ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប (Mong Reththy Group) ចាត់ទុកដំណាំកៅស៊ូជាដង្ហើមសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា។ ទន្ទឹមគ្នានេះដែរក្រុមហ៊ុននេះ គ្រោងនឹងដាក់ដំណើរការរោងចក្រកែច្នៃកៅស៊ូក្រែប នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះស៊ីហនុ នៅដើមខែមិថុនាខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាប្រធានក្រុមការងារផ្នែកកសិកម្មនិងកសិ-ឧស្សាហកម្មផ្នែកឯកជន លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៣០ ខែមីនា ថា រោងចក្រកែច្នៃកៅស៊ូក្រែប នេះចំណាយថវិកាសាងសង់ប្រមាណជាង១លាន ៥សែនដុល្លារអាមេរិក។ ជាងនេះ លោកថា រោងចក្រអាចផ្ដល់ការងារជូនកម្មករបានជិត១ពាន់នាក់ និងមានប្រសិទ្ធភាពអាចកែច្នៃកៅស៊ូក្រែបបាន២តោនក្នុង១ម៉ោង។
ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប រំពឹងថា រោងចក្រនេះ នឹងរួមចំណែកជួយអភិវឌ្ឍវិស័យកសិកម្ម និងជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅជនបទ។
ការដាក់ដំណើរការរោងចក្រ របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប នៅពេលនេះ ធ្វើឡើងកៅស៊ូពិភពលោកបន្តធ្លាក់ថ្លៃ៣ឆ្នាំជាប់គ្នា ចាប់ពី ៦.០០០ដុល្លារក្នុងមួយតោន មកត្រឹម៨០០ ទៅ ១.០០០ដុល្លារ ។ បញ្ហានេះ បណ្ដាលឲ្យវិនិយោគិនដំណាំកៅស៊ូនៅកម្ពុជា កំពុងអស់សង្ឃឹម និងជំរុញឲ្យពួកគេប្រឈមចំពោះការជំពាក់បំណុលធនាគារ មិនតែប៉ុណ្ណោះបណ្ដាលឲ្យចម្ការកៅស៊ូជាលក្ខណៈគ្រួសារ ត្រូវតែបោះបង់អាជីវកម្មរបស់ខ្លួន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
