ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា​មិន​មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល​ទេ

0:00 / 0:00

អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ច្រាន​ចោល​ព័ត៌មាន​ដែល​ថា មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល ទៅ​ជា​ឆ្នេរ​សម្ដេច​តេជោ​សែន ក្នុង​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ របស់​រដ្ឋាភិបាល។

​ការ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​របស់​មន្ត្រី​រដ្ឋាភិបាល​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មតិ​រិះគន់​ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ ពិសេស​ក្រុម​យុវជន​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា ជូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ សាធារណជន ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ជ្រាប​ថា កន្លង​មក​មាន​លេច​ឮ​ព័ត៌មាន និង​មាន​ការ​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មាន​ការ​កែប្រែ​ឈ្មោះ​ឆ្នេរ​អូរឈើទាល ទៅ​ជា​ឆ្នេរ​សម្ដេច​តេជោ​សែន​ជំនួស​វិញ។ ក្នុង​ន័យ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ទាំង​រាជ​រដ្ឋាភិបាល​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ទាំង​ថ្នាក់​ជាតិ និង​ខេត្ត ពុំ​មាន​ផែនការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​ដែល​មាន​ស្រាប់​ក្នុង​ខេត្ត​នេះ​ទេ។

​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ សាធារណជន ឬ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ កុំ​ឲ្យ​យល់​ច្រឡំ​ទៅ​លើ​ព័ត៌មាន​ថា មាន​ការ​កែប្រែ​ឈ្មោះ​ឆ្នេរ​អូរឈើទាល​ឲ្យ​សោះ ព្រោះ​ជា​ព័ត៌មាន​មិន​ពិត​ទេ។

​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​វិស័យ​ឯកជន បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បើក​សម្ពោធ​គម្រោង​សាងសង់​ខ្លោងទ្វារ​ច្រក​ចូល​ឆ្នេរ​សមុទ្រ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ហើយ​ឆ្នេរ​អូរឈើទាល ត្រូវ​សាធារណជន ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សង្ស័យ​ថា បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ឆ្នេរ​សម្ដេច​តេជោ​សែន​ជំនួស​វិញ។ ត្រង់​ចំណុច​នេះ នាំ​ឲ្យ​មាន​ការ​រិះគន់​មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​មាន​គម្រោង​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល ដាក់​ជំនួស​ឈ្មោះ​ប្រមុខ​ដឹក​នាំ​នោះ​ទេ ប៉ុន្តែ​រាល់​ការ​ភ័ន្ត​ច្រឡំ​របស់​សាធារណជន និង​មាន​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​កន្លង​មក គឺ​ដោយសារ​តែ​អ្នក​ជំនាញ​គូរ​ប្លង់​នៃ​ខ្លោងទ្វារ​ចូល​ឆ្នេរ​សមុទ្រ​ដែល​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​លើ​គម្រោង​នេះ ត្រូវ​ស្ថាបត្យករ​ទាំង​នោះ​គូរ ឬ​ចេញ​ប្លង់ ហើយ​ដាក់​ឈ្មោះ​ទៅ​តាម​ការ​ពេញ​ចិត្ត ឬ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ពួក​គេ​តែ​ប៉ុណ្ណោះ ដែល​ករណី​នេះ ប្រមុខ​ដឹក​នាំ​មិន​បាន​ដឹង​ទេ៖ « តំបន់​ខ្លោងទ្វារ​នៅ​ឆ្នេរ​អូរឈើទាល ហ្នឹង អ្នក​គូរ​ប្លង់ ឬ​ស្ថាបត្យករ​ដែល​គូរ​គម្រោង​ប្លង់​យក​ទៅ​ប្រកួត​ប្រជែង​នៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គាត់​បាន​គូរ និង​ដាក់​ឈ្មោះ​តាម​ការ​ពេញ​ចិត្ត ឬ​យល់​ឃើញ​របស់​លោក ដោយ​ដាក់​ថា ឆ្នេរ​សម្ដេច​តេជោ​សែន ជំនួស​ឲ្យ​ឆ្នេរ​អូរឈើទាល។ ប៉ុន្តែ​ករណី​នេះ​មិន​មែន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​ទេ។ សូម​ឲ្យ​បង​ប្អូន​កុំ​យល់​ច្រឡំ ឆ្នេរ​អូរឈើទាល គឺ​នៅ​ដដែល​ទេ មិន​មាន​ដូរ ឬ​កែប្រែ​ឈ្មោះ​ដើម ហើយ​ដាក់​ជំនួស​ឈ្មោះ​ថ្នាក់​ដឹក​នាំ​នោះ​ទេ »

​បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ទស្សនៈ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ពួក​គេ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​កែប្រែ ឬ​ប្ដូរ​ឈ្មោះ​ឆ្នេរ​ដែល​មាន​ឈ្មោះ​ស្រាប់​ទៅ​ឈ្មោះ​ផ្សេង នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ទេ។

​ក្រុម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ប្រសិន​ជា​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ពិសេស​រដ្ឋាភិបាល ប្ដូរ​ឈ្មោះ​ឆ្នេរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ អាច​នាំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ដើម ឬ​បាត់បង់​កេរ​ដំណែល​របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​បន្សល់​ទុក។ ពួក​គេ​មាន​ចម្ងល់​ថា មន្ត្រី​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន មុន​នឹង​ចង់​ប្ដូរ​ឈ្មោះ​តំបន់ ឬ​ទីតាំង​ណា​មួយ គួរ​មាន​ការ​ពិគ្រោះ​យោបល់ ឬ​ឆ្លង​កាត់​ការ​ពិភាក្សា​គ្នា​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន ព្រោះ​នាំ​ឲ្យ​បាត់បង់​កិត្តិយស​ប្រមុខ​ដឹក​នាំ​ទៅ​វិញ​ទេ៖ « យើង​យល់​ថា ឆ្នេរ​អូរឈើទាល បើ​សិន​ជា​រដ្ឋាភិបាល​ដូរ​ទៅ​ជា​ឆ្នេរ​តេជោ​វិញ នឹង​បាត់បង់​អត្តសញ្ញាណ​ឆ្នេរ​អូរឈើទាល​ទៀត​នា​ថ្ងៃ​អនាគត។ ហើយ​ពលរដ្ឋ​នឹង​មាន​ការ​ភ័ន្ត​ច្រឡំ។ ខ្ញុំ​ចង់​ឲ្យ​រក្សា​ឈ្មោះ​ឆ្នេរ​ចាស់ ឲ្យ​នៅ​ដដែល ហើយ​បើ​ដូរ​ឈ្មោះ​ថ្មី​ខ្ញុំ​ពិបាក​ហៅ ហើយ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​គេ​ធ្លាប់​ស្គាល់​តែ​ឆ្នេរ​អូរឈើទាល​ទេ​កន្លង​មក។ សូម​ឲ្យ​រដ្ឋាភិបាល​រក្សា​ឈ្មោះ​ឆ្នេរ​អូរឈើទាល​ឲ្យ​នៅ​ដូច​ដើម​វិញ »

ស្រដៀង​គ្នា​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ច្រើន​ស្ថាប័ន​ទៀត ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​រក្សា​ឈ្មោះ​ដើម​ដែល​មាន​ស្រាប់​របស់​ឆ្នេរ ឬ​ទីតាំង​នីមួយៗ​ឲ្យ​គង់វង្ស ប្រសើរ​ជាង​លុប​បំបាត់។ អ្នកស្រី​បន្ត​ថា បើ​សិន​ជា​រដ្ឋាភិបាល ឬ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ស្ថាបនា​ឆ្នេរ​ថ្មី ហើយ​មិន​ទាន់​មាន​ឈ្មោះ គឺ​អាច​ដាក់​ឈ្មោះ​ថ្មី​ដោយ​បង្ហាញ​ពី​អត្តសញ្ញាណ​ជា​ខ្មែរ។

អ្នកស្រី សុធារី បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ទៅ​ថ្ងៃ​អនាគត ប្រទេស​កម្ពុជា មាន​ការ​ប្រែប្រួល ឬ​ឈាន​ដល់​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹក​នាំ​ប្រទេស ហើយ​សមិទ្ធផល​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន ត្រូវ​គេ​ប្ដូរ​ឈ្មោះ​ចោល គឺ​វា​អយុត្តិធម៌​សម្រាប់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន ដែល​ខិតខំ​កសាង​ស្នាដៃ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ទាំង​មូល។ ងាក​មក​ព័ត៌មាន​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល​វិញ អ្នកស្រី សុធារី សំណូមពរ​ថា រដ្ឋាភិបាល​មិន​គួរ​ប្ដូរ​ឈ្មោះ​ទីតាំង​ផ្សេងៗ ឬ​លុប​បំបាត់​អត្តសញ្ញាណ​របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​បន្សល់​ទុក​ចោល​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គួរ​តែ​រួម​គ្នា​អភិរក្ស និង​ថែ​រក្សា​កេរ​ដំណែល​គ្រប់​ជំនាន់​បន្សល់​ទុក​ឲ្យ​បាន​គង់វង្ស ទុក​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់៖ « ខេត្ត​ព្រះសីហនុ ពី​ដើម​ឡើយ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​នរោត្តម សីហនុ។ ហើយ​ទាក់ទង​ឆ្នេរ​អូរឈើទាល​វិញ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ស្គាល់​ឆ្នេរ​នេះ​ច្បាស់​ថា​ជា​ឆ្នេរ​អូរឈើទាល ហើយ​តំបន់​នេះ​មាន​អនុស្សាវរីយ៍​ជាច្រើន​ដែល​បន្សល់​ទុក​ពី​ជំនាន់​សម្ដេច​តា​ដឹក​នាំ​ប្រទេស មាន​ដូចជា​ថ្នល់​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​គេ​ឃុបឃិត​ជីក​កាយ​បំផ្លាញ​ភស្តុតាង​ចោល។ ដូច្នេះ​ការ​រក្សា​ឈ្មោះ​ដែល​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​តាំង​ពី​ដើម​រៀង​មក មិន​គួរ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឬ​បំផ្លាញ​វត្ថុ​តាង​ប្រវត្តិសាស្ត្រ​នេះ​ចោល​ទេ »

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ជា សុផារ៉ា បាន​បង្ហោះ​រូបភាព​នៃ​គម្រោង​ប្លង់​ខ្លោងទ្វារ​ច្រក​ចូល​ឆ្នេរ​សមុទ្រ​មួយ​ចំនួន មាន​ឆ្នេរ​អូរឈើទាល ជាដើម ដោយ​បញ្ជាក់​ថា ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦ ហើយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​សប្បុរសជន​ច្រើន​កុះករ។

​រូបភាព​មួយ​ក្នុង​​ចំណោម​រូបភាព​ជាច្រើន​សន្លឹក ឬ​ប្លង់ បាន​សរសេរ​ដាក់​ឈ្មោះ​ខ្លោងទ្វារ​ច្រក​ចូល​សមុទ្រ​នៃ​ឆ្នេរ​អូរឈើទាល​នា​ពេល​បច្ចុប្បន្ន ត្រូវ​ដាក់​ឈ្មោះ​ជា ឆ្នេរ​សមុទ្រ​សម្ដេច​តេជោ​សែន វិញ។

​ទោះ​បី​ជា​បែប​នេះ​ក្តី លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា បាន​បញ្ជាក់​ថា មិន​មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល ដោយ​ដាក់​ជំនួស​ឈ្មោះ​ប្រមុខ​ដឹក​នាំ​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​គម្រោង​គូរ​ប្លង់​របស់​ស្ថាបត្យករ​ដែល​គូរ​ប្លង់​ខ្លោងទ្វារ​ចូល​សមុទ្រ ដើម្បី​ប្រកួត​ប្រជែង​នៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា តែ​ប៉ុណ្ណោះ សូម​សាធារណជន​កុំ​យល់​ច្រឡំ៖ « វិស្វករ​គេ​គូរ​ស្រមើស្រមៃ និង​ចង់​ដាក់​ឈ្មោះ​ខ្លោងទ្វារ​ច្រក​ចូល​ទៅ​សមុទ្រ ដើម្បី​ប្រកួត​ប្រជែង​ដោយ​គេ​នឹក​ចង់​ដាក់​ឈ្មោះ​ឆ្នេរ​សម្ដេច​តេជោ​សែន ក៏​គេ​ដាក់​អ៊ីចឹង​ទៅ និង​មាន​ការ​បន្ទរ​ពី​អ្នក​ពេញ​ចិត្ត​ក៏​បាន​ដាក់​ថា​អ៊ីចឹង​ទៅ។ ប៉ុន្តែ​សម្រាប់​អ្នក​គេ​មិន​ពេញ​ចិត្ត ក៏​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់។ តែ​តាម​ការ​ពិត រឿង​នេះ​សម្ដេច​តេជោ​លោក​មិន​បាន​ដឹង​ទេ បើ​លោក​ដឹង នឹង​មាន​ការ​ខឹងសម្បា​ជាក់​ជា​មិន​ខាន​ទេ »

​ទាក់ទិន​បញ្ហា​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ពួក​គេ​តែ​រៀងៗ​ខ្លួន ដោយ​មាន​អ្នក​ខ្លះ​បាន​គាំទ្រ​ឲ្យ​មាន​ការ​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល ទៅ​ជា​ឆ្នេរ​សម្ដេច​តេជោ​សែន និង​មាន​សារ​ខ្លះ បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម ដែល​ពួក​គេ​សង្ស័យ​ថា​មាន​គម្រោង​ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរឈើទាល​នា​ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។