របាយការណ៍៖ កម្ពុជា​ចំណាយ​លុយ​ច្រើន​លើ​វិស័យ​អប់រំ​ប៉ុន្តែ​គុណភាព​នៅ​ទាប​ដដែល

0:00 / 0:00

របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ ប៉ុន្តែ​គុណភាព​អប់រំ​វិញ នៅ​តែ​មាន​កម្រិត​ទាប​ដដែល។ ការ​រក​ឃើញ​នោះ គឺ​ស្រប​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​កម្មវិធី​កំណែ​ទម្រង់​វិស័យ​អប់រំ​របស់​ខ្លួន ក្នុង​នោះ​រួម​មាន​កម្មវិធី​ពង្រឹង​ការ​ប្រឡង។

ក្នុង​របាយការណ៍​នោះ បាន​គូស​បញ្ជាក់​ថា គម្លាត​នៃ​ការ​ចូល​រៀន​មាន​ទំហំ​កាន់​តែ​ធំ ដោយសារ​គ្មាន​អ្នក​ទៅ​រៀន ហើយ​សិស្សានុសិស្ស​ដែល​កំពុង​ទៅ​រៀន​ទាំងអស់ ក៏​មិន​បាន​ទទួល​ចំណេះ​ដឹង​គ្រប់គ្រាន់ ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ​ចង់​បាន​ឡើយ។

មតិ​រិះគន់​ជាច្រើន​បាន​លើក​ឡើង​ថា គម្លាត​ខុស​គ្នា​នៃ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ ដោយ​រាប់​តាំង​ពី​វិស័យ​ឧស្សាហកម្ម​ខ្នាត​មធ្យម និង​ខ្នាត​ធំ។

របាយការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ​កម្ពុជា ដែល​ហៅ​កាត់ ស៊ី.ឌី.អ.អាយ (CDRI) ចេញ​ផ្សាយ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា គម្លាត​ខុស​គ្នា​រវាង​ការ​ផ្គត់ផ្គង់​ពលកម្ម​ជំនាញ និង​តម្រូវ​ការ​ការងារ កើត​ឡើង​ដោយសារ​កត្តា​សំខាន់​ពីរ។ ទី​មួយ គម្លាត​នៃ​ការ​ចូល​រៀន​នៅ​សាលា ដែល​សំដៅ​លើ​អត្រា​សិស្ស​ចូល​រៀន​មាន​កម្រិត​ទាប និង​អត្រា​ការ​បោះ​បង់​ការ​សិក្សា​មាន​កម្រិត​ខ្ពស់។ កត្តា​សំខាន់​ទី​ពីរ គឺ​គម្លាត​ខុស​គ្នា​នៃ​ការ​រៀន​សូត្រ​របស់​សិស្ស ដែល​សំដៅ​លើ​គុណភាព​អប់រំ ដោយសារ​តែ​សិស្ស​ភាគ​ច្រើន​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ទោះ​បី​ជា​គាត់​បាន​ចូល​សាលា​រៀន​ក៏ដោយ។

របាយការណ៍​ដដែល​បាន​គូស​បញ្ជាក់​ទៀត​ថា យុវជន​កម្ពុជា មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​ពួក​គាត់​ទៅ​សាលា​នោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​ប្រព័ន្ធ​ការ​អប់រំ​មួយ​ដែល​ពេញ​លេញ ដើម្បី​កាត់​បន្ថយ​គម្លាត​នៃ​ពលកម្ម​ជំនាញ​នៅ​កម្ពុជា។ នៅ​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​មាន​ទាំង​តម្រូវ​ការ​ពលកម្ម និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម។ ប៉ុន្តែ យន្តការ​ទាំងអស់​នេះ​ហាក់​ធ្វើ​ឲ្យ​មាន​គម្លាត​ខុស​គ្នា​ខ្លាំង រវាង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម និង​តម្រូវ​ការ​ទីផ្សារ​ការងារ។

អ្នក​វិភាគ​លើ​វិស័យ​អប់រំ បាន​លើក​ឡើង​ថា រៀង​រាល់​ឆ្នាំ ប្រទេស​កម្ពុជា បាន​ចំណាយ​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក នៃ​ថវិកា​ជាតិ ដើម្បី​បណ្ដុះបណ្ដាល និង​លើក​ស្ទួយ​វិស័យ​អប់រំ ប៉ុន្តែ​ការ​ចំណាយ​ទឹក​ប្រាក់​នៅ​កំឡុង​ពេល​នេះ បាន​ធ្វើ​ឲ្យ​គម្លាត​ខុស​គ្នា​ខ្លាំង​រវាង​ពលកម្ម​ជំនាញ និង​ការ​ទទួល​បាន​ការងារ​ខុស​ជំនាញ​ទៅ​វិញ ឬ​ការ​ផលិត​កម្លាំង​ពលកម្ម​មាន​ជំនាញ​តិចតួច។ បច្ចុប្បន្ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី បាន​ប្រកាស​កម្មវិធី​កំណែ​ទម្រង់​របស់​ខ្លួន ដោយ​ចាប់​ផ្ដើម​ពង្រឹង​លើ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ ជាដើម ប៉ុន្តែ​យន្តការ​នៅ​ពេល​នេះ ហាក់​ភ្លាមៗ​ពេក ដែល​សិស្សានុសិស្ស និង​សាកលវិទ្យាល័យ​ឯកជន ពិបាក​នឹង​ទទួល​យក។ កត្តា​នេះ​មាន​ន័យ​ថា ប្រសិន​បើ​សិស្ស​ប្រឡង​ជាប់​តិច នឹង​ប៉ះពាល់​ដល់​ភាព​រស់​រាន​របស់​សាកលវិទ្យាល័យ​ឯកជន។ ប៉ុន្តែ ប្រសិន​បើ​មាន​ការ​ប្រឡង​លើក​ទី​ពីរ នឹង​ប៉ះពាល់​ដល់​ថវិកា​ចំណាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

នាយក​រង​នៃ​សាកលវិទ្យាល័យ​ន័រតុន លោក អ៊ុង វណ្ណធឿន មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ពី​លទ្ធផល​នៃ​សិស្ស​ប្រឡង​ជាប់​ថ្នាក់​ទី​១២ មាន​កម្រិត​ណា​នោះ​ទេ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​បើ​លទ្ធផល​ជាប់​មាន​កម្រិត​ក្រោម ៥០% គឺ​អាច​ជា​បន្ទុក​ធ្ងន់ធ្ងរ​របស់​សាកលវិទ្យាល័យ​ឯកជន។ ទោះ​ជា​យ៉ាង​ណា លោក​គាំទ្រ​ចំពោះ​កម្មវិធី​កំណែ​ទម្រង់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ផលិត​ធនធាន​មនុស្ស​មួយ​ប្រកប​ដោយ​គុណភាព ដែល​ជា​តម្រូវ​ការ​ទីផ្សារ​ចង់​បាន ព្រោះ​កន្លង​មក សិស្ស​ដែល​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ មាន​ចំណេះ​ដឹង​ទាប​នៅ​ឡើយ៖ «សំឡេង»។

តាម​ការ​គណនា​ដោយ​ក្រុម​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន បាន​បង្ហាញ​ថា ចំណូល​បង់​ថ្លៃ​សាលា​ប្រមាណ ២៤​លាន​ដុល្លារ​អាមេរិក នឹង​បាត់​បង់​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​មាន​សិស្ស ២០% បាន​ប្រឡង​ជាប់។ ក្រសួង​អប់រំ វិញ នឹង​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ៤​លាន​ដុល្លារ ប្រសិន​បើ​មាន​ការ​ប្រឡង​លើក​ទី​ពីរ ដែល​ការ​ចំណាយ​នេះ​លើស​ការ​ចំណាយ​ឆ្នាំ​មុនៗ​ចំនួន ៤​ដង។

ដោយ​ឡែក​ការ​រក​ឃើញ​ដដែល​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ ស៊ី.ឌី.អ.អាយ អះអាង​ថា ការ​លើក​កម្ពស់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ត្រូវ​ចាប់​ផ្ដើម​ពង្រឹង​គុណភាព​គ្រូបង្រៀន។ បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ធ្លាប់​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​ប្រាំ​បាន​បង្កើត ក្រសួង​បាន​រៀប​ចំ​ការ​ប្រឡង​ជ្រើស​រើស​គ្រូបង្រៀន​ប្រកប​ដោយ​គុណភាព និង​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ក៏​មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន៖ «សំឡេង»។

ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ តែ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​របស់ ស៊ី.ឌី.អ.អាយ បាន​រក​ឃើញ​ថា បញ្ហា​កង្វះ​គ្រូបង្រៀន​ប្រកប​ដោយ​គុណភាព មាន​ស្ទើរ​នៅ​គ្រប់​កម្រិត ជាពិសេស​ការ​អប់រំ​នៅ​ថ្នាក់​មូលដ្ឋាន ជា​ឧបសគ្គ​ចម្បង​នាំ​ឲ្យ​មាន​គម្លាត​ពលកម្ម​ជំនាញ​កាន់​តែ​ធំ​នា​ពេល​អនាគត។

កង្វះ​គ្រូបង្រៀន​ដែល​ខ្លាំង នឹង​នាំ​ឲ្យ​ប្រព័ន្ធ​អប់រំ​ទន់​ខ្សោយ។ កត្តា​នេះ​មាន​ន័យ​ថា សិស្ស​ដែល​ទទួល​បាន​ចំណេះ​ដឹង​ទាប ដោយសារ​គ្រូបង្រៀន​មិន​កើត។ ហើយ​សិស្ស​មួយ​ចំនួន​ដែល​ចេញ​ពី​សាលា​ដោយ​គ្មាន​គុណភាព នឹង​ក្លាយ​ជា​គ្រូបង្រៀន​សិស្ស​ដែល​គ្មាន​គុណភាព​នៅ​ពេល​អនាគត។ ហើយ​មួយ​ចំនួន​ទៀត នឹង​បន្ត​នៅ​ថ្នាក់​ឧត្ដម​សិក្សា ដែល​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ការ​អប់រំ​ទន់​ខ្សោយ មិន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ចង់​បាន។

ការ​ស្រាវជ្រាវ​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ថា សហគ្រាស ៧៣% បាន​អះអាង​ថា សិស្ស​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មាន​ជំនាញ​មិន​ត្រូវ​នឹង​ទីផ្សារ​ចង់​បាន។ ដោយ​ឡែក​សហគ្រាស​បរទេស​ចំនួន ២២% អះអាង​ថា ឧបសគ្គ​សំខាន់​បំផុត​របស់​គេ​ក្នុង​ការ​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា គឺ​ភាព​ខ្វះខាត​ពលកម្ម​ជំនាញ​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។