អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​រដ្ឋាភិបាល​ធានា​ឲ្យ​បាន​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ពលរដ្ឋ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​អង្គ​សន្និបាត ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ ម្សិលមិញ ជុំវិញ​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ជូន​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​អំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​បញ្ចប់​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤០ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដោយ​បាន​ដាក់​ចេញ​នូវ​ទិសដៅ​ជាច្រើន​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ក្នុង​នោះ​ក៏​មាន​ការ​ជំរុញ​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កម្ពុជា នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់​ថា អាជ្ញាធរ​កម្ពុជា បាន​ប្រឹងប្រែង​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ ប៉ុន្តែ​លោក​ថា​ការ​អនុវត្ត​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព ពោល​គឺ​អំពើ​ចោរកម្ម ការ​ប្លន់​ប្រដាប់​អាវុធ និង​អំពើ​ឃាតកម្ម ជាដើម នៅ​តែ​បន្ត​កើត​មាន ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ពលរដ្ឋ។

លោក អំ សំអាត ថ្លែង​ថា៖ « ការ​លើក​ឡើង ​របស់​ ថ្នាក់​ដឹកនាំ​ របស់​ គណបក្ស​កាន់​អំណាច ក៏​ ជា​ការ​ បង្ហាញ​មួយ​ដែរ​ថា បទល្មើស​ទាំងអស់​ហ្នឹង​វា​ នៅ​មាន។ អ៊ីចឹង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ជាពិសេស​ពាក់ព័ន្ធ ​នឹង​ឃាតកម្ម​ ទៅ​លើ ​សកម្មជន អ្នក​ការពារ សិទ្ធិ​មនុស្ស ឬ​ក៏ អ្នក​សារព័ត៌មាន ត្រូវ​តែ​ធានា​នៅ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួក​គេ​ឲ្យ​បាន ​ហ្មត់ចត់ និង​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា​ពួក​គេ​នឹង​ទទួល​បាន​ភាព​យុត្តិធម៌ ហើយ​ជន​ដែល​បង្ក ធានា​ថា​ត្រូវ​បាន​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ អា​ហ្នឹង ​បាន​វា​អាច​ ធានា​បាន ​នូវ​សន្តិសុខ និង​សុវត្ថិភាព »

លោក អំ សំអាត បន្ត​ថា អាជ្ញាធរ​ត្រូវ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​បទល្មើស និង​ការ​អនុវត្ត​សិទ្ធិ​ប្រមូល​ផ្តុំ ពីព្រោះ​កន្លង​ទៅ អាជ្ញាធរ​តែង​ចុះ​បង្ក្រាប ឬ​បំបែក​ការ​ប្រមូល​ផ្តុំ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ ក្រោម​ហេតុផល​ថា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម។

នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤០ គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​បង្ក្រាប និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ចោរកម្ម ឃាតកម្ម ការ​ប្លន់​ប្រដាប់​អាវុធ និង​បញ្ហា​គ្រឿង​ញៀន​ជាដើម ព្រម​ទាំង​វែក​មុខ​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់​ថា ការ​ពង្រឹង​សន្តិសុខ​សង្គម គឺ​ជា​កត្តា​មួយ​ដែល​អាច​ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា សន្តិសុខ​សង្គម​មិន​ទាន់​ត្រូវ​បាន​ធានា​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ ដ្បិត​ពលរដ្ឋ​ហាក់​នៅ​មាន​ក្តី​បារម្ភ​ចំពោះ​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ ចំណែក​ខាង​វិស័យ​សិទ្ធិ​មនុស្ស​វិញ អ្នកស្រី ចក់ សុភាព កត់​សម្គាល់​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ពាក្យ​ការពារ​សន្តិសុខ​សង្គម​នេះ ជា​ហេតុផល​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៖ « កន្លង​មក​មាន​ការ​យាយី​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន រហូត​ដល់​មាន​អំពើ​ឃាតកម្ម​ទៅ​ទៀត ជន​ល្មើស នៅ​ក្រៅ ​ច្បាប់ ហើយ​យល់​ថា​ខ្លួន​អាច​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទាំងអស់​នោះ ដោយសារ​តែ ​ខ្លួន​ នឹង​មិន ត្រូវ​បាន ​ប្រឈម​នឹង​ ទោស​ទណ្ឌ អ៊ីចឹង​វា​នឹង​បង្ក​ហានិភ័យ​ច្រើន​មក​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀតៗ ឬ​ក៏​ពលរដ្ឋ​ទូទៅ។ អ៊ីចឹង​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ទាំង​ការ​បង្ក្រាប​លើ​អំពើ​ឃាតកម្ម​នានា កាត់​បន្ថយ ​អំពើ​ឃាតកម្ម និង​ទាំង​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ដល់​អ្នក​រងគ្រោះ និង​ ក្រុម​គ្រួសារ ហើយ​ដើម្បី​យុត្តិធម៌​សង្គម »

ទាក់ទង​នឹង​អំពើ​ឃាតកម្ម​នៅ​កម្ពុជា បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ពោល​គឺ​នៅ​ពេល​កម្ពុជា ចាប់​ផ្តើម​អនុវត្ត​របប​ប្រជាធិបតេយ្យ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយសារ​តែ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ឬ​ការ​បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​របស់​អ្នក​មាន​អំណាច។ ជន​រងគ្រោះ​ទាំងនោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សហជីព កម្មករ​រោងចក្រ និង​ករណី​ចុង​ក្រោយ គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។

អំពើ​ឃាតកម្ម​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ ហើយ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​ទាំងអស់​នេះ៖ « សម្ដេច ​ក្រឡាហោម ស ខេង មិន​ដែល​បាន​បញ្ជា​ឲ្យ​បិទ​សំណុំ​រឿង​ណា​មួយ​ដែល​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​ល្មើស ឬ​ក៏ មិន​ទាន់ ​រក​យុត្តិធម៌​ជូន​ ជន​រងគ្រោះ។ សំណុំ​រឿង​ណា​ដែល​រក​មិន​ឃើញ នៅ​តែ បើក​ចំហ ​ជា​ រៀង​រហូត ហើយ​ការងារ​ស្រាវជ្រាវ​ ស៊ើប​អង្កេត​ ស្វែងរក​ ជន​ល្មើស គឺ​ នៅ​តែ ​បន្ត »

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​នេះ ថា​ជា​អំពើ​និទ្ទណ្ឌភាព ហើយ​វា​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​បែប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ ដែល​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​សង្គម​មួយ​ដែល​អសន្តិសុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។