ការសិក្សាស្រាវជ្រាវរបស់អង្គការដែលកំពុងធ្វើការលើវិស័យអប់រំ រកឃើញថា កុមារដែលបោះបង់ការសិក្សា ឬនៅក្រៅសាលារៀន នៅតែមានតួលេខខ្ពស់នៅក្នុងប្រទេសកម្ពុជា។ មូលហេតុចម្បងដែលជំរុញឲ្យកុមារឈប់រៀននោះ គឺដោយសារភាពក្រីក្រ សាលានៅឆ្ងាយ កុមាររស់នៅអនាថា កុមារជនជាតិភាគតិច និងកុមារមានពិការភាពជាដើម។
ការបោះបង់ការសិក្សារបស់កុមារនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាដ៏ស្រួចស្រាល់ ដែលអង្គការសង្គមស៊ីវិលធ្វើការងារលើវិស័យអប់រំ ទទូចអោយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដែលជាសេនាធិការរបស់រដ្ឋាភិបាល រួមកម្លាំងគ្នាដើម្បីផ្ដល់ឱកាសដល់កុមារបោះបង់ការសិក្សា បានវិលចូលសាលារៀនឡើងវិញ។
ប្រធានអង្គការ អេដ អេ អាក់ស្យុង (Aide et Action) លោក វន សំភាស់ បានឲ្យដឹងថា ការសិក្សារកឃើញកុមារក្នុងចំណោម ៤គ្រួសារ គឺមានកុមារម្នាក់ដែលប្រឈមនឹងការបាត់បង់ឱកាសសិក្សារៀនសូត្រនោះ។ លោកបញ្ជាក់ថា មូលហេតុដែលក្មេងៗមិនបានចូលរៀននោះ មកពីភាពក្រីក្ររស់នៅតំបន់ដាច់ស្រយាល ខ្វះមធ្យោបាយធ្វើដំណើរ ហួសអាយុចូលរៀន កុមាររស់នៅអនាថាតាមដងផ្លូវ កុមារជនជាតិភាគតិចដែលមិនចេះភាសាខ្មែរ ហើយកុមារមានពិការភាព ខ្វះឧបករណ៍ជំនួយ និងសម្ភារៈស្តង់ដារជាដើម។
ទោះយ៉ាងណា ប្រធានអង្គការ អេដ អេ អាក់ស្យុង រូបនេះ ប្ដេជ្ញាថា នឹងរួមកម្លាំងគ្នាបន្ថែមទៀតដើម្បីបន្តអនុគម្រោងដៃគូរួមគ្នាផ្ដល់ឱកាសអប់រំ ដល់កុមារបាត់បង់ឱកាសនៅកម្ពុជា បានចូលរៀនឡើងវិញ តាមលទ្ធភាពដែលអាចធ្វើបាន៖ «កសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមានលទ្ធភាពបង្កលក្ខណៈឲ្យគុណភាពនៃការរៀន និងការបង្រៀននៅគ្រប់សាលាគោលដៅរបស់យើង កាន់តែប្រសើរ។ យើងដើរតួនាទីសំខាន់ដើម្បីតស៊ូមតិលើកកម្ពស់ការយល់ដឹងទៅដល់ស្ថាប័នរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធឪពុកម្ដាយ សហគមន៍ អំពីតម្លៃនៃការអប់រំ នៃការបញ្ជូនកូនឲ្យមកសាលារៀន»។

កុមារជាទំពាំងស្នងឫស្សី ដែលត្រូវការអប់រំ ចាប់ពីថ្នាក់បឋមសិក្សាជាថ្នាក់មូលដ្ឋានសំខាន់ក្នុងការកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទៅថ្ងៃអនាគត។
នាយកប្រតិបត្តិអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា លោក សៅ វណ្ណា មានប្រសាសន៍ថា បើទោះបីជាអង្គការសង្គមស៊ីវិលមានយុទ្ធនាការធំ ដើម្បីផ្ដល់ឱកាសអោយកុមារបានសិក្សាឡើងវិញតាមរយៈការផ្ដល់អាហារូបករណ៍ក្ដី ប៉ុន្តែតួលេខកុមារបោះបង់សាលានៅតែខ្ពស់គួរឲ្យព្រួយបារម្ភដដែល។ បញ្ហានេះ លោកថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តគោលនយោបាយអប់រំ អោយមានប្រសិទ្ធភាព៖ «រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដែរ ប៉ុន្តែវានៅតែមានតម្រូវការយកចិត្តទុកដាក់ខ្លាំងជាងហ្នឹងទៀត។ ឧទាហរណ៍ នៅក្នុងអន្តរាគមន៍មួយដែលគាត់និយាយថា កាត់បន្ថយការបោះបង់ចោលសាលា ក៏ប៉ុន្តែយើងមើលទៅវាអត់មានសកម្មភាពដើម្បីដោះស្រាយបញ្ហាទេ គ្រាន់តែជាផែនការ ប៉ុន្តែមើលទៅលើការអនុវត្តវានៅតែមានបញ្ហា»។
ទាក់ទិនបញ្ហានេះ ក្រសួងអប់រំយុវជន និងកីឡា នឹងត្រួតពិនិត្យល្អិតល្អន់ទៅលើគំហើញនានា នៃរបាយការណ៍ស្រាវជ្រាវបឋម និងការស្រាវជ្រាវថ្មីៗពីកុមារបាត់បង់ឱកាសទទួលបានការអប់រំ និងបន្តធ្វើការរួមគ្នាជាមួយអង្គការសមាជិកទាំងអស់នៃគម្រោងដៃគូរួមគ្នាផ្ដល់ឱកាសអប់រំ ដល់កុមារ។ ជាងនេះទៀត ក្រសួងថានឹងជួយជំរុញឲ្យកុមារយល់ដឹងអំពីសិទ្ធិរបស់ពួកគេក្នុងការទទួលបានការអប់រំ តាមរយៈការលុបបំបាត់ឧបសគ្គនានាដែលពួកគេជួបប្រទះ។
គិតត្រឹមមួយឆ្នាំមានកុមារនៅក្រៅសាលាចំនួន ១៥,០០០នាក់ បានចូលរៀនឡើងវិញតាមរយៈគម្រោងអនុវត្តរួមគ្នាដោយអង្គការជាតិ និងអន្តរជាតិចំនួន ២០ ដើម្បីផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។ សម្រាប់គម្រោង ៣ឆ្នាំកន្លះចាប់ពី ២០១៤ ដល់ ២០១៧ គម្រោងមួយនេះនឹងជួយឲ្យកុមារ ៥៧,០០០នាក់ បានទទួលការអប់រំដោយគ្របដណ្ដប់ទាំង ២៥ រាជធានី ខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។