សមាជិកសមាគមគ្រូបង្រៀន សហជីព អង្គការមិនមែនរដ្ឋាភិបាល សមាគមយុវជន មានគម្រោងរួមគ្នារៀបចំពិធីអបអរសាទរខួបលើកទី២៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ដោយមានការហែក្បួនដាក់ញត្តិនៅតាមស្ថានទូតមួយចំនួននៅទីក្រុងភ្នំពេញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍នៅថ្ងៃទី២២ តុលា ថា មនុស្សប្រមាណ ៥០០នាក់មកពីក្រុមសមាគមគ្រូបង្រៀន សហជីព អង្គការមិនមែនរដ្ឋាភិបាល សមាគមយុវជន នឹងជួបជុំគ្នានៅវេលាម៉ោង ៧ព្រឹកនៅមុខស្ថានទូតបារាំង ដាក់ញត្តិនៅស្ថានទូតបារាំង បន្ទាប់មកមានការហែក្បួនទៅកាន់ស្ថានទូតមួយចំនួន ដែលជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបញ្ចប់សង្គ្រាមនៅកម្ពុជា។
លោក រ៉ុង ឈុន បានឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំការជួបជុំគ្នា និងហែញត្តិនេះ ដើម្បីអបអរការកើតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ ប៉ុន្តែក៏ចង់ឲ្យមានការកោះប្រជុំឡើងវិញ ពិនិត្យទាក់ទងការគោរពសិទ្ធិមនុស្ស និងការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសំណាក់ប្រទេសជាហត្ថលេខីមួយចំនួននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រុមអ្នករៀបចំការជួបជុំគ្នា បានឲ្យដឹងថា ការហែក្បួននេះ ចាប់ផ្ដើមពីស្ថានទូតបារាំង ទៅស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតផ្សេងៗទៀត ហើយចុងក្រោយមានការប្រមូលផ្តុំគ្នានៅមុខអគាររដ្ឋសភាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
