សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្សនៅខេត្តកំពង់ធំ លើកឡើងថា អាជ្ញាធរត្រូវពង្រឹងការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព ជាជាងរង់ចាំតែមានពលរដ្ឋស្វែងរកដំណោះស្រាយពីនាយករដ្ឋមន្ត្រី។
ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរខេត្តកំពង់ធំ បានបង្កើតក្រុមការងារមួយដើម្បីតាមដានព័ត៌មាននៅលើគណនេយ្យហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ កុម្ភៈ។
មន្ត្រីសិទ្ធិមនុស្សយល់ថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ ភាគច្រើនមិនទាន់ចេះប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅឡើយ។ បញ្ហានេះ ធ្វើឲ្យពួកគាត់មិនទាន់អាចឆ្លើយឆ្លងនូវរាល់បញ្ហាប្រឈម ឬទុក្ខកង្វល់របស់ខ្លួនដែលជួបប្រទះ ទៅតាមប្រព័ន្ធបច្ចេកវិទ្យាបានទេ។ ជាមួយគ្នានេះ ពួកគាត់មានតែដាក់ពាក្យបណ្ដឹងតាមរយៈអាជ្ញាធរមូលដ្ឋាន ហើយប្រសិនបើក្រុមការងារអាជ្ញាធរខេត្ត ផ្ដោតតែទៅលើគណនេយ្យហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី បញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋនៅតែមិនអាចដោះស្រាយបានដដែល។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)ខេត្តកំពង់ធំ លោក ប្រាក់ សារ៉ាន់ មានប្រសាសន៍នៅថ្ងៃទី១ មីនា ថា លោកគាំទ្រចំពោះក្រុមការងាររបស់អាជ្ញាធរ ប៉ុន្តែលោកចង់ឃើញមានការដោះស្រាយនូវរាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាក់ស្តែងឲ្យទាន់ពេលវេលា។ បន្ថែមពីនេះ លោកថា បណ្ដាញសង្គមអាចជួយការងាររបស់អាជ្ញាធរមួយផ្នែក ប៉ុន្តែមួយផ្នែកទៀត គឺទាមទារឲ្យមន្ត្រីអាជ្ញាធរ សកម្មក្នុងការទទួលយកពាក្យបណ្ដឹងពលរដ្ឋតាមមូលដ្ឋាន ព្រមទាំងដោះស្រាយជូនពួកគាត់៖ « ជាយោបល់ខ្ញុំ សុំឲ្យបង្កើតក្រុមហ្នឹងតាមដានពាក្យបណ្ដឹង ប្រជាពលរដ្ឋ និងទទួលពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋតាំងពីនៅថ្នាក់ឃុំ - សង្កាត់ ស្រុក និង ខេត្ត »។
កាលពីថ្ងៃទី២៩ កុម្ភៈ អាជ្ញាធរខេត្តកំពង់ធំ បានសម្រេចបង្កើតក្រុមការងារខេត្ត សម្រាប់តាមដានព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅលើគណនេយ្យហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សមាសភាពក្រុមការងារនេះរួមមាន អភិបាលរងខេត្ត លោក សុខ លូ ជាប្រធាន នាយករងរដ្ឋបាលសាលាខេត្ត លោក ម៉ាក់ ប៊ុនហុង ជាអនុប្រធាន ព្រមទាំងអភិបាលស្រុក និងក្រុង ជាសមាជិក។
ក្រុមការងារនេះ មានភារកិច្ចស្រង់ព័ត៌មាន ឬរបាយការណ៍ប្រចាំថ្ងៃ និងសំណូមពរប្រជាពលរដ្ឋដែលផ្ញើទៅកាន់គណនេយ្យហ្វេសប៊ុកផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។ បន្ថែមពីនេះ ត្រូវសហការជាមួយអង្គភាព មន្ទីរក្នុងខេត្ត សម្រាប់លើកជាយោបល់ឲ្យគណៈអភិបាលខេត្តដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
នាយករដ្ឋបាលសាលាខេត្តកំពង់ធំ លោក ឡង់ គីសឺង មានជំនឿថា ក្រុមការងារនេះនឹងអាចជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងជាការបើកទូលាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តមួយនេះ។ លោកបន្តថា ក្រុមការងាររបស់ខេត្ត នឹងចុះពិនិត្យរាល់បញ្ហា ឬសំណូមពររបស់ពលរដ្ឋដែលផ្ញើទៅកាន់ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីដល់ទីតាំងទៀតផង។ ក្រៅពីនេះ ពលរដ្ឋដែលមិនទាន់ចេះប្រើប្រាស់បណ្ដាញសង្គម ពួកគេក៏អាចដាក់ពាក្យបណ្ដឹងតាមរយៈអាជ្ញាធរមូលដ្ឋានដដែល៖ « ប្រសិនបើជាមានបញ្ហាកើតឡើងដែលដាក់ចូលទៅក្នុងផេក (Page) សម្ដេច មានភាពមិនប្រក្រតី ឬភាពអយុត្តិធម៌ណាមួយ យើងខ្ញុំនឹងចុះទៅដោះស្រាយ និងឆ្លើយតបទៅនឹងអ្វីដែលពួកគាត់ចង់បាន »។
ទោះបីជាបែបនេះក្តី ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំក្រយា ស្រុកសន្ទុក មួយរូប លោកស្រី អ៊ុក ថាវរី និយាយថា អស់រយៈពេលជាង ២ឆ្នាំមកហើយ ជម្លោះដីធ្លីរបស់ពួកគាត់ប្រមាណ ២០០គ្រួសារ នៅមិនទាន់បានដោះស្រាយ បើទោះបីជាពួកគាត់នាំគ្នាដាក់ពាក្យប្ដឹងទៅអាជ្ញាធរជាច្រើនដងក៏ដោយ។ លោកស្រីថា ប្រសិនបើនៅតែមិនមានការដោះស្រាយទៀត ពួកគាត់មានគម្រោងបញ្ជូនពាក្យបណ្ដឹងទាំងនោះទៅតាមគណនេយ្យហ្វេសប៊ុកនាយករដ្ឋមន្ត្រីតែម្តង។
ការបង្កើតក្រុមការងារតាមដានហ្វេសប៊ុកប្រមុខដឹកនាំនៅពេលនេះ ក្រោយពេល លោក ហ៊ុន សែន បានចេញសេចក្ដីណែនាំមួយកាលពីថ្ងៃទី៨ កុម្ភៈ ទៅកាន់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ តាំងពីថ្នាក់ឧបនាយករដ្ឋមន្ត្រី រហូតដល់ថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានានា ដែលសព្វថ្ងៃលោកទទួលបានព័ត៌មានចម្រុះ រួមទាំងពាក្យបណ្ដឹង និងសំណូមពរពីប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដោះស្រាយឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ទោះបីជាយ៉ាងណា កន្លងមក អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា ធ្លាប់លើកឡើងថា វិធានការដោះស្រាយបញ្ហាតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ហ៊ុន សែន បង្កើតឡើងគ្រាន់តែជាការចំណេញនយោបាយប៉ុណ្ណោះ មិនអាចដោះស្រាយបញ្ហាជាតិធំៗបានឡើយ។ ពួកគេទទូចឲ្យរដ្ឋាភិបាល មានយន្តការដោះស្រាយបញ្ហាជាតិជាប្រព័ន្ធ ជាជាងរង់ចាំតែទទួលសំណូមពរពីពលរដ្ឋលើបណ្ដាញសង្គមដូចសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
