កម្មករ​រោងចក្រ​នូវខប​តវ៉ា​បិទ​ផ្លូវ​ទាមទារ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ

កម្មករ​រោងចក្រ ​នូវខប (Now Corp) ជាង​ ១ពាន់​នាក់​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤១​ នៅ​ព្រឹក​ថ្ងៃ​ទី៤ ធ្នូ នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ ឲ្យ​បញ្ឈប់​អ្នក​គ្រប់គ្រង​ក្នុង​រោងចក្រ​នោះ ស្នើ​សុំ​ដំឡើង​លុយ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ក្នុង​ម្នាក់​ ៤ពាន់​រៀល និង​សាងសង់​កន្លែង​ហូប​បាយ​ក្នុង​រោងចក្រ។

អ្នក​គ្រប់គ្រងបុគ្គលិក​ ៣​នាក់នោះ មាន​លោក ម៉េត វាសនា អ្នកគ្រប់គ្រង​ផ្នែក​ច្បាប់ លោក ម៉េត ប្រធាន​គ្រប់គ្រង​ទូទៅ (Production Manager) និង​លោក រិទ្ធ បុគ្គលិក​រដ្ឋបាល។

លោក ហេង សារឿន តំណាង​សហព័ន្ធ​សហជីព​មិត្ត​ភាព​កម្មករ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នៅ​ព្រឹក​ម៉ោង​ជាង ៧​ព្រឹក កម្មករ​បាន​បិទ​ផ្លូវ​មុខ​រោងចក្រ​ឆ្ពោះ​ទៅ​ស្ពាន​គុណគ្រូ ស្ថិត​នៅ​ភូមិ​ជើងអក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ បន្ទាប់​មក​លោក​អភិបាលស្រុក​អង្គស្នួល ក៏​បាន​ចុះ​អន្តរាគមន៍​សុំ​បើក​ផ្លូវ ដោយ​សន្យា​ថា នឹង​ជួយ​ដោះស្រាយ តែ​ត្រូវ​រង់​ចាំ​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​សិន។

នៅ​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់ កម្មករ​បាន​តវ៉ា​បិទ​ផ្លូវ​ម្ដង​ទៀត បន្ទាប់​ពី​គ្មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដូច​ការ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។