ប្រធាន​សភា​ស្នើ​ឲ្យ​ក្រសួង​ការងារ​ជួយ​ស្វែង​រក​កម្មការិនី​ម្នាក់​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី

0:00 / 0:00

ឪពុក​ម្តាយ​កម្មការិនី​មួយ​រូប បាន​សុំ​ឲ្យ​សមាជិក​សភា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​ស្រាវជ្រាវ​រក​កូនស្រី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាត់​ខ្លួន។ គ្រួសារ​ជន​រងគ្រោះ​ដែល​រស់នៅ​ខេត្ត​កំពង់ធំ អះអាង​ថា កូនស្រី​ឈ្មោះ កែម ចន្ទី ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន វីស៊ី មេនផាវវើ (VC Manpower)។

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ចារ​លើ​លិខិត​មួយ​ច្បាប់​របស់​សមាជិក​សភា បញ្ជូន​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​ស្វែងរក​កម្មការិនី​មួយ​រូប ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​គ្មាន​ដំណឹង​ទាក់ទង​ជាមួយ​គ្រួសារ​តាំង​ពី​ឆ្នាំ​២០១០។

លោក ម៉ែន សុថាវរិន្ទ្រ អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពង់ធំ ជា​អ្នក​ទទួល​ពាក្យ​ប្ដឹង​ពី​អាណាព្យាបាល​កម្មការិនី កែម ចន្ទី ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ជន​រងគ្រោះ​តាម​រយៈ​ប្រធាន​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យ​ប្ដឹង​ពី​អាណាព្យាបាល​កម្មការិនី កែម ចន្ទី កាល​ពី​ថ្ងៃ​ទី​២៧ សីហា អំពី​ការ​បាត់​ដំណឹង​កូនស្រី​នោះ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ថ្ងៃ​មុន​យើង​ធ្វើ​វេទិកា​សេរី​មួយ​នៅ​កំពង់ធំ ពលរដ្ឋ​នៅ​ខាង​ប្រាសាទ​បល្ល័ង្គ នោះ គាត់​បាន​មក​ប្ដឹង ព្រោះ​គាត់​បាត់​កូន​គាត់។ នៅ​ម៉ាឡេស៊ី ព្រោះ​គាត់​បាត់​កូន​គាត់​រហូត។ ប៉ុន្តែ​គាត់​មាន​អត្តលេខ​មាន​ឈ្មោះ​ក្រុមហ៊ុន​អី​ទាំងអស់។ ធម្មតា​គាត់​ទៅ​តាម​ក្រុមហ៊ុន អ៊ីចឹង​មាន​អត្តលេខ អី​បាន គេ​អាច​ស្រាវជ្រាវ​បាន​ហើយ ព្រោះ​ក្រុមហ៊ុន​នោះ​នៅ​សព្វថ្ងៃ​ទេ​តើ។ គាត់​បាន​ទៅ​ទាក់ទង​ដែរ តែ​គេ​អត់​មាន​ឆ្លើយ អ៊ីចឹង​ហើយ​បាន​គាត់​បាន​មក​ជួប​តំណាង​រាស្ត្រ ប្រាប់​ខ្ញុំ ហើយ​គាត់​បាន​សំបុត្រ​មួយ​ឲ្យ​ជួយ​ស្រាវជ្រាវ»

កម្មការិនី កែម ចន្ទី មាន​អាយុ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ពាមអាទិត្យ ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ។ នាង​បាន​ចេញ​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន វីស៊ី មេនផាវវើ កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១០ ហើយ​មាន​លេខ​កូដ​សម្គាល់​ខ្លួន ២៧៦៧។ ឪពុក​ម្តាយ​បាន​អះអាង​ថា តាំង​ពី​នាង​ចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស​មក​ទល់​បច្ចុប្បន្ន គ្រួសារ​ពុំ​ដែល​បាន​ទទួល​ដំណឹង​ពី​កូនស្រី​សោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តំណាង​ក្រុមហ៊ុន វីស៊ី មេនផាវវើ បាន​ទេ នៅ​ថ្ងៃ​ទី​៨ តុលា ដើម្បី​សាកសួរ​អំពី​ការ​បាត់​ខ្លួន​កម្មការិនី​នេះ។

ប៉ុន្តែ ប្រធាន​សមាគម​ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​កម្ពុជា លោក អន ប៊ុនហាក់ មាន​ប្រសាសន៍​ថា លោក​មាន​ជំនឿ​ថា គេ​អាច​រក​កម្មការិនី​ដែល​បាត់​ខ្លួន​នេះ​ឃើញ​តាម​រយៈ​ក្រុមហ៊ុន និង​ទិន្នន័យ​ទំនាក់ទំនង ដែល​រក្សា​ទុក​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៖ «គឺ​យើង​មាន​ប្រព័ន្ធ​ទិន្នន័យ​ដើម្បី​រក គឺ​រក​ឃើញ​និយោជក​ហើយ យើង​អាច​ទំនាក់ទំនង ពីព្រោះ​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​នោះ ពេល​មាន​និយោជក គឺ​មាន​លេខ​ទូរស័ព្ទ​របស់​ថៅកែ​ហ្នឹង​ហើយ។ អ៊ីចឹង​យើង​អាច​ទំនាក់ទំនង​បាន មិន​បាត់​ទៅ​ណា​ទេ យើង​អាច​រក​ឃើញ​ហើយ ឲ្យ​គាត់​ទំនាក់ទំនង​ឡើង​វិញ​បាន»

ពលករ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់ បាន​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​មាន​របាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស​មួយ​ដែល​ធ្វើ​បាប​ពលករ​ខ្មែរ​ធ្វើ​ការ​តាម​ផ្ទះ​ជាច្រើន​ករណី រហូត​ដល់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ កាល​ពី​ខែ​តុលា ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។