សារមន្ទីរជាតិភ្នំពេញ បានទទួលវត្ថុបុរាណចំនួន ១១ដុំបន្ថែមទៀត ក្រោយពីប្រធាននៃក្រុមហ៊ុនមួយរបស់ប្រទេសន័រវែស យកមកប្រគល់ឲ្យកម្ពុជា វិញ។ ពាណិជ្ជកររូបនេះ បានប្រមូលវត្ថុបុរាណទាំងនេះជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែក្រោយពេលឃើញភាពមិនប្រក្រតី ទើបសម្រេចប្រគល់ឲ្យម្ចាស់ដើមវិញ។
វត្ថុបុរាណទាំង១១ គឺជាសម្បត្តិឯកជនរបស់ប្រធានក្រុមហ៊ុន អាតត្លាសឃ្លីនីកែន (Atlasklinikken) របស់ន័រវេសន៍ (Norway) ដែលបានមកពីការប្រមូលទុកផ្ទាល់ខ្លួនរបស់លោក។ លោក ម័រធិន បូស្ទ័ររូដ (Morten Bosterud) ប្រធានក្រុមហ៊ុននេះ បានប្រគល់វត្ថុបុរាណខ្មែរទាំងនេះជាផ្លូវការនៅសារមន្ទីរជាតិភ្នំពេញ។
ការប្រគល់វត្ថុបុរាណឲ្យកម្ពុជា វិញ បន្ទាប់ពី លោក ម័រធិន ដឹងថា វត្ថុបុរាណដែលលោកបានទិញ និងប្រមូលទុកទាំងនេះ បានមកដោយការជួញដូរខុសច្បាប់។
វត្ថុបុរាណទាំង១១ មានពីរប្រភេទ គឺវត្ថុបុរាណខ្មែរចំនួនពីរដុំ រួមមាន ព្រះកេសព្រះឥសូរ សម័យអង្គរ សតវត្សទី៩ រចនាបថព្រះគោ និងព្រះកេសទេពភេទប្រុស សម័យអង្គរចុងសតវត្សទី១២ និងដើមសតវត្សទី១៣ រចនាបថបាយ័ន។ ចំណែកវត្ថុបុរាណប្រាំបួនដុំទៀត ជាវត្ថុសិល្បៈដែលពុំមែនជាវត្ថុបុរាណពិតទេ រួមមានផ្ដែរចម្លាក់ ចម្លាក់លៀនរូបអប្សរា និងចម្លាក់លោតរូបព្រះឥសូរ។
បន្ទាប់ពីបានដើរមើលសារមន្ទីរជាតិនៅមុនពេលកម្មវិធីប្រគល់វត្ថុបុរាណចាប់ផ្ដើម លោក ម័រធិន និយាយថា ការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា គឺជាការសម្រេចចិត្តត្រឹមត្រូវរបស់លោក។ លោកបានស្នើឲ្យមន្ត្រីកម្ពុជា ថែរក្សាវត្ថុបុរាណដែលលោកប្រគល់មកឲ្យកម្ពុជា វិញ ហើយស្នើឲ្យដាក់បង្ហាញដល់សាធារណជនបានឃើញ និងសិក្សាស្រាវជ្រាវ។ លោក ម័រធិន ក៏បញ្ជាក់ថា លោកមិនមែនប្រគល់វត្ថុបុរាណក្នុងនាមជាម្ចាស់ជំនួយអ្វីនោះទេ តែលោកធ្វើនេះក្នុងនាមជាអ្នកប្រគល់របស់ឲ្យម្ចាស់ដើមវិញប៉ុណ្ណោះ។ លោកបន្ថែមថា នេះជាលើកទីមួយសម្រាប់លោក ដែលមកទស្សនាប្រទេសកម្ពុជា៖ «ខ្ញុំសង្ឃឹមថា នេះជំហានទីមួយសម្រាប់ខ្ញុំ ដើម្បីធ្វើជាមិត្តជាមួយប្រជាជនកម្ពុជា និងជាមួយរដ្ឋាភិបាលកម្ពុជា»។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា អះអាងថា ដោយសារសង្គ្រាមស៊ីវិល សម្បត្តិវប្បធម៌កម្ពុជា ត្រូវបានបាត់បង់ និងត្រូវជួញដូរដោយខុសច្បាប់។ ជាក់ស្ដែង វត្ថុបុរាណពីរដុំ ដែលត្រូវបានប្រគល់ត្រឡប់មកវិញ ត្រូវបានបាត់បង់ពីប្រទេសកម្ពុជា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ អ្នកស្រីថ្លែងថា កម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះ លោក ម័រធិន ដែលប្រគល់វត្ថុបុរាណខ្មែរមកឲ្យកម្ពុជា វិញនេះ៖ «ការសម្រេចចិត្តប្រកបដោយក្ដីមេត្តា លោក ម័រធិន និងភរិយារបស់លោក ដើម្បីប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា វិញ ឆ្លុះបញ្ចាំងពីការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់ ដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តដាក់បំផុតលើបញ្ហានេះ។ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណ លោក ម័រធិន នូវទង្វើរបស់លោក ដែលជាគំរូល្អមួយសម្រាប់ឲ្យអ្នកដទៃប្រគល់វត្ថុបុរាណមកឲ្យម្ចាស់ដើមវិញ»។
អ្នកស្រី ភឿង សកុណា រំឭកថា កម្ពុជា ត្រូវបានចាត់ទុកជា ព្រះរាជាណាចក្រនៃវប្បធម៌ ផ្អែកតាមប្រវត្តិសាស្ត្រពីអតីតកាលដែលមានវប្បធម៌ចម្រុះ សម្បូរបែប និងទូលំទូលាយ។
កាលពីខែឧសភា ឆ្នាំ២០១៥ សារមន្ទីររបស់សហរដ្ឋអាមេរិក បានប្រគល់រូបចម្លាក់ហនុមាន សតវត្សទី១០ មកកម្ពុជា វិញ បន្ទាប់ពីបានទិញពីឈ្មួញក្នុងឆ្នាំ១៩៨២។
អនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការយូណេស្កូ (UNESCO) ដែលមានប្រទេសហត្ថលេខីចំនួន១២៨ ស្ដីពីការហាមឃាត់ និងការពារមិនឲ្យមានការនាំចេញ និងនាំចូលវត្ថុបុរាណ ចែងថា រាល់វត្ថុបុរាណទាំងអស់ ត្រូវប្រគល់ជូនប្រទេសម្ចាស់ដើមវិញ។ កម្ពុជា បានចុះហត្ថលេខាទទួលយកអនុសញ្ញានេះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
