ពិព័រណ៍​ឧស្សាហកម្ម​និង​សិប្បកម្ម អែស.អិម.អ៊ី.លើក​ទី​៤

0:00 / 0:00

សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម បាន​បើក​ពិព័រណ៍​ឧស្សាហកម្ម និង​សិប្បកម្ម អែស.អិម.អ៊ី (SME) លើក​ទី​៤ រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ ការ​រៀបចំ​ពិព័រណ៍​នេះ គឺ​ដើម្បី​លើក​ស្ទួយ​ផ្នែក​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និង​ផលិតផល​ស្នាដៃ​ខ្មែរ ឆ្ពោះ​ទៅ​ប្រកួត​ប្រជែង​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម បាន​បើក​ពិព័រណ៍​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ជា​ស្នាដៃ​កូន​ខ្មែរ មក​ដាក់​តាំង​បង្ហាញ​ជាង ១០០​ស្តង់ ក្នុង​បំណង​លើក​កម្ពស់​ផលិតផល​ខ្មែរ និង​ផ្សព្វផ្សាយ​ទៅ​ទីផ្សារ​អន្តរជាតិ។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​នៅ​សាល​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី​២៨ មីនា ថា នេះ​ជា​ឱកាស​ដ៏​កម្រ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ស្រប​ពេល​ដែល​ផលិតផល​របស់​ខ្មែរ ដូច​ជា អង្ករ នំ​ស្រួយ នំ​កញ្ចប់ និង​ស្រាបៀ កំពុង​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស​ជា​បន្តបន្ទាប់ ដូច​ជា​ប្រទេស​ជប៉ុន និង​កាណាដា ជាដើម​នោះ។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ទាក់ទង​ពី​អង្គការ​ផ្សេងៗ ឲ្យ​ជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បន្ថែម​ទៀត​ដល់​សិប្បករ​ខ្មែរ ដើម្បី​ទទួល​បាន​បច្ចេកទេស​ថ្មីៗ ឲ្យ​ស្រប​នឹង​ការ​ចង់​បាន​ពី​ទីផ្សារ​ក្រៅ​ស្រុក។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។ (RFA/Khe Sonorng)

លោក ចម ប្រសិទ្ធ៖ «ការ​តាំង​ពិព័រណ៍​នេះ​ជា​កិច្ចការ​មួយ​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​គេ​ស្គាល់ អែស.អិម.អ៊ី របស់​យើង ពី​ផលិតផល​របស់​យើង បើ​កាល​ណា​យើង​អត់​តាំង​ពិព័រណ៍​ទេ គ្មាន​នរណា​គេ​ស្គាល់​ផលិតផល​របស់​យើង​ទេ ទោះ​ជា​ផលិតផល​របស់​យើង​ល្អ​ប៉ុណ្ណា​ក៏ដោយ។ អ៊ីចឹង​ហើយ​ការ​តាំង​ពិព័រណ៍​នេះ គឺ​ជា​ឱកាស​ដើម្បី​ឲ្យ​អ្នក​ដែល​ផលិត​ផលិតផល​ផ្សេងៗ អាច​ដាក់​តាំង​ផលិតផល​របស់​ខ្លួន​ឯង​ផង រក​ដៃគូ​ដើម្បី​ផលិត​បន្ត​ទៅ​ទៀត​ផង។ ហើយ​នឹង​ជា​ឱកាស​ឲ្យ​សាធារណជន​យើង​បាន​ស្គាល់​ផលិតផល​ក្នុង​ប្រទេស និង​អាច​យក​ជៀវ​ផង»

លោក សួស សារ៉ន ជា​សិប្បករ​ធ្វើ​ក្ដារ​បន្ទះ​ពី​ថ្នាំង​ឫស្សី មក​ពី​ខេត្ត​ព្រៃវែង ដែល​បាន​ចូលរួម​តាំង​ពិព័រណ៍​ស្នាដៃ​របស់​គាត់​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ខ្លះ​ដែរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋាភិបាល ក្នុង​ការ​ជ្រោមជ្រែង​លើក​កម្ពស់​ស្នាដៃ​ដែល​ផុស​ចេញ​ពី​ការ​ច្នៃ​ប្រឌិត​របស់​កូន​ខ្មែរ គ្មាន​ការ​លួច​ចម្លង។ លោក​ថា ផលិតផល​របស់​លោក​មាន​លក្ខណៈ​ពិសេស​ក្នុង​គោលដៅ​ការពារ​បរិស្ថាន ជៀសវាង​ការ​កាប់​បំផ្លាញ​ឈើ​ប្រណីត ព្រោះ​លោក​អាច​កែច្នៃ​ឫស្សី​មក​ផលិត​ជា តុ ទូ កៅអី ទ្វារ ដែល​មាន​តួនាទី​ជំនួស​ឈើ​ប្រណីត​បាន។

លោក សួស សារ៉ន៖ «បោះ​រង្វាន់​មិន​បាន​ឃើញ​ទេ​ណា តែ​បាន​ឃើញ​ថា​រដ្ឋាភិបាល​គាត់​ណែនាំ​បណ្ដា​អង្គការ​អន្តរជាតិ​នោះ គាត់​ចុះ​មក​ស្រាវជ្រាវ​មើល​ឫស្សី​មាន​ស្អី​ខ្លះ គាត់​ចុះ​ទៅ​ហៅ​ឈ្មោះ​អ៊ំ​ចូល​មក។ ជាពិសេស អង្គការ​មាន​ស្នាក់​ការ​ធំ​នៅ​ហូល្លង់ដ៍ អន្តរជាតិ​សម្រាប់​សិប្បកម្ម​ហ្នឹង គាត់​ចុះ​មក​ជួយ​គ្នា​មាន ៣​ប្រទេស មាន​ខ្មែរ មាន​វៀតណាម មាន​ឡាវ ស្នាក់​ការ​ធំ​របស់​សិប្បកម្ម​នេះ គឺ​នៅ​វៀតណាម ដល់​ហើយ​គាត់​ចុះ​មក​មើល ហើយ​គាត់​បើក​សិក្ខា​សាលា​អី​ញឹកញាប់​ណាស់ ហើយ​គេ​ចុះ​មក​សម្ភាស​យើង គេ​ថត​យក​របស់​យើង​បញ្ចូល​ក្នុង​កម្មវិធី​របស់​យើង​ហ្នឹង យើង​មាន​ទឹក​ចិត្ត​ហើយ»

ពិព័រណ៍​ឧស្សាហកម្ម និង​សិប្បកម្ម អែស.អិម.អ៊ី លើក​ទី​៤ នា​ឆ្នាំ​២០១៤ នេះ គឺ​បាន​កំណត់​យក​ផលិតផល និង​សេវាកម្ម​ដែល​មាន​មូលដ្ឋាន​ផលិត ដំឡើង និង​វេច​ខ្ចប់ និង​កែច្នៃ​បន្ត​នៅ​ក្នុង​ប្រទេស មក​តាំង​បង្ហាញ​ចំនួន ១៨០​ស្តង់ ដែល​ក្នុង​នោះ​មាន​ស្តង់​ផលិតផល និង​សេវាកម្ម​ខ្មែរ​មាន ១៣០​ស្តង់។ ផលិតផល​ដែល​គេ​ដាក់​លក់ និង​តាំង​បង្ហាញ​លើក​នេះ មាន​ដូច​ជា ចំណី​អាហារ ផ្លែ​ឈើ ភេសជ្ជៈ គ្រឿង​សង្ហារិម និង​សម្លៀកបំពាក់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។