សង្គម​ស៊ីវិល​មួយ​ចំនួន​នឹង​ចូលរួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦

0:00 / 0:00

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​នៅ​កម្ពុជា ចាត់​ទុក​ថា ការ​រឹត​បន្តឹង និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង នៅ​តែ​ជា​រឿង​សំខាន់​ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ សង្គម​ស៊ីវិល​ទាំង​នោះ នឹង​ចូលរួម​សង្កេតការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ហៅ​កាត់​ថា បាក់​ឌុប ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ​នេះ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ហៅ​កាត់​ថា បាក់​ឌុប នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​បង្ហាញ​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ដដែល។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ បាន​សាទរ​លើ​ការ​បន្ត​ចំណាត់​ការ​នេះ ហើយ​សង្គម​ស៊ីវិល​ទាំង​នោះ នឹង​ចូលរួម​សង្កេតការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​សង្គម​ស៊ីវិល បុគ្គល​ឯកជន ចូលរួម​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៥-២០១៦។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា អានសា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ស្ថាប័ន​លោក​នឹង​ចុះ​ឈ្មោះ​សង្កេតការណ៍​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ត្រៀម​ដាក់​អ្នក​សង្កេតការណ៍​ប្រឡង​បាក់​ឌុប តាម​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ និង​ខេត្ត​កំពង់ចាម ប្រមាណ​ជិត ១០០​នាក់។ លោក សន ជ័យ បន្ត​ថា លោក​សាទរ​រាល់​វិធានការ​រឹត​បន្តឹង​របស់​ក្រសួង​អប់រំ។ ដូច្នេះ​លោក​សង្ឃឹម​ថា ការ​ចូលរួម​សង្កេតការណ៍​ជា​ចំណែក​មួយ​លើក​កម្ពស់​គុណភាព​ប្រឡង។

លោក សន ជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការងារ​ដែល​ពាក់ព័ន្ធ​លើ​ការ​អប់រំ និង​ការ​ចូលរួម​សង្កេតការណ៍​ប្រឡង​កន្លង​មក​ឃើញ​ថា មាន​គ្រូ និង​សិស្ស​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​នីតិវិធី​ប្រឡង បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ លោក​ថា ជាង​នេះ​ទៀត មាន​សិស្ស​នៅ​តាម​បណ្ដា​ខេត្ត ពិសេស​នៅ​ដំបន់​ដាច់​ស្រយាល នៅ​តែ​ខ្វះ​ឯកសារ ការ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលាយ​ជុំវិញ​ដំណើរ​ការ​ប្រឡង​នៅ​ឡើយ៖ « យើង​មើល​ទៅ​ឥរិយាបថ​របស់​បេក្ខជន នៅ​តែ​មាន​ដាក់​សំណៅ​ឯកសារ។ ខ្ញុំ​ចង់​ឃើញ​ក្រសួង​រឹត​បន្តឹង​កុំ​ឲ្យ​មាន​ភាព​រអាក់រអួល​ដូច​មុន ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ​ជាង​មុន »

ចំណែក​ឯ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យ​ដឹង​ថា ការ​ប្រឡង​កន្លង​មក នៅ​តែ​មាន​អំពើ​ពុក​រលួយ​មួយ​ចំនួន​ជុំវិញ​ការ​សូក​លុយ​ពី​សំណាក់​សិស្ស ដូចជា​ការ​ប្រមូល​លុយ​ពី​សិស្ស​ជាដើម។ ដូច្នេះ លោក​អាច​នឹង​ទៅ​ចូលរួម​សង្កេតការណ៍​ប្រឡង​នេះ​ជា​លក្ខណៈ​ឯកជន។ លោក​សង្ឃឹម​ថា ការ​ប្រឡង​ឆ្នាំ​នេះ​នឹង​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ប្រកប​ដោយ​តម្លាភាព និង​សុចរិត​ភាព៖ « ក្រសួង​គួរ​តែ​រឹត​បន្តឹង​ការ​ប្រឡង​នេះ​ជា​រៀង​រហូត កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ មាន​ភាព​សុក្រឹត ដើម្បី​ឲ្យ​ការ​សិក្សា​អប់រំ​ទូទៅ​កាន់​តែ​ប្រសើរ​ឡើង។ នេះ​ជា​អ្វី​ដែល​ក្រសួង​ត្រូវ​តែ​បន្ត​ធ្វើ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ដឹង​វិធានការ​រឹត​បន្តឹង និង​ដាក់​ចំនួន​អ្នក​សង្កេតការណ៍​ប៉ុន្មាន​នាក់​សម្រាប់​ការ​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៦ នេះ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា។

សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្ដីពី​ការងារ​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​អំពាវនាវ​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ជា​សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន​នានា ឲ្យ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ប្រឡង​បាក់​ឌុប ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ក្រសួង​អប់រំ និង​រឹត​បន្តឹង​គុណភាព​អប់រំ​នៅ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។