ចី​ប្រាក់​ពី លោកស្រី យី ផល្លី នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៣ ដើម្បី​ប្រើប្រាស់​ការ​ខ្វះខាត​ផ្ទាល់​ខ្លួន។ ភាគី "ខ" សន្យា​សង​ប្រាក់​គ្រប់​ចំនួន ៦​លាន​រៀល នៅ​មុន​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០០៣។ បើ​ភាគី "ខ" ពុំ​បាន​គោរព​តាម​កិច្ច​សន្យា​ខាង​លើ ភាគី "ខ" ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សង​ប្រាក់​ទាំងអស់ រួម​ទាំង​ការ​ចំណាយ​ផ្នែក​តុលាការ និង​មេធាវី។

លោក បូ ពៅ អះអាង​ថា គាត់​នឹង​ទៅ​ជួប លោក ផៃ ស៊ីផាន ដោយ​ផ្ទាល់ ដើម្បី​ទារ​បំណុល​ប្រាក់ ៦​លាន​រៀល ដោយ​មិន​ទារ​ការ​ប្រាក់​ឡើយ។ លោក​ថា ប្រាក់​បំណុល​នោះ បើ​ទារ​បាន​លោក​នឹង​ប្រើប្រាស់​សម្រាប់​ជួយ​ពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី ក្នុង​ការ​ស្វែងរក​យុត្តិធម៌៖ «ប្រសិន​គាត់​មាន​ទឹក​ចិត្ត បើ​សិន​គាត់​យល់​ថា​បំណុល​ជំពាក់​លុយ​សង​ដោយ​លុយ គាត់​គួរ​តែ​សង​បាន​លុយ​នោះ​ទៅ​ជួយ​ក្មេង​កំព្រា»

ការ​ទារ​ប្រាក់​នេះ មិន​មែន​ជា​លើក​ដំបូង​ឡើយ។ លោក មឿង សុន ធ្លាប់​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ទារ​លុយ​ជំពាក់​នេះ​ម្តង​រួច​ទៅ​ហើយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ពី លោក ផៃ ស៊ីផាន ទេ។ លោក មឿង សុន ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ពី​បទ​រិះគន់​គម្រោង​ដាក់​ភ្លើង​បំភ្លឺ​នៅ​ប្រាសាទ​អង្គរ​នោះ ពេល​នេះ​កំពុង​រស់​នៅ​ឯ​បរទេស ហើយ​បាន​ពឹង​តំណាង​របស់​គាត់​ទារ​ប្រាក់​ជំនួស​វិញ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទារ​បំណុល​នេះ លោក ផៃ ស៊ីផាន អះអាង​ថា លោក​បាន​សង​ប្រាក់​គ្រប់​ចំនួន​ហើយ៖ «ខ្ញុំ​ចាំ​ថា លុយ ១.០០០​ដុល្លារ ខ្ញុំ​បាន​សង​តាម​រយៈ មាន​មនុស្ស​កាន់​យក​ទៅ​ឲ្យ»

ទោះ​បី​ជា លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក​មាន​សាក្សី​ដើម្បី​បញ្ជាក់​ថា លោក​បាន​សង​ប្រាក់ ប៉ុន្តែ​លោក​មិន​ឲ្យ​ផ្តល់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​សាក្សី​នោះ​ទេ៖ «ខ្ញុំ​អត់​មាន​ឯកសារ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​សាក្សី​របស់​ខ្ញុំ»

ខុស​ពី​អ្វី​ដែល​លោក​បាន​សរសេរ​នៅ​លើ​លិខិត​សន្យា​ខ្ចី​ប្រាក់​នោះ ដែល​ថា​ដើម្បី​ប្រើប្រាស់​ការ​ខ្វះខាត​ផ្ទាល់​ខ្លួន លោក ផៃ ស៊ីផាន បញ្ជាក់​ថា តាម​ពិត លោក​ខ្ចី​ប្រាក់​នេះ​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រក​សំឡេង​ឆ្នោត កាល​ពី​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​លេខ​៣ ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ជាមួយ លោក មឿង សុន ជា​បេក្ខជន​លេខ​១ នៃ​គណបក្ស​សម រង្ស៊ី។ លោក​បន្ត​ថា ថវិកា​នោះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ឃោសនា​នយោបាយ​ជួយ លោក មឿង សុន។

ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លើយ​ដោះសា​នេះ លោក មឿង សុន អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ប្រាក់​ដែល លោក ផៃ ស៊ីផាន បាន​ជំពាក់​នៅ​ឡើយ​ទេ។ លោក​ថា ថវិកា​ដែល លោក ផៃ ស៊ីផាន ខ្ចី គឺ​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន មិន​មែន​សម្រាប់​ឃោសនា​នយោបាយ៖ «ពូ​គ្រាន់​តែ​ប្រាប់​ក្មួយ​ថា ពូ​មិន​ទាន់​បាន​ទទួល​ប្រាក់​ពី​គេ​ទេ»

លោក ផៃ ស៊ីផាន ដែល​កាល​ពី​សប្ដាហ៍​មុន​ធ្លាប់​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ក្រោយ​ពី​គូកន​លោក​ម្នាក់ ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​នោះ ស្នើ​ឲ្យ លោក មឿង សុន ប្ដឹង​លោក​ទៅ​តុលាការ ប្រសិន​បើ​ចង់​ទារ​ប្រាក់​ពី​លោក៖ «សំឡេង»។

កាល​ពី​សប្ដាហ៍​មុន លោក ផៃ ស៊ីផាន ត្រូវ​បាន​ដើម​បណ្ដឹង​ម្នាក់​ចោទ​ប្រកាន់​ថា បាន​លូក​ដៃ​ចូល​ប្រព័ន្ធ​តុលាការ និង​ក្រសួង​មហាផ្ទៃ រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត និង​ឃាត់​ខ្លួន​គូកន​លោក​ម្នាក់​ឈ្មោះ លោក សាន រីច្ឆឺ ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​ឆបោក​ប្រាក់ ១​លាន​ដុល្លារ។ លោក ផៃ ស៊ីផាន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ជួយ​ជ្រោមជ្រែង​ករណី លោក សាន រីច្ឆឺ ដើម្បី​ធានា​ថា លោក​ពិត​ជា​ទទួល​បាន​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។