សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​យុទ្ធនាការ​ថ្មី​ឈ្មោះ​ថា "ផ្លូវ​ឆ្ពោះ​ទៅ​មាតុភូមិ"

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ថ្មី​មួយ​ឈ្មោះ​ថា "ផ្លូវ​ឆ្ពោះ​ទៅ​មាតុភូមិ" មាន​ន័យ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​អំពាវនាវ​ពលរដ្ឋ​នៅ​កម្ពុជា និង​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​លើ​ពិភពលោក ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ខ្មែរ​ក្រោម និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា សម្រាប់​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម លើក​ទី​៦៥​ឆ្នាំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្រេច​ធ្វើ​យុទ្ធនាការ​ជំហាន​ទី​១ ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទាំង​ពិភពលោក បាន​យល់​ដឹង​ពី​ខ្មែរ​កម្ពុជា​ក្រោម។ ហើយ​សម្រាប់​ជំហាន​ទី​២ នឹង​ធ្វើ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រស់នៅ​ប្រទេស​វៀតណាម មាន​ភាព​ស្និទ្ធស្នាល​នឹង​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ទៅ​កាន់​មាតុភូមិ​បាន​ន័យ​យ៉ាង​ម៉េច គឺ​ខ្មែរ​ក្រោម ទាំង​ខ្មែរ ត្រូវ​បំផុសបំផុល​ចលនា​នេះ។ ឧទាហរណ៍ ព្រះសង្ឃ​និមន្ត​ទៅ​កម្ពុជា​ក្រោម ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម។ យួន មក​ខ្មែរ​បាន ខ្មែរ​ទៅ​កម្ពុជា​ក្រោម​ឲ្យ​បាន​រាប់​លាន​នាក់»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ផ្ដោត​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ប្រទេស​សមាជិក​អាស៊ាន ឲ្យ​ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត ចំពោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ លោក​បន្ត​ថា យុទ្ធនាការ​ទាំង​ប៉ុន្មាន នឹង​ធ្វើ​ឡើង​ដោយ​អហិង្សា និង​មិន​បណ្ដាល​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​វៀតណាម គាប​សង្កត់​បន្ថែម​ទៀត​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ទាំង​រស់នៅ​វៀតណាម និង​កម្ពុជា។

សម្រាប់​ខួប​លើក​ទី​៦៥​ឆ្នាំ​នេះ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​សហរដ្ឋ​អាមេរិក កាណាដា និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ក៏​នឹង​ចូលរួម​ទិវា​រំឭក​ខួប​៦៥​ឆ្នាំ​នេះ។ ដោយ​ឡែក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា វិញ បាន​ប្រារព្ធ​ខួប​៦៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ក្រោយ​ការ​គាប​សង្កត់​របស់​អាជ្ញាធរ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​សមាគម​ទាំង​នោះ ធ្វើ​ពិធី​នៅ​ទីធ្លា​សាធារណៈ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅ​កម្ពុជា សម្ដែង​ការ​កាន់​ទុក្ខ​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) និង​សកម្មភាព​ផ្សេងៗ​ទៀត​នៅ​កន្លែង​សាធារណៈ។

លោក ថាច់ ង៉ុកថាច់ អះអាង​ថា ភាព​ផុសផុល​ឡើង​របស់​យុវជន​ខ្មែរ​កម្ពុជា​ក្រោម កើត​ឡើង​បន្ទាប់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រើប្រាស់​រយៈពេល​ជាច្រើន​ឆ្នាំ បណ្តុះបណ្តាល​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម ដើម្បី​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ឯង៖ «ខ្មែរ​កម្ពុជា​ក្រោម​ឥឡូវ​មិន​ដូច​កាល​ពី​មុន​ទេ ជំនាន់​មុន​ប្រើ​កំហឹង និង​មាន​ការ​ញុះញង់ កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០។ ឥឡូវ​ពលរដ្ឋ​ខ្មែរ​ក្រោម​យល់​ច្បាស់​ថា អ្វី​ទៅ​ជា​សិទ្ធិ​ជា​ម្ចាស់​ស្រុក»

អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន ២១​ខេត្ត​ក្រុង ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ម៉ឺន ៨​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា (៦៨.៩៦៥​គីឡូ​ម៉ែត្រ​ក្រឡា) ទៅ​ឲ្យ​វៀតណាម កាន់​កាប់​ខុស​ច្បាប់ ដោយ​គ្មាន​ការ​ឯកភាព​យល់​ព្រម​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៤ នេះ គឺ​មាន​រយៈពេល ៦៥​ឆ្នាំ​គត់ ដែល​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០​លាន​នាក់ ជា​ម្ចាស់​ទឹក​ដី​ម្ចាស់​ស្រុក បាន​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មិថុនា ស្វាគមន៍​ចំពោះ​យុទ្ធនាការ​ផ្សារភ្ជាប់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ព្រមាន​ថា ប្រសិន​បើ​យុទ្ធនាការ​ធ្វើ​ឡើង​ដើម្បី​ញុះញង់​ខ្មែរ​ក្រោម​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម នោះ​អាជ្ញាធរ​វៀតណាម នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «បង​ប្អូន​ទាំង​ជនជាតិ​អាមេរិក ថៃ បារាំង កម្ពុជា និង​ឡាវ ទៅ​វៀតណាម អញ្ជើញ​ទៅ​វៀតណាម ក្នុង​ចំណង​មិត្តភាព​ទំនាក់ទំនង​ធម្មតា​ទេ។ ប៉ុន្តែ​ទៅ​វៀតណាម ដើម្បី​ល្មើស​ច្បាប់​វៀតណាម ឬ​ច្បាប់​អន្តរជាតិ វៀតណាម នឹង​ដោះស្រាយ​តាម​ច្បាប់»

ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​ដី​វិញ លោក ត្រឹង វ៉ាន់ថុង អះអាង​ផ្ទុយ​នឹង​អ្នក​ប្រវត្តិសាស្ត្រ​ថា បារាំង មិន​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម ឲ្យ​វៀតណាម ទេ ប៉ុន្តែ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ជា​ទឹក​ដី​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ៖ «ព័ត៌មាន​បាត់​បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ទេ គ្មាន​អ្វី​ជា​ភស្តុតាង​ទេ»

លោក ត្រឹង វ៉ាន់ថុង បន្ថែម​ទៀត​ថា ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ដើម​មួយ​ក្នុង​ចំណោម​ជនជាតិ​៥៣​ផ្សេង​ទៀត ដែល​រស់នៅ​ទឹក​ដី​វៀតណាម ហើយ​ថា វៀតណាម គោរព​សិទ្ធិ​មនុស្ស​ជនជាតិ​ដើម​ទាំងអស់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​បន្ត​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម។

កាល​ពី​ឆ្នាំ​២០១៣ តុលាការ​វៀតណាម បាន​កាត់​ទោស​ព្រះសង្ឃ​ពីរ​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ពីរ​នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ៦​ឆ្នាំ ដោយ​ចោទ​ពី​បទ​បំផ្លាញ​សណ្ដាប់ធ្នាប់​សាធារណៈ និង​រត់​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។ ប៉ុន្តែ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា តុលាការ​វៀតណាម កាត់​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ ដោយសារ​តែ​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​មាន​ការ​សាងសង់​សាលារៀន​ភាសា​ខ្មែរ ក្នុង​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។