ប្រភពពីនគរបាលនៃអធិការដ្ឋានស្រុកត្រពាំងប្រាសាទ ចម្ងាយជាង ១៤០គីឡូម៉ែត្រភាគខាងជើងពីទីរួមខេត្តឧត្តរមានជ័យ ឲ្យដឹងថា បុគ្គលិកដោះមីនរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ (CMAC) ម្នាក់ស្លាប់ និង ១៨នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តរបស់អង្គភាព ១គ្រឿង នៅរសៀលថ្ងៃទី២ ខែមីនា។
អធិការនគរបាលស្រុកត្រពាំងប្រាសាទ គឺលោក អ៊ិន កាយ។ លោកមានប្រសាសន៍កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃពុធ ទី២ ខែមីនា ថា រថយន្តរបស់អង្គភាពដោះមីនស៊ីម៉ាក់ ១គ្រឿង បានក្រឡាប់នៅលើផ្លូវជាតិក្នុងភូមិសាស្ត្រឃុំព្រះប្រឡាយ បណ្ដាលឲ្យបុគ្គលិកដោះមីនម្នាក់ស្លាប់ និង ១៨នាក់ផ្សេងទៀតរងរបួស។
សមត្ថកិច្ចនៅមិនទាន់រកឃើញមូលហេតុនៃការក្រឡាប់រថយន្តធុនធំ ១គ្រឿងនោះ ថាតើវាបណ្ដាលមកពីបញ្ហាអ្វីនៅឡើយទេ៖ « ផ្លូវ កៅស៊ូមិន គួរអីថាមានគ្រោះថ្នាក់ទេ។ ឡានស៊ី ម៉ាក់នោះគ្រាន់ តែបើក វាងប៉ុស្តិ៍បន្តិច ក៏ក្រឡាប់តែម្ដង មិនដឹងមូលហេតុអ្វី ? »។
អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ កំពុងបញ្ជូនមន្ត្រីប៉ូលិសជំនាញផ្នែកចរាចរណ៍ ឲ្យទៅត្រួតពិនិត្យរថយន្តរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលបានក្រឡាប់នោះ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់បានទទួលព័ត៌មានអំពីមូលហេតុនៃគ្រោះថ្នាក់យ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
