នៅខេត្តបាត់ដំបង មានមនុស្ស ៤នាក់ស្លាប់ និង ៧នាក់រងរបួស រួមទាំងផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ត្រូវខ្យល់ព្យុះបោកបក់បំផ្លាញឲ្យខូចខាតទាំងស្រុង។ គ្រោះធម្មជាតិនេះ មេឃភ្លៀងធ្លាក់ព្រិលទឹកកក និងមានខ្យល់បោកបក់ខ្លាំងនេះ បានកើតមានឡើងជាលើកដំបូងនៅខេត្តបាត់ដំបង នៅឆ្នាំ២០១៤ នេះ។
គ្រោះធម្មជាតិនេះ បានកើតមានឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ប៉ះចំខ្លាំងជាងគេនៅស្រុកឯកភ្នំ ស្រុកគាស់ក្រឡ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ ៤ នាក់ មានពីរស្លាប់ដោយសាររន្ទះបាញ់ និងពីរនាក់ទៀត ម្នាក់ស្លាប់ដោយសាររអិលជើងដួល និងម្នាក់ទៀតស្លាប់ដោយសារដើមឈើបាក់សង្កត់លើ៖ «រន្ទះបាញ់ស្លាប់ពីរជញ្ជូនអីវ៉ាន់ រអិលដួលបោកក្បាលស្លាប់មួយហើយ កំពុងអង្គុយហូប ដើមឈើកិនលើស្លាប់១ដែរ សរុបស្លាប់៤ របួស ៧នាក់។ ផ្ទះខូចខាតនៅស្រុកគាស់ក្រឡ ១៦ខ្នង ស្រុកផ្សេងទៀតដូចអត់មានទេ វាមកដូចចំពីក្រោយស្នងការបទឡើង ភ្លៀងធ្លាក់ព្រិលហើយក្នុងក្រុងបាត់ដំបង ហើយរន្ទះបាញ់នៅស្រុកឯកភ្នំ នៅហាងចាន់ណា ស្រែ ១០០ដួលដើមឈើកិនមនុស្សស្លាប់១ របួស៥ និងឯកភ្នំរបួស២»។
លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា អាជ្ញាធរខេត្តបានបញ្ជូនក្រុមការងារកាកបាទក្រហម ដោយបាននាំនូវជំនួយមួយចំនួនជូនដល់ជនរងគ្រោះ។ កន្លងទៅថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិ នឹងកើតមានច្រើននៅរដូវវស្សានាឆ្នាំនេះ ជាពិសេស គឺចាប់ពីខែឧសភា រហូតដល់ខែមិថុនា ឆ្នាំ២០១៤ កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ មានខ្យល់កន្ត្រាក់ ផ្គររន្ទះនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ក្រសួងធនធានទឹក ទន្ទឹមគ្នានេះក៏បានអំពាវនាវសុំអាជ្ញាធរនៅតាមខេត្តក្រុងនានា ធ្វើការអប់រំប្រជាពលរដ្ឋ ដើម្បីមានវិធានការការពារគ្រោះធម្មជាតិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
