ប្រភពពីសាក្សីដែលដឹងរឿងនោះ បានអះអាងថា ជនជាតិអាមេរិកាំង ដើមកំណើតវៀតណាម ម្នាក់ ឈ្មោះ ង្វៀន បាងកុង (Nguyen Bang cong) អាយុ ៥៨ឆ្នាំ មកពីរដ្ឋបូស្តុន (Boston) នៃសហរដ្ឋអាមេរិក ត្រូវជនជាតិវៀតណាម មួយក្រុមទៀតតាមចាក់ជាច្រើនកាំបិត នៅក្នុងទីផ្សារសាមគ្គី សង្កាត់ស្លក្រាម នៃទីរួមខេត្តសៀមរាប បណ្ដាលឱ្យរងរបួសធ្ងន់។ ក៏ប៉ុន្តែ នៅពេលកើតហេតុ គឺមានជនជាតិខ្មែរខ្លះដែលនៅក្បែរនោះបានជួយវាយច្រានក្រុមដៃដល់ បណ្ដាលឱ្យពួកគេរត់គេចខ្លួនភ្លាមៗ៖ «ចាក់ចំបេះដូង ៣កាំបិត ប៉ុន្តែចាក់ហ្នឹងចូលអត់បានជ្រៅទេ។ អត់ដឹងអ្នកណាទេ ប៉ុន្តែយើងស្រាវជ្រាវដល់ពេលប៉ូលិសចាប់អត់បាន វាមិនដឹងធ្វើយ៉ាងម៉េច?»។
ប្រភពពីសាក្សី បានឱ្យដឹងថា គេបានដឹងអំពីតម្រុយនៃអ្នកបញ្ជាឱ្យទៅធ្វើឃាតនោះ ក៏ប៉ុន្តែ គេកំពុងប្រមូលភស្តុតាងមួយចំនួនថែមទៀត ដើម្បីដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចខេត្តសៀមរាប។
បុរសឈ្មោះ ង្វៀន បាងកុង គឺជាវៀតណាម សេរី ដែលបានមកខេត្តសៀមរាប ក្នុងបំណងជួយឧបត្ថម្ភមូលនិធិមនុស្សធម៌ដល់ក្រុមវៀតណាម សេរីមួយចំនួន។ គេសង្ស័យថា អ្នកតាមធ្វើឃាតគាត់នោះ អាចជាក្រុមវៀតណាម កុម្មុយនីស្ត ដែលតាមព្យាបាទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។