កម្មករ​រោងចក្រ​អូសេអង់​ព្រម​ផ្អាក​តវ៉ា​បណ្ដោះអាសន្ន​រង់ចាំ​ដំណោះស្រាយ

0:00 / 0:00

កម្មករ​ប្រមាណ ១​ពាន់​នាក់ នៃ​រោងចក្រ អូសេអង់ (Oceans) ព្រមព្រៀង​ផ្អាក​ការ​ទាមទារ​របស់​ខ្លួន​បណ្ដោះអាសន្ន ដោយ​ពួក​គេ​ត្រូវ​ឋិត​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់​មួយ​រយៈ ដើម្បី​រង់ចាំ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

ការ​ព្រមព្រៀង​នេះ កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​ការ​ចរចា​ជា​ថ្មី​ទៀត​រវាង​តំណាង​កម្មករ និង​ភាគី​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា នៅ​តែ​មិន​អាច​រក​ដំណោះស្រាយ​អោយ​សះ​ជា ហើយ​ភាគី​ទាំង​២​សម្រេច​បញ្ជូន​សំណុំ​រឿង​វិវាទ​នេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

ក្នុង​រយៈពេល​ចំនួន​១​អាទិត្យ ឬ ១០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ក្រុម​កម្មករ​រោងចក្រ អូសេអង់ បាន​យល់​ព្រម​នូវ​លក្ខខណ្ឌ​ដែល​អោយ​ពួក​គេ​ផ្អាក​ការ​តវ៉ា​តាម​គ្រប់​រូបភាព ជាពិសេស គឺ​ការ​ធ្វើ​បាតុកម្ម​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ។

ការ​សម្រេច​បញ្ជូន​សំណុំ​រឿង​ដោះស្រាយ​វិវាទ​ការងារ ទៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ចរចា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ រវាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ តំណាង​កម្មករ តំណាង​រោងចក្រ អូសេអង់ ក្រោម​ការ​សម្រប​សម្រួល​ពី​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ ខណ្ឌ​ពោធិ៍សែនជ័យ ភាគី​រោងចក្រ​នៅ​តែ​ផ្តល់​ប្រាក់​ខែ​ជូន​កម្មករ ១៥​ដុល្លារ រីឯ​កម្មករ​ទាមទារ​ពី ៥០% ទៅ ១០០% ដោយសារ​ការ​ព្យួរ​ការងារ​កម្មករ​ជាង ១.៦០០​នាក់ របស់​រោងចក្រ អូសេអង់ ធ្វើ​ឡើង​តក់​ក្រហល់។

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម នៃ​ក្រសួង​ការងារ លោក វង្ស សុវណ្ណ ថ្លែង​ថា ក្រសួង​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រប​សម្រួល​ទៅ​តាម​សំណើ​របស់​កម្មករ និង​ស្នើសុំ​ឲ្យ​ថៅកែ​យល់​ព្រម​តាម​ការ​ទាមទារ។ លោក​បន្ត​ថា ភាគី​ទាំង​២​សុំ​បញ្ជូន​សំណុំ​រឿង​វិវាទ​ការងារ ទៅ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដែល​អាច​ស្វែងរក​ដំណោះស្រាយ​បាន​លឿន៖ «ការ​ទាមទារ​របស់​បង​ប្អូន​យើង គាត់​នៅ​តែ​ទាមទារ​ឲ្យ​ប្រាក់​ឈ្នួល ១០០% ទៅ​លើ​ការ​ព្យួរ ប៉ុន្តែ​ខាង​និយោជក​គាត់​មិន​ទាន់​ឯកភាព​រឿង​ហ្នឹង ថា​សុំ​ចាំ​ទៅ​អាជ្ញា​កណ្ដាល​សិន។ អ៊ីចឹង​លទ្ធផល​ខាង​អាជ្ញា​កណ្ដាល​យ៉ាង​ណា​នោះ គឺ​បង​ប្អូន​យើង​គាត់​ឯកភាព​ថា នឹង​ទទួល​យក​តាម​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ហើយ។ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​គាត់​មាន​ការ​វិនិច្ឆ័យ​ល្អ​ជូន​ដល់​ភាគី​ទាំង​សង​ខាង»

កាល​ពី​ការ​ដោះស្រាយ​សប្ដាហ៍​មុន ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​បិទ​សំណុំ​រឿង​វិវាទ​នៅ​រោងចក្រ អូសេអង់ នេះ​ម្តង​រួម​មក​ហើយ ដោយសារ​តែ​ភាគី​រោងចក្រ​មិន​មាន​វត្តមាន​ក្នុង​អង្គ​សវនាការ។

រដ្ឋបាល​រោងចក្រ អូសេអង់ លោក ជឹម សុផាត ឲ្យ​ដឹង​ថា តំណាង​កម្មករ និង​ខាង​រោងចក្រ បាន​ឯកភាព​គ្នា​នៅ​ចំពោះ​មុខ​ការ​សម្រប​សម្រួល​របស់​មន្ត្រី​ក្រសួង​ការងារ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ សុំ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​សើរើ​ដោះស្រាយ​បណ្ដឹង​វិវាទ​ការងារ​រោងចក្រ អូសេអង់ ឡើង​វិញ។ លោក​បន្ត​ថា ការ​ចរចា​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​មិថុនា មិន​បាន​និយាយ​ពី​ប្រាក់​ខែ​រង់ចាំ​ការងារ ៥០% ឬ ១០០% នោះ​ទេ គ្រាន់​តែ​បាន​ឯកភាព​គ្នា​ឲ្យ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល៖ «បាន​និយាយ​គ្នា​ហើយ គឺ​គ្រាន់​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ទៅ​ដោះស្រាយ។ រឿង​ទាក់ទង​នឹង​គាត់​ស្នើ​លុយ​សុំ​អី​ទាក់ទង​ដូច​ពី​មុន យើង​អត់​បាន​និយាយ​ទាំងអស់»

តំណាង​កម្មករ និង​ជា​សហជីព​មូលដ្ឋាន លោក ឆេង ស៊ីណន ថ្លែង​ប្រាប់​កម្មករ​ថា ក្នុង​រយៈពេល​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល សហជីព​សុំ​ឲ្យ​កម្មករ​ផ្អាក​ការ​តវ៉ា​ប្រហែល​ជា​១​អាទិត្យ ទៅ ១០​ថ្ងៃ។ ប៉ុន្តែ​បើ​សិន​ការ​ដោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​មិន​ឆាប់​រហ័ស និង​មិន​យុត្តិធម៌ ក្រុម​កម្មករ​ងើប​តវ៉ា​ទ្រង់ទ្រាយ​ធំ៖ «រឿង​នេះ​ពួក​ខ្ញុំ​សង្ឃឹម​ថា ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នឹង​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​អ្វី​ដែល​ជា​ស្ថានភាព​ជាក់ស្តែង ដែល​បង​ប្អូន​គាត់​កំពុង​តែ​មាន​ទុក្ខ​កង្វល់​ពី​អ្វី​ដែល​ក្រុមហ៊ុន​គាត់​ព្យួរ​ការងារ ដែល​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ»

នៅ​ខាង​ក្នុង​រោងចក្រ អូសេអង់ មាន​ក្រុម​កម្មការិនី​ច្រើន​រយ​នាក់​បាន​សម្រាក​ក្នុង​រោងចក្រ។ ពួក​គេ​អះអាង​ថា ជួយ​ការពារ​ម៉ាស៊ីន​ដេរ​ដែល​ជា​ប្រាក់​សំណង​របស់​គេ ប្រសិន​បើ​ខាង​រោងចក្រ​ចាញ់​ក្តី។

រដ្ឋបាល​រោងចក្រ អូសេអង់ លោក ជឹម សុផាត ឲ្យ​ដឹង​ថា រោងចក្រ អូសេអង់ បាន​ដំណើរ​ការ​ដេរ​ខោអាវ​ម៉ាក​ល្បីៗ​ប្រមាណ​ជា ១៥​ឆ្នាំ​មក​ហើយ មាន​កម្មករ ១.៦០០​នាក់ បាន​ធ្វើ​ការ​ឲ្យ​រោងចក្រ​តាំង​ពី​ទីតាំង​ចាស់​នៅ​ជិត​មន្ទីរពេទ្យ​រុស្ស៊ី។

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា តម្លៃ​ឈ្នួល​ពលកម្ម​របស់​ពួក​គេ ១០៤​ដុល្លារ​ក្នុង​១​ខែ ថោក​ជាង​រោងចក្រ​ដែល​នៅ​សង​ខាង​រោងចក្រ អូសេអង់ នេះ។ ទោះ​បី​ប្រាក់​ខែ​តិច ពួក​គេ​បាន​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៤ ទើប​ថៅកែ​ព្យួរ​ការងារ ដោយ​មិន​បាន​ប្រកាស​ប្រាប់​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។