សិស្សពូកែប្រឡងជាប់និទ្ទេសអេ (A) កាលពីឆ្នាំ២០១៤ ទាំង ១១រូប ជួបគ្នាដើម្បីរំលែកបទពិសោធន៍រៀនឲ្យពូកែ នៅថ្ងៃទី១៧ មិថុនា នៅសាកលវិទ្យាល័យអាមេរិកាំង ក្រុងភ្នំពេញ។ សិស្សពូកែទាំង ១១នាក់នោះ លើកឡើងនូវរបៀបរៀនផ្សេងៗគ្នា ដើម្បីជាគំនិតក្នុងការប្រកួតប្រជែងភាពពូកែ និងការប្រកួតប្រជែងការងារនៅពេលសមាហរណកម្មអាស៊ានដែលនឹងចូលជាធរមាននៅចុងឆ្នាំ២០១៥។
អតីតសិស្សពូកែនិទ្ទេសអេ (A) ទូទាំងប្រទេសនៅឆ្នាំ២០១៤ កញ្ញា សម្បត្តិ វិបុលរ័តុ្ន អះអាងថា ការកំណត់ឆន្ទៈនៃការចង់បានរបស់ខ្លួនឲ្យបានច្បាស់លាស់នៅពេលអនាគត ជាចំណុចស្នូលដែលជំរុញឲ្យយើងអាចរៀនបានពូកែ។ កញ្ញា សម្បត្តិ វិបុលរ័តុ្ន បច្ចុប្បន្នរៀនផ្នែកវិស្វករជាប់លេខ២ ក្នុងចំណោមសិស្ស ៨០០នាក់ នៅសាកលវិទ្យាល័យឯកជនមួយនៅក្រុងភ្នំពេញ។ កញ្ញាចែករំលែកបទពិសោធន៍សិក្សាបន្តថា កញ្ញាចូលចិត្តបរិស្ថាន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីអាចបំពេញក្តីប្រាថ្នារបស់ខ្លួន កញ្ញាក៏ចាប់មុខវិជ្ជាវិស្វករ។ កញ្ញាបន្តថា ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា នៅមិនទាន់ល្អនៅឡើយទេ ដូច្នេះកញ្ញាតាំងចិត្តថា អនាគតកញ្ញានឹងចូលរួមរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា ឲ្យល្អប្រសើរ៖ «ស្រឡាញ់ខាងបរិស្ថាន ដូច្នេះការរៀបចំបរិស្ថានឲ្យល្អ ក៏ជួយបរិស្ថានបានដែរ ដូចជាប្រព័ន្ធលូល្អ និងប្រព័ន្ធទឹកស្អាត ជាដើម»។
កញ្ញាបន្តថា ការបែងចែកពេលវេលាឲ្យបានច្បាស់លាស់ ចំណាយពេលពិភាក្សាគ្នាជាមួយនឹងមិត្តរួមថ្នាក់ និងការធ្វើលំហាត់ឲ្យបានច្រើន ក៏រឿងមួយដែលអ្នកសិក្សាទាំងអស់មិនអាចមើលរំលងបានឡើយ។ ចែករំលែកទាំងទឹកមុខញញឹមយ៉ាងជឿជាក់លើខ្លួនឯងក្នុងការសិក្សា កញ្ញានិយាយថា ពេលអស់កម្លាំងខ្លាំង កញ្ញាសម្រាកដោយមិនខ្វល់ពីអ្វីទាំងអស់។ ការជិះកង់កម្សាន្តពេលទំនេរ និងការមិនចំណាយពេលគេងច្រើន ក៏កត្តាធ្វើឲ្យកញ្ញារៀនបានពិន្ទុខ្ពស់ដែរ។
រីឯ លោក ផេង វ៉េងអាន អតីតសិស្សនិទ្ទេសអេ (A) ទូទាំងប្រទេសឆ្នាំ២០១៤ ដែរនោះ លើកឡើងថា ការមានវិន័យចំពោះខ្លួនឯងក្នុងការសិក្សា គឺជាវិធីសាស្ត្រដែលលោកប្រើដើម្បីក្លាយជាសិស្សពូកែ។ ជាមនុស្សមានភាពច្បាស់លាស់ និងចូលចិត្តជួយអ្នកដទៃ វ៉េងអាន ជានិស្សិតផ្នែកវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោកជាសិស្សរៀនបានលេខ៨ ក្នុងចំណោមនិស្សិត ៤០០នាក់។ ការចាប់មុខវិជ្ជាផ្នែកវេជ្ជសាស្ត្រ ព្រោះអនាគត លោកចង់បង្កើតមន្ទីរពេទ្យដ៏ល្អមួយសម្រាប់ជួយប្រជាជនក្រីក្រ ដែលខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺ។ ការសេពគប់មិត្តភក្ដិល្អ និងការមិនចំណាយពេលដើរលេងច្រើន ក៏ជាកត្តាដ៏ល្អប្រសើរ ដែលធ្វើឲ្យយើងចូលចិត្តរៀន និងរៀនបានពូកែ៖ «ខ្ញុំនឹងចូលរួមអភិវឌ្ឍសង្គម វិស័យសុខាភិបាលកម្ពុជា ឲ្យបានល្អប្រសើរ ព្រោះវិស័យសុខាភិបាលប្រទេសយើងបច្ចុប្បន្ន បើប្រៀបធៀបនឹងជិតខាង គឺយើងអន់។ ក្នុងនាមខ្ញុំជាយុវជន ខ្ញុំនឹងចូលរួមអភិវឌ្ឍវិស័យសុខាភិបាល»។
លោកនិយាយបែបវេជ្ជបណ្ឌិតថា ការរៀបចំពេលវេលាច្បាស់លាស់ល្អហើយ ប៉ុន្តែអ្វីដែលកាន់តែល្អនោះ គឺការតាំងចិត្តអនុវត្តអ្វីដែលយើងកំណត់ចេញឲ្យខានតែបាន ជារឿងសំខាន់បំផុតសម្រាប់អ្នកចង់ក្លាយជាសិស្សពូកែមិនត្រូវគេចវេស។
ទាក់ទងនឹងការសិក្សារបស់សិស្សនិទ្ទេសអេ (A) ទាំង ១១រូបនេះដែរ លោក ពុយ គា ទីប្រឹក្សាសាកលវិទ្យាល័យអាមេរិកាំង ប្រចាំកម្ពុជា អះអាងថា រដ្ឋាភិបាលបានឧបត្ថម្ភមួយឆ្នាំ ១.៥០០ដុល្លារដដែល និងផ្តល់ឱកាសឲ្យស្នាក់នៅអន្តេវាសិកដ្ឋានរយៈពេលបួនឆ្នាំ។ លោកបន្តថា ចាន់ ពិចិត្ត សិស្សនិទ្ទេសអេ (A) លំដាប់លេខ១ ប្រចាំកម្ពុជា បច្ចុប្បន្នបានទៅសិក្សាមុខវិជ្ជាពេទ្យនៅប្រទេសថៃ៖ «ដូច្នេះគាត់បានតស៊ូ នៅពេលគេដើរគាត់នាំគ្នារត់ ហើយរត់ហ្នឹងរត់យ៉ាងលឿន»។
លោកលើកឡើងថា សិស្សទាំង ១១រូបនេះ ដំបូងមានផលលំបាកក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងភាសាបារាំង។ ប៉ុន្តែបច្ចុប្បន្ន តាមរយៈការខិតខំសិក្សារបស់សិស្សជើងខ្លាំងនិទ្ទេសអេ (A) ទាំង ១១រូប លែងមានបញ្ហាផ្នែកភាសាបរទេសទៀតហើយ។
សិស្សនិទ្ទេសអេ (A) ទាំង ១១នាក់ ៧នាក់រៀននៅសាលាពេទ្យ ២នាក់រៀននៅសាកលវិទ្យាល័យអាមេរិកាំង និង ២នាក់ផ្សេងទៀតទៅសិក្សានៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។