មន្ត្រី​ប៉ូលិស​ខេត្ត​មណ្ឌលគិរី​បដិសេធ​ចំពោះ​ការ​ចោទ​រឿង​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

មន្ត្រី​ប៉ូលិស​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៨ ខែ​សីហា បដិសេធ​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ពីរ​នាក់ ដែល​ចោទ​ថា​ប៉ូលិស​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​ដោះ​លែង​ករណី​ផ្ទុះ​អាវុធ។

ការ​បដិសេធ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ​ឈ្មោះ ស៊ូយ សុខាន់ និង​កូន​ប្រុស​ឈ្មោះ ហួត សំ ជា​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ដែល​បាន​ចោទ​ប៉ូលិស​ពីរ​នាក់ គឺ​លោក សៅ សុខ និង អេង ធូ ថា​បាន​ជំរិត​ទារ​ប្រាក់ ៤​ពាន់​ដុល្លារ​បន្ទាប់​ពី​កូន​ប្រុស​គាត់​បាន​ធ្វើ​ឲ្យ​ផ្ទុះ​កាំភ្លើង​បី​គ្រាប់ គ្រា​ដែល​កូន​គាត់​ត្រឡប់​ពី​ល្បាត​ព្រៃ ហើយ​រក​ឃើញ​កាំភ្លើង​មួយ​ដើម​ដែល​អ្នក​ប្រមាញ់​សត្វ​ព្រៃ​ខុស​ច្បាប់ បោះ​ចោល ហើយ​រត់​គេច​ខ្លួន​ពេល​ឃើញ​ក្រុម​អនុរក្ស​ចុះ​ល្បាត​ព្រៃ។

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះញែក លោក សៅ សុខ ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​បំផ្លើស ពីព្រោះ​លោក​មាន​ឯកសារ​បញ្ជាក់​ថា ឈ្មោះ ហួត សំ និង​ម្តាយ បាន​សុំ​ទោស និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​ខុស និង​ប្រគល់​អាវុធ​ជូន​សមត្ថកិច្ច ហើយ​ប៉ូលិស​ក៏​បាន​អនុញ្ញាត​ឲ្យ​គេ​វិល​ទៅ​លំនៅឋាន​វិញ៖ «ពាក់ព័ន្ធ​ដោះស្រាយ​ករណី​វិវាទ​ផ្សេងៗ ប្រជាពលរដ្ឋ​ឲ្យ​បន្តិចបន្តួច​ក៏​ខ្ញុំ​មិន​យក​ដែរ ខ្ញុំ​បាន​ប្រាប់​គាត់​ថា សមត្ថកិច្ច​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ថ្មើរ​ណា ក៏​ខ្ញុំ​ទទួល​ពាក្យ​បណ្ដឹង​ដែរ។ យើង​ទៅ​ជំរិត​ទារ​គាត់​ម៉េច​កើត បង​គិត​មើល ប្រជាពលរដ្ឋ​នៅ​ទីនេះ​ថា​ខ្ញុំ​យក​លុយ​គាត់​ពី​កាល​ណា»

មន្ត្រី​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​ចោទ​នេះ​ពី​ពលរដ្ឋ​ជា​ម្តាយ និង​កូន។ ហេតុ​នេះ លោក​នឹង​ធ្វើ​ការ​អង្កេត​បន្ត​ទៀត ដើម្បី​រក​ការ​ពិត​ក្នុង​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។