កិច្ច​ប្រជុំ​ស្ដីពី​ការ​ស្វែង​រក​វិធីសាស្ត្រ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ

0:00 / 0:00

តំណាង​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ក្រសួង​ការងារ កម្មករ និយោជក សហជីព តំណាង​គណៈកម្មការ​ប្រាក់​ឈ្នួល និង​តំណាង​គណៈកម្មការ​ប្រឹក្សា​ការងារ​របស់​រដ្ឋាភិបាល រួម​ទាំង​សង្គម​ស៊ីវិល គឺ​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយ​ឡូ (ILO) បាន​ជួប​ប្រជុំ​គ្នា​រិះ​រក​វិធីសាស្ត្រ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ពេល​ខាង​មុខ។

តំណាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​មួយ ដើម្បី​ស្វែង​រក​មតិ​យោបល់​ពី​ត្រី​ភាគី ដើម្បី​កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​កាត់​ដេរ​ឲ្យ​មាន​លក្ខណៈ​រឹងមាំ ដោយ​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​ពី​ការ​សិក្សា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ។

អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ប្រចាំ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា អាយ​ឡូ លោក ទុន សុភ័ណ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៤ មេសា ថា ក្រសួង​ការងារ ដែល​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​អាយ​ឡូ បាន​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ត្រី​ភាគី​ថ្នាក់​ជាតិ​មួយ​ជា​លើក​ដំបូង ស្ដី​ពី​ការ​ពង្រឹង​ដំណើរ​ការ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ ដើម្បី​ប្រមូល​មតិ​យោបល់​ពី​តំណាង​ភាគី​ពាក់ព័ន្ធ ដែល​មាន​ក្រសួង​ការងារ តំណាង​កម្មករ និយោជក សហជីព តំណាង​គណៈកម្មការ​ប្រាក់​ឈ្នួល ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​កសាង​នូវ​ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នួល​មួយ​ដែល​មាន​លក្ខណៈ​សមស្រប​រឹងមាំ និង​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ លោក​អះអាង​ថា គួរ​ឲ្យ​សោកស្ដាយ​ដែល​តំណាង​ខាង​និយោជក​អវត្តមាន។

«សំឡេង»

ទាក់ទង​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា នៅ​ពេល​ទទួល​បាន​យោបល់​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​មាន​ទាំង​បទ​ពិសោធន៍​ពី​បរទេស​ផង​នោះ នឹង​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​គណៈកម្មការ​នេះ​នឹង​ជ្រើស​យក​អ្វី​ដែល​ត្រូវ​នឹង​បរិបទ​នៃ​ប្រទេស​កម្ពុជា។ ក្នុង​ជំនួប​នេះ អាច​នឹង​ជួយ​ដល់​បរិយាកាស​នៃ​ការ​ចរចា​ក្នុង​ពេល​ខាង​មុខ និង​ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​យល់​ដឹង​ពី​ចំណេះ​ដឹង​ទូទៅ អំពី​គោលការណ៍​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល។

«សំឡេង»

ទាក់ទង​នឹង​កិច្ច​ពិគ្រោះ​យោបល់​នេះ ខាង​សហជីព​បាន​សម្ដែង​ការ​គាំទ្រ ប៉ុន្តែ​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​បន្ទាន់ៗ​មួយ​ចំនួន​សិន។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ លោក អាត់ ធន់ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នោះ មាន​ប្រសាសន៍​ថា បើ​សិន​ជា​អនុវត្ត​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ដោយ​ផ្អែក​លើ​មូលហេតុ​សេដ្ឋកិច្ច និង​សង្គម​ដូច្នេះ​នោះ រាល់​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​លើក​ក្រោយៗ នឹង​មិន​មាន​ការ​តវ៉ា​ទៀត​ទេ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​ជា​បញ្ហា​ចម្បង គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល តុលាការ​ពិនិត្យ​ពិចារណា​ដោះស្រាយ​ចំពោះ​អ្នក​ជាប់​ពន្ធនាគារ​ទាំង ២៣​នាក់ ដោយសារ​តែ​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​កាល​ពី​ដើម​ឆ្នាំ​នេះ។

«សំឡេង»

កាល​ដើម​ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ​ចំនួន ១០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​បាន​អនុវត្ត​ផ្ដល់​ឲ្យ​ចាប់​ពី​ខែ​កុម្ភៈ។ ប៉ុន្តែ​ក្រោយ​ការ​សម្រេច​ភ្លាមៗ កម្មករ​បាន​ផ្ទុះ​កូដកម្ម​តវ៉ា​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ទាមទារ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​បាន​ក្លាយ​ជា​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ និង​មាន​ការ​បង្ក្រាប​ពី​កង​កម្លាំង​រដ្ឋាភិបាល ធ្វើ​ឲ្យ​ស្លាប់ ៥​នាក់ របួស​ជិត ៤០​នាក់ និង​ចាប់​ខ្លួន ២៣​នាក់ ហើយ​ដោះ​លែង​អោយ​នៅ​ក្រៅ​ឃុំ ២​នាក់។ កន្លង​មក​នេះ សហជីព​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ឲ្យ​ដល់ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ នេះ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល និង​និយោជក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។