ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំឲ្យសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប អាចសាកល្បង និងពង្រឹងសមត្ថកិច្ចរបស់ខ្លួនលើប្រព័ន្ធអ៊ីនធឺណេត (Internet) បានចាប់ពីថ្ងៃទី១៣ កុម្ភៈ តទៅ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៩ កុម្ភៈ ថា ប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដើម្បីឲ្យសិស្សអាចសាកល្បង និងពង្រឹងសមត្ថកិច្ចរបស់ខ្លួននេះ ធ្វើឡើងដើម្បីឲ្យពួកគេប្រើប្រាស់ពេលទំនេរ បន្ទាប់ពីរៀននៅសាលា អាចឆ្លើយសំណួរ ឬធ្វើលំហាត់នានាដោយខ្លួនឯងតាមប្រព័ន្ធអនឡាញ (Online)៖ «បន្ទាប់ពីដាក់ដំណើរការជាផ្លូវការសិស្សានុសិស្សអាចចូលទៅគេហទំព័ររបស់ក្រសួង ( www.bacii.moeys.gov.kh) ដោយចុះឈ្មោះនៅក្នុងនោះ ដើម្បីសាកល្បងអនុវត្តតេស្តសមត្ថភាពខ្លួនគាត់ផ្ទាល់ ឬពេលទំនេរគាត់អាចធ្វើលំហាត់ ឆ្លើយសំណួរនៅក្នុងប្រព័ន្ធអ៊ីនធឺណេត។ ពេលឆ្លើយចប់សព្វគ្រប់ គាត់ ( សិស្ស ) អាចបញ្ជូនចម្លើយទាំងនោះចូលក្នុងប្រព័ន្ធៗនឹងឆ្លើយមកវិញ ថាតើចម្លើយត្រូវប៉ុន្មានភាគរក និងខុសឬត្រូវ » ។
លោក រស់ សាលីន បន្តថា ក្រោយពីសិស្សសាកល្បងសមត្ថភាពរបស់ខ្លួនហើយ ឃើញថាមិនច្បាស់ ឬមិនទាន់ត្រឹមត្រូវ ពួកគេអាចសួរគ្រូពេលរៀននៅសាលា ឬសិក្សាស្វែងយល់បន្ថែមពីកំហុសនោះឡើងវិញ។
ប្រព័ន្ធសិក្សាតាមបច្ចេកវិទ្យាថ្មីនេះ ក្រសួងរៀបចំជាជំហានដំបូងនូវសំណួរ និងលំហាត់ជិត១ពាន់ លើមុខវិជ្ជា គណិត រូប គីមី ជីវៈ និងប្រវត្តិវិទ្យា ដែលដំណើរការលើទូរស័ព្ទដៃស្មាតហ្វូន (Smartphone) ថេបឡេត (Tablet) និងកុំព្យូទ័រ។
ទោះជាយ៉ាងណាដោយ លោក រស់ សាលីន អះអាងថា រាល់សំណួរនិងលំហាត់ទាំងនេះ នឹងមិនដាក់សម្រាប់ប្រឡងសញ្ញាប័ត្រខាងមុខឡើយ ប៉ុន្តែវាជាលំហាត់ស្តង់ដារ សម្រាប់សិស្សអាចប្រឹងរៀន ឬវាស់សមត្ថភាពខ្លួនឯង ពីចម្ងាយដើម្បីបង្កើនល្បឿននៃការសិក្សារបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
