ភូមា ឬមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានក្នុងចំណោមប្រទេសចំនួន ៩ទៀតក្នុងតំបន់ គឺជាប្រទេសសម្បូរទៅដោយសំណង់ប្រវត្តិសាស្ត្រ និងវត្ថុបុរាណដ៏មានតម្លៃជាច្រើនទៀត ដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ។
ក៏ប៉ុន្តែបច្ចុប្បន្ន ប្រទេសភូមា នៅខ្វះធនធានមនុស្ស និងអ្នកជំនាញ ដើម្បីឈានទៅរកការអភិរក្សថែរក្សាបេតិកភណ្ឌដ៏សម្បូរបែបទាំងនេះឲ្យគង់វង្សយូរអង្វែងទៅមុខទៀតនៅឡើយ ដោយសារតែប្រទេសនេះទើបតែផ្លាស់ប្ដូរមុខមាត់ថ្មី បើកទូលាយឡើងវិញ បន្ទាប់ពីបិទសិទ្ធិសេរីភាព ចាប់អ្នកប្រឆាំងដាក់គុក ក្រោមការដឹកនាំដោយរបបយោធាផ្ដាច់ការ។
ក្រុមអ្នកបច្ចេកទេសខាងអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌនៃប្រទេសភូមា ឬមីយ៉ាន់ម៉ា ចំនួន ២៧រូប កំពុងមកសិក្សាអំពីជំនាញពាក់ព័ន្ធនឹងកិច្ចការពារថែរក្សាតំបន់បេតិកភណ្ឌ ជាមួយនឹងអាជ្ញាធរជាតិអប្សរារបស់កម្ពុជា នៅក្នុងខេត្តសៀមរាប។
គណៈប្រតិភូនៃប្រទេសភូមា នឹងបន្តស្នាក់នៅប្រទេសកម្ពុជា រយៈពេលមួយសប្ដាហ៍ ដើម្បីស្វែងយល់អំពីកិច្ចការជាច្រើនពាក់ព័ន្ធនឹងកិច្ចការពាររមណីយដ្ឋានបុរាណ ការជួសជុលសំណង់ប្រវត្តិសាស្ត្រ ព្រមទាំងការគ្រប់គ្រងទៅលើអ្នកទេសចរដែលចូលទៅទស្សនាតំបន់បេតិកភណ្ឌ ជាដើម។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ថា ក្រុមប្រតិភូនៃប្រទេសភូមា ចំនួន ២៧រូប បានមកដល់ខេត្តសៀមរាប ហើយ។ ក្រុមប្រតិភូទាំងនោះមកពីស្ថាប័នជាច្រើននៅក្នុងប្រទេសភូមា ដូចជាក្រសួងវប្បធម៌ មកពីទីក្រុងព្យូ (Pyu) ដែលជាតំបន់សម្បូរបេតិកភណ្ឌ និងអាជ្ញាធរជាតិយូណេស្កូ (UNESCO) របស់ភូមា ជាដើម។
លោក ឡុង កុសល មានប្រសាសន៍ទៀតថា ក្រុមអ្នកបច្ចេកទេសផ្នែកបេតិកភណ្ឌរបស់ភូមា ដែលមកកម្ពុជា ពេលនេះ គឺមានបំណងសិក្សាស្វែងយល់ និងយកបទពិសោធន៍ពីអាជ្ញាធរអប្សរាជុំវិញជំនាញអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋាន ជាពិសេស គឺការងារជួសជុល ការងារគ្រប់គ្រងភ្ញៀវទេសចរ ជាដើម ដើម្បីយកទៅអនុវត្តនៅតំបន់បេតិកភណ្ឌរបស់គេ៖ «គេមកនេះ គឺរយៈពេល ៧ថ្ងៃ ចាប់តាំងពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី២៧ ខែមិថុនា។ នៅក្នុងរយៈពេលមួយសប្ដាហ៍នេះ គឺអ្នកជំនាញរបស់អាជ្ញាធរអប្សរាតាមនាយកដ្ឋាននីមួយៗ នឹងធ្វើបទបង្ហាញជូនទៅគេអំពីការងារ ហើយនិងដំណោះស្រាយមួយៗ»។
ក្រុមអ្នកបច្ចេកទេសខាងការពារ និងអភិរក្សបេតិកភណ្ឌនៃប្រទេសភូមា ឲ្យដឹងថា ពួកគេនៅមានការខ្វះចន្លោះជាច្រើនទៅលើការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកនៅទីក្រុងព្យូ និងតំបន់បេតិកភណ្ឌវប្បធម៌ហាលិន (Halin) បេកថាណូ (Beikthano) និងស្រ៊ីក្សេត្រា (Sri Ksetra) ជាដើម។
មន្ត្រីគម្រោងយូណេស្កូថ្នាក់ជាតិនៃប្រទេសភូមា អ្នកស្រី អនម៉ារ ម៉ាយ៉ូ (Ohnmar Myo) បានសួរសំណួរជាច្រើនទៅកាន់មន្ត្រីអាជ្ញាធរអប្សរា ពាក់ព័ន្ធនឹងកិច្ចការពារតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភណ្ឌពិភពលោក៖ «ទីក្រុងបុរាណព្យូ (Pyu) ត្រូវបានរដ្ឋាភិបាលតែងតាំងមន្ត្រីជាច្រើនឲ្យគ្រប់គ្រងសម្បត្តិបេតិកភណ្ឌហើយ ក៏ប៉ុន្តែភូមា នៅមានបញ្ហាមួយចំនួននៅតំបន់វប្បធម៌ស្រ៊ីក្សេត្រា (Sri Ksetra) ពីព្រោះតំបន់នោះគឺវានៅជិតទីក្រុងបំផុត ដែលអាចឲ្យមនុស្សចេះតែចូលទៅលុកលុយ និងតាំងទីលំនៅ។ តើអាជ្ញាធរអប្សរា មានផែនការយ៉ាងណា ដើម្បីទប់ស្កាត់ការចូលតាំងទីលំនៅក្នុងតំបន់វប្បធម៌បែបនេះ?»។
នេះជាលើកទីបីហើយដែលក្រុមប្រតិភូនៃប្រទេសភូមា បានមកសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរអប្សរា លើការងារអភិរក្សបេតិកភណ្ឌ។ កាលពីខែមេសា កន្លងទៅ អនុប្រធានាធិបតីនៃប្រទេសភូមា បានមកធ្វើទស្សនកិច្ចដោយសុំឲ្យកម្ពុជា ជួយផ្ដល់បទពិសោធន៍លើកិច្ចការពារបេតិកភណ្ឌនេះ ហើយកាលពី ២សប្ដាហ៍កន្លងទៅ ក្រុមអ្នកបច្ចេកទេសខាងជួសជុលថ្ម ១០នាក់របស់ភូមា ទើបតែបញ្ចប់ការសិក្សា និងវិលត្រឡប់ទៅមាតុភូមិវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
