សង្គមស៊ីវិលដែលធ្វើការលើកស្ទួយវិស័យអប់រំនៅកម្ពុជា បានអះអាងថា សិស្សដែលកំពុងសិក្សានៅកម្រិតថ្នាក់បឋមសិក្សា បាត់ម៉ោងសិក្សាប្រមាណ ៥០ថ្ងៃ ក្នុងចំណោមម៉ោងសិក្សាជិត ២០០ថ្ងៃក្នុងមួយឆ្នាំ។ បញ្ហានេះ សង្គមស៊ីវិលបានចាត់ទុកថា នាំឲ្យបាត់បង់សិទ្ធិទទួលបានការអប់រំសម្រាប់កុមារ និងជាឧបសគ្គមួយនៃការពង្រឹងគុណភាពអប់រំ។
សង្គមស៊ីវិល បានសិក្សាស្រាវជ្រាវរកឃើញថា មានបញ្ហាចម្បងចំនួន៣ ដែលនាំឲ្យបាត់ម៉ោងសិក្សារបស់សិស្សនៅកម្រិតបឋមមានដូចជា កត្តាកំណត់ម៉ោងបង្រៀននៅក្នុងកម្មវិធីសិក្សារបស់ក្រសួង កត្តាគ្រូបង្រៀន និងកត្តាថ្ងៃឈប់សម្រាក ជាដើម។
អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល អ្នកស្រី អាង សូផា ថ្លែងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវនេះរកឃើញថា ចំណុចបញ្ហាបាត់ម៉ោងបង្រៀនទី១ គឺទាក់ទងទៅដល់ការឈប់សម្រាកបន្ថែម ដូចជា កិច្ចប្រជុំអាស៊ាន ពិធីបុណ្យព្រះសពអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ប្រឡងឆមាសថ្នាក់ទី៦ ប្រឡងជ្រើសរើសគ្រូនៅថ្នាក់ជាតិ និងឈប់សម្រាកនៅមុនថ្ងៃបោះឆ្នោត ជាដើម។
អ្នកស្រីបន្តថា កត្តាបាត់បង់ម៉ោងបង្រៀនទី២ នោះ គឺដោយសារគ្រូបង្រៀនអវត្តមាននៅពេលធ្វើទស្សនកិច្ចសិក្សាសាលារៀនដោយមិនផ្ដល់ដំណឹងជាមុន ហើយជាពិសេស នៅបុណ្យចូលឆ្នាំចិន ថ្ងៃទិវានៃក្ដីស្រឡាញ់ និងអវត្តមានកៀកថ្ងៃបុណ្យជាតិ រីឯចំណុចសំខាន់ទី៣ គឺការបាត់ម៉ោងបង្រៀនដោយសាររយៈពេលដែលគ្រូបង្រៀនក្នុងថ្នាក់ តិចជាងរយៈពេលកំណត់ក្នុងមួយថ្ងៃ អាចបណ្ដាលមកពីគ្រូមកបង្រៀនយឺត ឬចេញទៅផ្ទះលឿន៖ «ប្រទេសកម្ពុជា សំខាន់យើងរៀនជាមួយគ្រូ មិនមែនដូចប្រទេសគេ គេបង្កលក្ខណៈរៀនតាមបណ្ណាល័យអ៊ីនធឺណិតបន្ថែមទៀតទេ ពេលដែលយើងមានម៉ោងតិច ហើយយើងផ្អែកទៅលើការរៀនផ្ទេរពីគ្រូទៅឲ្យសិស្ស ដែលជាការព្រួយបារម្ភខ្លាំងណាស់ថា តើវាជះឥទ្ធិពលយ៉ាងម៉េចទៅលើដល់គុណភាពសិក្សារបស់យើង»។
ការថ្លែងនេះ នៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ លើការអនុវត្តម៉ោងនៅបឋមសិក្សា ថ្ងៃទី២៣ ខែកក្កដា នៅរាជធានីភ្នំពេញ។
ការស្រាវជ្រាវនេះ ធ្វើឡើងសម្រាប់ការសិក្សានៅឆ្នាំ២០១២ ឆ្នាំ២០១៣ នៅកម្រិតថ្នាក់ទី៤ ទី៥ និងថ្នាក់ទី៦ ក្នុងសាលាបឋមសិក្សាចំនួន ៩១សាលា ដែលមានទាំងសាលានៅទីប្រជុំជន និងសាលានៅទីជនបទក្នុងខេត្តរាជធានីចំនួន៦។
នាយកសាលាបឋមសិក្សាពូលូង ខេត្តមណ្ឌលគិរី លោក សុត ចាន់ធឿន រៀបរាប់ថា គ្រូបង្រៀន គឺជាតួអង្គសំខាន់ដែលក្រសួងត្រូវតែគិតគូរ ទើបអាចដោះស្រាយបញ្ហាទាំងនេះបាន៖ «ខ្ញុំចាំមើលក្រសួងដោះស្រាយយ៉ាងម៉េច ដើម្បីសម្រួលដល់ការងារនេះវិញ»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ដែលបានចូលរួមពិធីនេះ បានទទួលស្គាល់ចំពោះរបាយការណ៍ស្រាវជ្រាវនេះ។ លោកថា ក្នុងមួយឆ្នាំសិស្សបាត់ម៉ោងសិក្សាប្រមាណ ៥០ថ្ងៃ ឬជិត ២ខែក្នុងមួយឆ្នាំ ដែលធ្វើឲ្យប៉ះពាល់ខ្លាំង ពិសេសនៅតំបន់ជនបទ។ លោកអះអាងថា ក្រសួងនឹងបង្កើតក្រុមការងារមួយ ដើម្បីពង្រឹងវិន័យ និងការគ្រប់គ្រងនៅតាមសាលា៖ «យើងនឹងបង្កើតក្រុមការងារមួយ ដើម្បីដាក់ចេញនូវវិធានការឆ្លើយតប តើគួរពង្រឹងម៉ោងសិក្សារបៀបម៉េច ពង្រឹងវិន័យដាក់ទោសទណ្ឌក្នុងករណីនេះ ប៉ុន្តែត្រូវមានការចូលរួមពីមាតាបិតា ពីអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីដោះស្រាយឲ្យមានប្រសិទ្ធភាព»។
ការស្រាវជ្រាវនេះ ក៏បានប្រៀបធៀបថា រវាងកម្រិតម៉ោងបង្រៀននៅបឋមសិក្សារវាងកម្ពុជា និងអន្តរជាតិផងដែរ។ ម៉ោងសិក្សានៅមធ្យមកម្រិតអន្តរជាតិ គឺមាន ៧២០ម៉ោង នៅថ្នាក់ទី១ និង ៨២០ម៉ោងនៅថ្នាក់ទី៦។ ប៉ុន្តែនៅកម្ពុជា ម៉ោងបង្រៀនដែលបានកំណត់មានចន្លោះពី ៦៨៤ម៉ោងទៅ ៧៦០ម៉ោង តិចជាងការកំណត់នៅអន្តរជាតិ ហើយបូកបញ្ចូលទាំងមុខវិជ្ជាបំណិនជីវិតផង។
នៅកម្ពុជា សាលាបឋមសិក្សាមានជាង ៧ពាន់សាលា ចំណែកគ្រូបង្រៀនមានចំនួន ៥ម៉ឺន ៣ពាន់នាក់ និងសិស្សមានប្រមាណ ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
