សមាជិក​ភាគ​ច្រើន​នៃ​ជីម៉ាក់​ថា​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ

0:00 / 0:00

ការ​ស្ទាបស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បង្ហាញ​ថា ថៅកែ​រោងចក្រ​កាត់​ដេរ​ភាគ​ច្រើន​ថា​ខ្លួន​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៦ ឲ្យ​ច្រើន​ជាង​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​នោះ​ទេ ខណៈ​ថៅកែ​រោងចក្រ​មួយ​ចំនួន​តូច ថា​ខ្លួន​អាច​ដំឡើង​បាន​បន្តិចបន្តួច។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជីម៉ាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ សីហា ថា ៦៥% នៃ​សមាជិក​របស់​ខ្លួន​បាន​បោះ​ឆ្នោត​ថា មិន​អាច​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​ឆ្នាំ​២០១៦ ជូន​កម្មករ​បន្ថែម​លើ​ប្រាក់​ខែ​គោល​បច្ចុប្បន្ន ១២៨​ដុល្លារ​បាន​នោះ​ទេ។ គោល​ជំហរ​របស់​ជីម៉ាក់ នៅ​ពេល​នេះ បាន​ពី​ការ​ស្ទាបស្ទង់​មតិ​មួយ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ សីហា ដោយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែល​តំណាង​ឲ្យ​រោងចក្រ​កាត់​ដេរ​ជាង ៥០០ នៅ​ទូទាំង​ប្រទេស។

អគ្គលេខាធិការ​រង​នៃ​សមាគម​នេះ លោក កាំង ម៉ូនីកា ឲ្យ​ដឹង​ថា ក្រៅ​ពី ៦៥% នៃ​សមាជិក​ដែល​មាន​គោល​ជំហរ​បដិសេធ​ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ​មាន ២៥% ដែល​ថា ខ្លួន​អាច​ដំឡើង​ជូន​កម្មករ​បាន​រវាង​ពី ១​ដុល្លារ​ទៅ ៥​ដុល្លារ ៤% ថា​អាច​ដំឡើង​បាន​ពី ៦​ដុល្លារ​ទៅ ១០​ដុល្លារ និង ២% ថា​អាច​ដំឡើង​បាន​ពី ១១​ដុល្លារ​ទៅ ១៥​ដុល្លារ។ លោក​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ ជា​គោល​ជំហរ​ផ្លូវ​ការ​របស់​សមាគម​រោងចក្រ​កាត់​ដេរ ដែល​នឹង​ត្រូវ​យក​ទៅ​បង្ហាញ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈកម្មការ​ប្រឹក្សា​ការងារ​នៅ​ពេល​ខាង​មុខ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (C.CAWDU) លោក អាត់ ធន់ ចាត់​ទុក​ជំហរ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ពេល​នេះ​ថា ជា​ទង្វើ​ដដែលៗ​របស់​ភាគី​ថៅកែ​រោងចក្រ មុន​ពេល​ចាប់​ផ្ដើម​ការ​ចរចា​ពី​ប្រាក់​ខែ​គោល​របស់​កម្មករ​ម្ដងៗ៖ «ជា​រៀង​រាល់​ការ​ចរចា​ឡើង​ប្រាក់​ឈ្នួល គាត់​តែង​តែ​ធ្វើ​បែប​នេះ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា ការ​និយាយ​បែប​នេះ គឺ​ជា​ការ​លើក​ឡើង​ដើម្បី​ឲ្យ​មហាជន ក៏ដូចជា​កម្មករ​យល់​ឃើញ​ថា អូ! វា​មិន​អាច​ទៅ​រួច​ទេ​អ៊ីចឹង​ទៅ ហើយ​ក៏​លែង​តវ៉ា​អ៊ីចឹង​ទៅ ប៉ុន្តែ​តាម​រឿង​ពិត​វា​មិន​អាច​អ៊ីចឹង​ទេ។ សហជីព និង​កម្មករ យើង​ត្រូវ​តែ​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ឡើង​ដល់​កម្រិត ដែល​អាច​រស់នៅ​សមរម្យ​បាន»

លោក អាត់ ធន់ ឲ្យ​ដឹង​ដែរ​ថា ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​កំណត់​ប្រាក់​ខែ​គោល​ថ្មី​មួយ ធ្វើ​ឡើង​ដោយ​សហជីព​ក្រោម​ការ​ពិគ្រោះ​យោបល់​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) នឹង​បញ្ចប់​នៅ​ចុង​ខែ​សីហា នេះ ហើយ​ភាគី​សហជីព​នឹង​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​នេះ ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា ប្រាក់​ខែ​គោល​ថ្មី​ដែល​កម្មករ​នឹង​ទាមទារ​បាន​តិច​ជាង ឬ​ក៏​ច្រើន​ជាង ១៧៧​ដុល្លារ​នោះ គឺ​អាស្រ័យ​លើ​លទ្ធផល​បាន​ពី​ការ​ស្រាវជ្រាវ​ដែល​ពិចារណា​ពី​កត្តា​ជីវភាព​រស់នៅ​របស់​កម្មករ រួម​ទាំង​កត្តា​សេដ្ឋកិច្ច។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជីម៉ាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា លើក​ឡើង​ថា ឧស្សាហកម្ម​នេះ​កំពុង​ជួប​ប្រទះ​ភាព​ត្រដាបត្រដួស​ក្នុង​ការ​ប្រកួត​ប្រជែង ដោយសារ​តែ​ផលិត​ភាព​មាន​កម្រិត​ទាប ចលាចល​ការងារ និង​សម្ពាធ​ប្រាក់​ឈ្នួល។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់​ដេរ លោក​បណ្ឌិត អៀរ សុផល ដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​អភិបាលកិច្ច​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ឧបសគ្គ​ពិត​ប្រាកដ​ដែល​រារាំង​ភាព​ប្រកួត​ប្រជែង​របស់​វិស័យ​កាត់​ដេរ​កម្ពុជា ជាមួយ​ប្រទេស​ដទៃ គឺ​បន្ទុក​ចំណាយ​ខ្ពស់​ទៅ​លើ​ថ្លៃ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​មាន​ប្រសាសន៍​ថា ជំហរ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​ដែល​ថា ការ​បង្កើន​ប្រាក់​ឈ្នួល​គោល​នឹង​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​របស់​វិស័យ​នេះ គឺ​ជា​ការ​លើក​ឡើង​ដែល​មិន​សម​ហេតុផល ព្រោះ​ថា អ្វី​ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​តែង​ពិចារណា គឺ​ផលិតផល​ដែល​មិន​កើត​ចេញ​ពី​ការ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។