អភិបាលក្រុង និងអភិបាលរងខេត្តព្រះសីហនុ ដែលទើបតែងតាំងថ្មី បានប្ដេជ្ញាចិត្តថានឹងខិតខំជំរុញឲ្យខេត្តទេសចរណ៍មួយនេះមានសន្តិសុខ និងឆ្នេរមានសោភណភាព ដើម្បីចូលរួមផ្តល់ភាពកក់ក្តៅជូនពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ។
ការប្ដេជ្ញានេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋភាគច្រើននាមូលដ្ឋាននេះ ប៉ុន្តែបានស្នើឲ្យការប្ដេជ្ញារបស់ថ្នាក់ដឹកនាំទាំងនេះ មានការអនុវត្ត ហើយមានប្រសិទ្ធភាព។
ពិធីផ្ទេរតំណែងអភិបាលក្រុងព្រះសីហនុ លោក ជិន សារិន ជំនួសថ្មីដោយ លោក អ៊ី សុខឡេង អតីតអភិបាលរងខណ្ឌ៧មករា រាជធានីភ្នំពេញ និងអភិបាលរងខេត្តព្រះសីហនុ អ្នកស្រី ប្រាក់ ចន្ទសុខា ត្រូវចូលនិវត្តន៍ និងដាក់ជំនួសដោយ អ្នកស្រី ហៀក ហ៊ីមុល្លី អតីតប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ ធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី៧ ខែសីហា។
ពិធីផ្លាស់ប្ដូរនេះមាន លោក អ៊ុង សាម៉ី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំនៅតាមមន្ទីរ ឬស្ថាប័នពាក់ព័ន្ធនាមូលដ្ឋាននេះ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តបានចូលរួម។ ពិធីផ្លាស់ប្ដូរតួនាទីនេះ ក៏មានមន្ត្រីខ្លះសប្បាយចិត្ត និងមានខ្លះទៀតបានបង្ហាញទឹកមុខស្រងូតស្រងាត់ ហើយអ្នកខ្លះទៀត ទំនងជាចង់បានតួនាទី ឬតំណែងទាំងនេះដែរ ប៉ុន្តែត្រូវខកខានក៏បានអាក់អន់ចិត្ត ហើយបានទូរស័ព្ទខ្សឹបខ្សៀវគ្នានិយាយពីនេះពីនោះ ឬអ្នកនេះខ្សែថ្នាក់ដឹកនាំនេះ ឬថ្នាក់ដឹកនាំនោះជាដើម ជាហូរហែទាក់ទងការផ្លាស់ប្ដូរតំណែងនេះ។
ងាកមកពិធីផ្ទេរតំណែង ឬតួនាទីអភិបាលក្រុង និងអភិបាលរងខេត្តព្រះសីហនុ វិញ លោក អ៊ុង សាម៉ី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់ដំបូន្មាន ឬផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំទាំងពីរ ដែលទទួលបានមុខតំណែងថ្មី ត្រូវខិតខំបំពេញការងារឲ្យស្របតាមច្បាប់ និងអនុវត្តទៅតាមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលបានដាក់ចេញ។ ជាងនេះ បានស្នើឲ្យសហការរួមគ្នាលុបបំបាត់នូវរាល់ភាពអសកម្មទាំងឡាយ ដែលមានសេសសល់នាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ឲ្យបានប្រសើរជាមួយស្ថាប័នពាក់ព័ន្ធនាថ្ងៃអនាគត។
បន្ទាប់ពី លោក អ៊ុង សាម៉ី បានផ្តាំផ្ញើ និងផ្ទេរភារកិច្ចទទួលខុសត្រូវជូនថ្នាក់អភិបាលក្រុង និងអភិបាលរងខេត្តព្រះសីហនុ ទាំងពីររួចមក អ្នកស្រី ហៀក ហ៊ីមុល្លី បានឡើងប្ដេជ្ញាចិត្តនៅចំពោះមុខភ្ញៀវចូលរួម ដោយអះអាងថា នឹងខិតខំធ្វើការងារឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងស្របតាមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មិនខុសគ្នាទេសម្រាប់ លោក អ៊ី សុខឡេង អភិបាលក្រុងថ្មីនៃក្រុងព្រះសីហនុ ក៏បានប្ដេជ្ញាប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាហូរហែថា នឹងខិតខំបំពេញការទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឲ្យបានប្រសើរថែមទៀតនាពេលខាងមុខ។ ជាងនេះ លោកក៏ប្ដេជ្ញាថា នឹងសហការជំរុញឲ្យឆ្នេរសមុទ្រខេត្តព្រះសីហនុ មានអនាម័យ និងមានសោភណភាព ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀត។
ចំពោះការឡើងថ្លែងប្ដេជ្ញាចិត្តរបស់ អ្នកស្រី ហៀក ហ៊ីមុល្លី អភិបាលរងថ្មីនៃខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងថ្មីនៃក្រុងព្រះសីហនុ ពេលនេះ ទទួលបានការគាំទ្រពីអាណាព្យាបាល ពិសេសមន្ត្រីសង្គមស៊ីវិលមួយចំនួននាមូលដ្ឋាននេះ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ មានប្រសាសន៍ថា ទន្ទឹមគ្នានឹងការប្ដេជ្ញាចិត្តបំពេញការងារឲ្យបានល្អរបស់ អ្នកស្រី ហៀក ហ៊ីមុល្លី និងលោក អ៊ី សុខឡេង ពេលនេះ ក៏ស្នើឲ្យការប្ដេជ្ញាចិត្តក្លាយជាការពិត ឬមានការអនុវត្ត។ មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា បច្ចុប្បន្ននេះ កង្វល់ ឬក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អ្នករកស៊ី និងអាណាព្យាបាលជាដើម គឺបញ្ហាបទល្មើសគ្រឿងញៀន បញ្ហាចោរកម្មលួច ឆក់ ប្លន់ និងល្បែងស៊ីសងមានកន្ទុយលេខ ល្បែងភ្នាល់បាល់ ឬជល់មាន់ជាដើម បានបន្តកើតមានអនាធិបតេយ្យ ហើយអាជ្ញាធរបង្ក្រាបមិនទាន់មានប្រសិទ្ធភាពទេ៖ «សំណូមពរដល់អភិបាលក្រុងព្រះសីហនុ ថ្មី មេត្តាជួយពិនិត្យមើលនៅតាមឆ្នេរសមុទ្រទាំងអស់ និងជួយទប់ស្កាត់កុំឲ្យអ្នកមានអំណាច ឬឈ្មួញហ៊ុមព័ទ្ធរបងបិទយកធ្វើជាកម្មសិទ្ធិឯកជនជាបន្តទៀត។ ជាងនេះ ត្រូវបើករបងហ៊ុមព័ទ្ធឆ្នេរសមុទ្រខេត្តព្រះសីហនុ រាល់ថ្ងៃនេះ ឲ្យភ្ញៀវទេសចរចេញចូលទស្សនាជាសាធារណៈឡើងវិញ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតទៅតាមសមត្ថភាពរៀងៗខ្លួន»។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធ សង្កត់ធ្ងន់ថា បទល្មើសទាំងនេះ ទោះបីកន្លងមកសមត្ថកិច្ចពាក់ព័ន្ធមាននគរបាល ឬកងរាជអាវុធហត្ថជាដើម ខិតខំប្រឹងប្រែង និងចាប់បានជនល្មើសមួយចំនួនបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស និងឃុំខ្លួនបែបណាក្តី ក៏ប៉ុន្តែតាមការសម្គាល់ បទល្មើសទាំងនោះបានបន្តកើតមាន និងមានសញ្ញាគួរឲ្យព្រួយបារម្ភ។
ទោះយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្សរូបនេះបានទទួលស្គាល់ថា ចាប់តាំងពីខេត្តព្រះសីហនុ មានការផ្លាស់ប្ដូរតួនាទីអភិបាលខេត្ត និងស្នងការនគរបាលក្នុងអាណត្តិទី៥ រួចមក ឃើញមានការផ្លាស់ប្ដូរសកម្មភាពដឹកនាំ និងមានការសាទរច្រើនពីប្រជាពលរដ្ឋ។
ស្រដៀងគ្នាដែរ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (adhoc) ខេត្តព្រះសីហនុ ក៏បានកត់សម្គាល់ថា ពិតជាមានការផ្លាស់ប្ដូរសកម្មភាពការងារដឹកនាំ មានភាពរីកចម្រើនខ្លះៗនៅក្នុងអាណត្តិទី៥ នេះ ប៉ុន្តែភាពអសកម្មដែលបន្សល់ទុកពី ៤អាណត្តិមុនៗ មានទំនាស់ដីធ្លីជាដើម ថ្នាក់ដឹកនាំខេត្តនេះនៅមិនទាន់ដោះស្រាយជូនពលរដ្ឋបានច្រើនទេ។
បញ្ហានេះ អ្នកស្រីអះអាងថា ប៉ុន្មានអាណត្តិនៃការដឹកនាំរបស់ថ្នាក់ដឹកនាំមុនៗនៃខេត្តព្រះសីហនុ គឺបានបង្កើតឲ្យមានទំនាស់ដីធ្លីកើតមានច្រើនករណី ហើយស្ថាប័នសមត្ថកិច្ច តែងប្រើហិង្សាគំរាមបង្ក្រាបចាប់ពលរដ្ឋដែលហ៊ានចេញមុខតវ៉ាលើទំនាស់ដីធ្លី ដាក់គុកច្រវាក់ ដោយប្រើប្រព័ន្ធតុលាការជាបន្តបន្ទាប់។
យ៉ាងណា អ្នកស្រី ជៀប សុធារី មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ខេត្តព្រះសីហនុ មានក្តីរំពឹងថា នាថ្ងៃអនាគត ខេត្តនេះនឹងមានថ្នាក់ដឹកនាំដែលមានឆន្ទៈជួយដោះស្រាយកង្វល់ជូនពលរដ្ឋដោយសន្តិវិធី និងយកច្បាប់មកអនុវត្តឲ្យបានស្មើភាពរវាងអ្នកមានទ្រព្យធន អ្នកមានអំណាច និងអ្នកក្រខ្សត់ជាមិនខាន ព្រោះកន្លងមកនេះ ទង្វើឃុបឃិតរំលោភប្លន់ដីប្រជាពលរដ្ឋក្រីក្រពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យធន ដោយមានការឃុបឃិតជាប្រព័ន្ធពីមន្ត្រីនៅតាមស្ថាប័នខ្លះនាខេត្តព្រះសីហនុ បង្កើតឲ្យមានទំនាស់ដីធ្លីរ៉ាំរ៉ៃមិនទាន់ដោះស្រាយរួចជិត ២០សហគមន៍៖ «ខ្ញុំមិនទាន់ទុកចិត្តចំពោះការប្ដេជ្ញាចិត្តនេះប៉ុន្មានទេ ព្រោះកន្លងមកនៅខេត្តព្រះសីហនុ នេះជាខេត្តទេសចរណ៍ ហើយក៏កើតមានបញ្ហាអសន្តិសុខ និងគ្រឿងញៀនកើតឡើងច្រើនកន្លងមក ជាពិសេសបទល្មើសនេសាទ ក៏កំពុងកើតមានដោយគ្មានសមត្ថកិច្ចពីស្ថាប័នណាមួយទប់ស្កាត់ទេ»។
ទោះជាបែបនេះក្តី មន្ត្រីសិទ្ធិមនុស្សរូបនេះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិសេសថ្នាក់ដឹកនាំស្ថាប័ននគរបាល និងកងរាជអាវុធហត្ថនៅឆមាសទី២ ឆ្នាំ២០១៥ បានបង្ហាញស្នាដៃរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរមានភាពប្រសើរឡើង។
ទាក់ទិនបញ្ហានេះ អាណាព្យាបាលមួយចំនួនរស់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ក្រោយមានការផ្លាស់ប្ដូរតំណែងថ្នាក់ដឹកនាំស្ថាប័នមួយចំនួននាមូលដ្ឋាននេះ មន្ត្រីទាំងនោះតែងបានអួតអាងអំពីការខិតខំប្រឹងប្រែងបំពេញការងារតែរៀងៗខ្លួន ប៉ុន្តែការអះអាងនោះ មានតែនៅលើបបូរមាត់ទេ ហើយភាពអសកម្មមានដូចជា បញ្ហាគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម គឺគ្មានអ្វីផ្លាស់ប្ដូរជាដុំកំភួនទេ ហើយបទល្មើសទាំងនោះនៅតែបន្តកើតមាន និងកើតមានក្បែរៗច្រមុះសមត្ថកិច្ចជំនាញថែមទៀត។ អាណាព្យាបាលទាំងនេះ បានរិះគន់ថា កង្វល់ ឬការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ក្រុមអាជីវករ ខេត្តព្រះសីហនុ បច្ចុប្បន្ន គឺបញ្ហាចោរឆក់ ចោរលួចកាច់កម៉ូតូ គាស់ផ្ទះ ប្លន់ បញ្ហាប្រើប្រាស់ ឬជួញដូរគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
ទោះជាបែបនេះក្តី លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិយាយប្រាប់វិទ្យុអាស៊ីសេរី នៅមុនពិធីផ្លាស់ប្ដូរតួនាទីអភិបាលក្រុង និងអភិបាលរងខេត្តព្រះសីហនុ ថាចាប់ពីចុងខែកក្កដា មកដល់ថ្ងៃទី៧ ខែសីហា កម្លាំងខ្លួនបានកំណត់មុខសញ្ញា និងចាប់បានជនសង្ស័យជួញដូរគ្រឿងញៀន ពិសេសជនសង្ស័យបាញ់ប្លន់កក្រើកខេត្តព្រះសីហនុ នាពេលកន្លងមកចំនួន ៥នាក់ បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស និងឃុំខ្លួនបណ្ដោះអាសន្ន។ លោកសង្កត់ធ្ងន់ថា មុខសញ្ញាមេខ្លោងនៃក្រុមចោរប្លន់ប្រដាប់អាវុធ និងមេខ្លោងចរាចរគ្រឿងញៀនដែលតែងធ្វើសកម្មភាពនាខេត្តព្រះសីហនុ នឹងឈានដល់បំបែកសំណុំរឿងនេះក្នុងពេលដ៏ឆាប់។
លោក ហេង ប៊ុនទី បន្ថែមថា បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញរបស់លោកកំពុងបន្តនីតិវិធី និងកំណត់មុខសញ្ញាជនល្មើសក្នុងបទល្មើសគ្រឿងញៀន និងបទល្មើសប្លន់ប្រដាប់អាវុធដោយយកចិត្តទុកដាក់បំផុត។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ថ្លែងថា នឹងរង់ចាំមើលស្នាដៃរបស់អភិបាលក្រុងថ្មី និងអភិបាលរងថ្មីខេត្តព្រះសីហនុ និងការបង្ហាញស្នាដៃរបស់ថ្នាក់ដឹកនាំនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ អាចអនុវត្តរក្សាសន្តិសុខ ឬជួយជំរុញឲ្យខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះមានការរីកចម្រើន និងមានការផ្លាស់ប្ដូរត្រឹមកម្រិតណានាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
